IMF ថា វិនិយោគលើ AI ជួយរក្សាកំណើនសេដ្ឋកិច្ចសកល តែ អាចជាស៊ូណាមិរំខានយ៉ាងខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
IMF ថា វិនិយោគលើ AI ជួយរក្សាកំណើនសេដ្ឋកិច្ចសកល តែ អាចជាស៊ូណាមិរំខានយ៉ាងខ្លាំង

IMF ថា វិនិយោគលើ AI ជួយរក្សាកំណើនសេដ្ឋកិច្ចសកល តែ អាចជាស៊ូណាមិរំខានយ៉ាងខ្លាំង

បរទេស ៖ ការវិនិយោគដ៏ខ្លាំងលើ AI ជួយរក្សាកំណើនសេដ្ឋកិច្ចពិភពលោក នៅកម្រិតប្រហែល ៣% ប៉ុន្តែ ក៏ជាសញ្ញាព្រមានអំពី រលកយក្សស៊ូណាមិកើតឡើងយឺតៗ ដែលអាចបង្កការរំខានយ៉ាងខ្លាំងដល់ទីផ្សារការងារ, ប្រព័ន្ធពន្ធដារ និង វិស័យអប់រំ។ នេះបើតាមការអះអាងរបស់លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF កាលពីថ្ងៃចន្ទ។

អំឡុងកិច្ចប្រជុំរយៈពេលមួយសប្តាហ៍របស់ IMF និង ធនាគារពិភពលោក ឬ World Bank ,លោកស្រី Kristalina Georgieva លើកឡើងថា «មិនថាអ្នកចូលចិត្ត ឬស្អប់ AI នោះទេ ប៉ុន្តែវាបានមកដល់ហើយ»។

លោកស្រីបន្តថា «ការផ្លាស់ប្តូរទៅរកល្បឿនកំណើនខ្ពស់ជាងមុននេះហើយ ដែលកំពុងជួយរក្សាកំណើនសេដ្ឋកិច្ចពិភពលោក ឱ្យនៅកម្រិតប្រហែល ៣% ទោះបីជាយើងកំពុងរងផលប៉ះពាល់អវិជ្ជមានពីវិបត្តិការផ្គត់ផ្គង់ថាមពលក៏ដោយ»។

បើតាម reuters, កាលពីខែកក្កដា មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងមានកម្រិត ៣% នៅឆ្នាំ ២០២៦។ ស្ថាប័ននេះនឹងចេញផ្សាយការព្យាករដែលធ្វើបច្ចុប្បន្នភាព នៅថ្ងៃអង្គារនេះ។

នៅពេលត្រូវបានសួរអំពីផលប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទៅលើការងារ, លោកស្រី Georgieva បានលើកឡើងថា ការសិក្សារបស់ IMF បង្ហាញថា ការងារប្រហែល ៤០% នឹងត្រូវផ្លាស់ប្តូរទម្រង់ ដូចជា ការបង្កើនប្រសិទ្ធភាព ឬ ការកាត់បន្ថយតួនាទី ឬ ត្រូវលុបបំបាត់ចោលដោយសារតែ AI ហើយតួលេខនេះអាចឡើងដល់ ៦០% នៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។

ស្ថានភាពនេះនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យការងារ, កំណើនសេដ្ឋកិច្ច ការអប់រំ និងសូម្បីតែរបៀបដែលរដ្ឋាភិបាលប្រមូលចំណូល តាមរយៈការយកពន្ធ ដោយសារតែការផ្លាស់ប្តូរដែលត្រូវបានរំពឹងទុកពីការប្រើប្រាស់កម្លាំងពលកម្ម ទៅជាការប្រើប្រាស់ដើមទុន។

គួរបញ្ជាក់ដែរថា មនុស្សប្រមាណ ១៨,០០០ នាក់ត្រូវបានរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំ របស់ IMF និង World Bank រួមទាំងមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសសមាជិកទាំង ១៩១ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ៕

ប្រភព ៖ reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា