អាស៊ាន កោះប្រជុំដោះស្រាយវិបត្តិ «ផ្សែងហុយឆ្លងដែន» ក្រោយពលរដ្ឋ អាស៊ាន ៣ ប្រទេស ជួបបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាស៊ាន កោះប្រជុំដោះស្រាយវិបត្តិ «ផ្សែងហុយឆ្លងដែន» ក្រោយពលរដ្ឋ អាស៊ាន ៣ ប្រទេស ជួបបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ

អាស៊ាន កោះប្រជុំដោះស្រាយវិបត្តិ «ផ្សែងហុយឆ្លងដែន» ក្រោយពលរដ្ឋ អាស៊ាន ៣ ប្រទេស ជួបបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ

ម៉ានីល ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន នឹងស្វែងរកដំណោះស្រាយចំពោះបញ្ហាផ្សែងហុយឆ្លងដែន នៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែលនឹងរៀបចំឡើងនៅខែក្រោយ ។ នេះបើតាមការប្រកាសរបស់ប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ាន ។

លោក Dominic Xavier Imperial អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីននិយាយនៅថ្ងៃអង្គារនេះថា បញ្ហាផ្សែងហុយឆ្លងដែននឹងស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនាខែវិច្ឆិកា ពោលគឺនៅមុនពេលដែលនឹងមានកិច្ចប្រជុំកំពូលរបស់អាស៊ាន ។

ការប្រកាសកោះប្រជុំពីសំណាក់ប្រធានអាស៊ានកើតមានឡើង ក្រោយពេលមានផ្សែងហុយចេញពីប្រទេសឥណ្ឌូណេស៊ី និងកំពុងធ្វើឲ្យប្រជាជននៅក្នុងបណ្តារដ្ឋជាសមាជិកចំនួន ៣ ប្រទេសដូចជា សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីខ្លួនឯងកំពុងជួបបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ។

បើតាម CNA, ភ្លើងឆេះព្រៃដែលបានឆាបឆេះអស់រយៈពេលជាច្រើនខែនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានធ្វើឱ្យប្រទេសជិតខាង ដូចជា សិង្ហបុរី និងម៉ាឡេស៊ី គ្របដណ្ដប់ទៅដោយផ្សែងអ័ព្ទក្រាស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

ស្ថានភាពនេះបានបណ្តាលឱ្យមានការកើនឡើងនូវបញ្ហាផ្លូវដង្ហើម នៅក្នុងប្រទេសទាំងបី និងបង្ខំឱ្យមានការបិទទ្វារសាលារៀន នៅតំបន់មួយចំនួន រួមទាំងរដ្ឋ Johor នៅភាគខាងត្បូងរបស់ប្រទេសម៉ាឡេស៊ី ផងដែរ ។

ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ី ដែលកំពុងស្វែងរកយន្តការថ្នាក់តំបន់ដែលមានប្រសិទ្ធភាពជាងមុន ដើម្បីដោះស្រាយបញ្ហានេះ បានអះអាងថា វិបត្តិផ្សែងហុយឆ្លងដែន ទាមទារឱ្យមានការយកចិត្តទុកដាក់ជាពិសេស ដោយសារតែបញ្ហានេះមិនត្រូវបានគ្របដណ្តប់ដោយយន្តការដែលមានស្រាប់របស់អាស៊ានសម្រាប់គ្រោះមហន្តរាយធម្មជាតិនោះទេ ។

សម្រាប់ឥណ្ឌូណេស៊ី, ភ្លើងឆេះព្រៃ ដែលភាគច្រើនកើតឡើង នៅលើកោះស៊ូម៉ាត្រា និង កោះបូណេអូ គឺជាហេតុការណ៍ដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេស មិនធ្លាប់មាន ក្នុងរយៈពេល ១១ឆ្នាំមកនេះ ៕

ប្រភព ៖ CNA_ Reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា