ឥណ្ឌូណេស៊ីប្រកាសបញ្ឈប់ការកាប់បំផ្លាញព្រៃឈើដើម្បីធ្វើស្រែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូណេស៊ីប្រកាសបញ្ឈប់ការកាប់បំផ្លាញព្រៃឈើដើម្បីធ្វើស្រែ

ឥណ្ឌូណេស៊ីប្រកាសបញ្ឈប់ការកាប់បំផ្លាញព្រៃឈើដើម្បីធ្វើស្រែ

ហ្សាកាតា ៖ ប្រទេសឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃអង្គារ ទី៦ ខែតុលា ថា ខ្លួននឹងបញ្ឈប់គម្រោងកាប់បំផ្លាញព្រៃឈើរាប់លានហិកតា ដើម្បីយកដីមកដាំស្រូវ ដោយលើកហេតុផលថា ប្រទេសនេះបានឈានដល់កម្រិតអាចផ្គត់ផ្គង់អង្ករបានដោយខ្លួនឯងហើយ។

បើតាម AFP, រដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធីមួយ ក្នុងឆ្នាំ២០២៤ ដើម្បីបញ្ឈប់ការពឹងផ្អែកលើការនាំចូលអង្ករក្នុងរយៈពេល៥ឆ្នាំ ដោយគ្រោងនឹងកាប់ឆ្ការដីទំហំ ៣ លានហិកតាសម្រាប់ធ្វើស្រែ។ ឥណ្ឌូណេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានផ្ទៃដីព្រៃឈើច្រើនជាងគេបំផុតនៅលើពិភពលោក ហើយជាប្រទេសដ៏គួរឲ្យកត់សម្គាល់ ក្នុងការស្រូបយកឧស្ម័នកាបូន ដែលបង្កឱ្យមានការឡើងកម្ដៅផែនដី កើតចេញពីសកម្មភាពរបស់មនុស្ស ក្នុងការដុតឥន្ធនៈហ្វូស៊ីល។

ឥណ្ឌូណេស៊ីមានគោលបំណងក្លាយជាប្រទេសដែលមានតុល្យភាពកាបូនវិជ្ជមាន ឬ net carbon sink នៅត្រឹមឆ្នាំ២០៣០ ពោលគឺព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀតអាចស្រូបយកកាបូនបានច្រើនជាងបរិមាណដែលបញ្ចេញ។

ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍បានលើកឡើងថា ការបន្តកាប់បំផ្លាញព្រៃឈើសម្រាប់វិស័យកសិកម្ម និងការកាប់ឈើ រួមទាំងបញ្ហាភ្លើងឆេះព្រៃដែលកើតឡើងយ៉ាងគំហុក អាចធ្វើឱ្យផែនការរបស់ឥណ្ឌូណេស៊ីប្រឈមនឹងហានិភ័យ។

លោក ប្រធានាធិបតី Prabowo Subianto បានចាត់ទុកថាវាជា «ជ័យជម្នះដ៏សំខាន់» នៅឆ្នាំនេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា តម្រូវការអង្ករទូទាំងប្រទេសត្រូវបានបំពេញ ដោយការផលិតក្នុងស្រុក នៅក្នុងប្រទេសដែលជាអ្នកប្រើប្រាស់អង្ករដ៏ធំបំផុតមួយរបស់ពិភពលោក។

លោក Hashim Djojohadikusumo ដែលជាបេសកជនទទួលបន្ទុកកិច្ចការអាកាសធាតុ បាននិយាយកាលពីថ្ងៃអង្គារថា ស្តុកអង្ករសម្រាប់បម្រុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលបានកើនឡើងដល់ប្រហែល ៥,៣ លានតោន។

លោក Hashim មានប្រសាសន៍ថា «រដ្ឋាភិបាលយល់ឃើញថា មិនចាំបាច់ពង្រីកផ្ទៃដីដាំស្រូវនៅក្នុងតំបន់ដែលត្រូវបានចាត់ទុកថាជាតំបន់ព្រៃឈើទៀតនោះទេ»។

លោកបានបន្ថែមថា រដ្ឋាភិបាលនឹងងាកមកផ្តោតលើ «វិធានការបង្កើនផលិតភាព» វិញ ដូចជា ការប្រើប្រាស់ពូជស្រូវដែលមានគុណភាពខ្ពស់ជាដើម ដើម្បីបង្កើនទិន្នផលស្រូវ។

គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើផ្ទៃដីព្រៃឈើប៉ុន្មានត្រូវបានប្រែក្លាយទៅជាស្រែរួចទៅហើយ មុនពេលគម្រោងនេះត្រូវបានបញ្ឈប់។

យោងតាមទីភ្នាក់ងារស្បៀងអាហារជាតិ ឬ National Food Agency ដែលជាស្ថាប័នរដ្ឋាភិបាលមានតួនាទីលើកកម្ពស់សន្តិសុខស្បៀង, ឥណ្ឌូណេស៊ីបានផលិតអង្ករ ចំនួន ៣៤,៧១ លានតោន នៅឆ្នាំ២០២៥ ដែលលើសពីតម្រូវការប្រចាំឆ្នាំ ចំនួន ៣១,១៩លានតោន។

ផ្សែងហុយដែលបណ្តាលមកពីភ្លើងឆេះព្រៃ និង តំបន់ដីពុកផុយ ឬ peatlands នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានគ្របដណ្តប់លើប្រទេសជិតខាងគឺម៉ាឡេស៊ី និងសិង្ហបុរី អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។

ដោយយោងលើហេតុផលបញ្ហាអាកាសធាតុក្តៅ និងស្ងួតដែលពាក់ព័ន្ធនឹងបាតុភូតអាកាសធាតុ El Niño, ក្រុមតស៊ូមតិ Mighty Earth បានស្វាគមន៍ចំពោះការប្រកាសរបស់លោក Hashim។

លោក Glenn Hurowitz ដែលជាស្ថាបនិកនៃអង្គការក្រៅរដ្ឋាភិបាលមួយនេះ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការសម្រេចចិត្តនេះបានស្តារឡើងវិញ នូវតួនាទីដឹកនាំរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការបង្ហាញពីរបៀបពង្រីកវិស័យកសិកម្ម ស្របពេលជាមួយគ្នានឹងការការពារធម្មជាតិ»។

លោកបានបន្ថែមថា «ការសម្រេចចិត្តនេះបង្កើតឱកាសសម្រាប់ការវិនិយោគទ្រង់ទ្រាយធំ ដើម្បីសម្រេចបាននូវគោលដៅរបស់ប្រធានាធិបតី Prabowo ក្នុងការស្តារឡើងវិញនូវផ្ទៃដីព្រៃឈើ និង ប្រព័ន្ធអេកូឡូស៊ីផ្សេងទៀត ដែលមានទំហំសរុប ១២ លានហិកតា»៕

ប្រភព ៖ AFP , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា