អាមេរិក ប្តូរចិត្ត សម្រេចដកទណ្ឌកម្មលើការហោះហើររវាង អ៊ីរ៉ង់ និង អ៊ីរ៉ាក់ វិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ប្តូរចិត្ត សម្រេចដកទណ្ឌកម្មលើការហោះហើររវាង អ៊ីរ៉ង់ និង អ៊ីរ៉ាក់ វិញ

អាមេរិក ប្តូរចិត្ត សម្រេចដកទណ្ឌកម្មលើការហោះហើររវាង អ៊ីរ៉ង់ និង អ៊ីរ៉ាក់ វិញ

បាកដាដ ៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមហោះហើរឡើងវិញ ទៅកាន់ទីក្រុងដ៏ពិសិដ្ឋ របស់អ៊ីរ៉ាក់ បន្ទាប់ពីទទួលបានការលើកលែងទណ្ឌកម្មផ្នែកអាកាសចរណ៍ពីសហរដ្ឋអាមេរិក។

ការបន្ធូរបន្ថយនេះ បានកើតឡើង បន្ទាប់ពីមានការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ទៅលើក្រុមហ៊ុនអាកាសចរណ៍ អ៊ីរ៉ង់ ដែលជាផ្នែកមួយនៃការដាក់សម្ពាធលើសេដ្ឋកិច្ចរបស់ទីក្រុងតេហេរ៉ង់។

អ្នកយកព័ត៌មាន AFP បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់បានចាប់ផ្តើមជើងហោះហើរឡើងវិញ ទៅកាន់ទីក្រុង Najaf របស់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ការលើកលែងដល់ទីក្រុងបាកដាដ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលស្ថិតក្រោមការដាក់ទណ្ឌកម្ម អាចធ្វើប្រតិបត្តិការ ហោះហើរទៅកាន់ទីក្រុងដ៏ពិសិដ្ឋ សម្រាប់អ្នកកាន់សាសនាឥស្លាមនិកាយ Shia មួយនេះ។

លោក Hussein Muhanna មន្ត្រីប្រចាំព្រលានយន្តហោះ Najaf បានប្រាប់ AFP ថា «ជើងហោះហើររវាងប្រទេសអ៊ីរ៉ាក់ និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានចាប់ផ្តើមឡើងវិញតាមរយៈព្រលានយន្តហោះអន្តរជាតិ Najaf»។

ជើងហោះហើរដំបូងត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Caspian Airlines ដោយអ្នកយកព័ត៌មានរបស់ AFP ប្រចាំនៅព្រលានយន្តហោះបានរាយការណ៍ថា បានឃើញយន្តហោះចុះចតនៅម៉ោង ៥:១៥ ល្ងាច។

កាលពីថ្ងៃសុក្រ រដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសថា ខ្លួនទទួលបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ (លើកលែងតែក្រុមហ៊ុន Mahan Air) ធ្វើប្រតិបត្តិការជើងហោះហើរចំនួន ៤០ ជើងក្នុងមួយថ្ងៃ ទាំងទៅ និងមកពីទីក្រុង Najaf ដែលជាទីតាំងនៃទីសក្ការៈបូជាដ៏សំខាន់បំផុតមួយនៅក្នុងសាសនាឥស្លាមនិកាយ Shia។

កាលពីខែមុន ប្រទេសអ៊ីរ៉ាក់បានអនុវត្តការហាមឃាត់របស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ដែលធ្វើឱ្យអ្នកដំណើរជួបការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកដំណោះស្រាយ ជាពិសេសនៅព្រលានយន្តហោះ Najaf ដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់ជើងហោះហើរអ៊ីរ៉ង់ និងជាគោលដៅចម្បងរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់។

ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ភាគច្រើនដឹកជញ្ជូនអ្នកធម្មយាត្រានិកាយ Shia ទៅកាន់ទីក្រុងដ៏ពិសិដ្ឋនានារបស់អ៊ីរ៉ង់ ឬ ដឹកជញ្ជូនជនជាតិអ៊ីរ៉ង់ដែលមកទស្សនាទីកន្លែងសក្ការៈបូជានៅក្នុងប្រទេសអ៊ីរ៉ាក់។ ពួកគេក៏បម្រើដល់និស្សិតអ៊ីរ៉ាក់ដែលកំពុងសិក្សានៅអ៊ីរ៉ង់ និងអ្នកជំងឺដែលស្វែងរកការព្យាបាលនៅទីនោះផងដែរ។

សហរដ្ឋអាមេរិកក៏បានផ្តល់ការលើកលែងដល់ក្រុមហ៊ុន Iraqi Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់អ៊ីរ៉ាក់ ឱ្យធ្វើការហោះហើររវាងទីក្រុង Najaf និងអ៊ីរ៉ង់ផងដែរ ដោយជើងហោះហើរទាំងនេះត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅខែនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា