អ៊ុយក្រែន ត្រៀមប្រើប្រាស់មីស៊ីលបាញ់ដល់ទីក្រុងមូស្គូឆាប់ៗនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ត្រៀមប្រើប្រាស់មីស៊ីលបាញ់ដល់ទីក្រុងមូស្គូឆាប់ៗនេះ

អ៊ុយក្រែន ត្រៀមប្រើប្រាស់មីស៊ីលបាញ់ដល់ទីក្រុងមូស្គូឆាប់ៗនេះ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អះអាងថា មីស៊ីលផ្លោង FP-9 ដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារគោលដៅនៅជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងនោះ អាចនឹងត្រូវដាក់ឲ្យប្រើប្រាស់លើកដំបូងនៅខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ។

បើតាម RBC-Ukraine, មីស៊ីល FP-9 ត្រូវបានធ្វើទំនើបកម្មចេញពីមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ FP-7 ដែលអ៊ុយក្រែនទើបបានប្រើប្រាស់វាយប្រហាររុស្ស៊ីជាលើកដំបូងកាលពីដើមខែតុលានេះ ។

មីស៊ីល FP-9 ផលិតដោយក្រុមហ៊ុនការពារជាតិយក្សអ៊ុយក្រែន Fire Point ។ វាមានដងខ្លួនប្រវែងប្រហែល ៩ ម៉ែត្រកន្លះ និងអង្កត់ផ្ចិតជាង ១ ម៉ែត្រ ដែលប្រហាក់ប្រហែលនឹងមីស៊ីលផ្លោង ATACMS និងមីស៊ីលផ្លោង Iskander-M ។

មីស៊ីល FP-9 មានសមត្ថភាពវាយប្រហារគោលដៅក្នុងរយៈចម្ងាយចន្លោះពី ៨៥០ ទៅ ៨៥៥ គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់មានទម្ងន់រហូតដល់ ៨០០ គីឡូក្រាម ជាមួយនឹងកម្លាំងល្បឿនជាង ២ គីឡូម៉ែត្រក្នុងមួយវិនាទី ។

ក្រុមហ៊ុន Fire Point បានបង្ហើបឱ្យដឹងថា ការអភិវឌ្ឍមីស៊ីល FP-9 កំពុងឈានចូលដំណាក់កាលចុងក្រោយ ប៉ុន្តែត្រូវឆ្លងកាត់ការធ្វើតេស្តជាបន្តបន្ទាប់ មុនពេលដាក់ពង្រាយប្រយុទ្ធជាផ្លូវការ ។

លោកស្រី Iryna Terekh នាយកប្រតិបត្តិ Fire Point អះអាងថា ក្រុមហ៊ុនមានគោលដៅបញ្ចប់ការអភិវឌ្ឍមីស៊ីល FP-9 ទាំងស្រុងតែម្តង នៅត្រឹមចុងខែតុលា ឆ្នាំ ២០២៦ នេះ ។

លោកស្រីរំពឹងថា មីស៊ីលផ្លោងជំនាន់ថ្មី FP-9 នឹងជួយទីក្រុងកៀវបង្កើនសមត្ថភាពវាយប្រហារគោលដៅនៅជ្រៅក្នុងទឹកដីរុស្ស៊ី ខណៈក្រុមហ៊ុន Fire Point និយាយថា FP-9 អាចបាញ់ចេញពីទឹកដីអ៊ុយក្រែនហោះទម្លុះមេឃដល់រដ្ឋធានីមូស្គូ ៕

ប្រភព ៖ RBC-Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា