កូរ៉េខាងត្បូង ដំណើរការមូលដ្ឋានយោធា AI សម្រាប់បំពេញបេសកកម្មមានគ្រោះថ្នាក់ខ្ពស់ជំនួសទាហានជាមនុស្សពិតប្រាកដ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ដំណើរការមូលដ្ឋានយោធា AI សម្រាប់បំពេញបេសកកម្មមានគ្រោះថ្នាក់ខ្ពស់ជំនួសទាហានជាមនុស្សពិតប្រាកដ

កូរ៉េខាងត្បូង ដំណើរការមូលដ្ឋានយោធា AI សម្រាប់បំពេញបេសកកម្មមានគ្រោះថ្នាក់ខ្ពស់ជំនួសទាហានជាមនុស្សពិតប្រាកដ

សេអ៊ូល ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបើកដំណើរការមូលដ្ឋានយោធាបច្ចេកវិទ្យា AI ដំបូងបង្អស់ ដើម្បីបណ្តុះបណ្តាលជំនាញបញ្ជាមនុស្សយន្តមានរាងដូចមនុស្ស និងមនុស្សយន្តមានជើងច្រើន ឱ្យបំពេញបេសកកម្មយោធា ដែលមានគ្រោះថ្នាក់ខ្ពស់ជំនួសទាហានជាមនុស្សពិតប្រាកដ ។

កូរ៉េខាងត្បូងបានបើកសម្ពោធមូលដ្ឋានយោធា AI នេះនៅទីក្រុង Pangyo ភាគខាងត្បូងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃទី១២ ខែតុលា ដោយមានការចូលរួមពីមនុស្សប្រមាណ ១៥០ នាក់ រួមទាំងមន្ត្រីមកពីក្រសួងវិទ្យាសាស្ត្រ ក្រសួងឧស្សាហកម្ម និងក្រសួងការពារជាតិ ។

បើតាមកាសែតកូរ៉េ Yonhap, មូលដ្ឋានយោធា AI ដំបូងបង្អស់នេះ នឹងដើរតួនាទីប្រមូលទិន្នន័យ AI ផ្នែករូបវន្ត ក៏ដូចជាប្រើប្រាស់ម៉ូដែល AI ដើម្បីបណ្តុះបណ្តាលមនុស្សយន្តឱ្យអាចបំពេញភារកិច្ច រួមមាន ការដឹកជញ្ជូនសម្ភារៈទៅកាន់តំបន់គ្រោះថ្នាក់ ការដោះគ្រឿងផ្ទុះ និងបោសសម្អាតគ្រាប់មីនជាដើម ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា មានគោលបំណងអភិវឌ្ឍមូលដ្ឋានយោធា AI នេះ ឱ្យក្លាយជាមជ្ឈមណ្ឌលឈានមុខគេខាងបច្ចេកវិទ្យា AI ផ្នែករូបវន្ត និងពន្លឿនការធ្វើនវានុវត្តន៍វិស័យយោធា ដោយផ្សារភ្ជាប់បច្ចេកវិទ្យា AI របស់វិស័យឯកជន ជាមួយនឹងតម្រូវការប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ ។

បើតាមផែនការរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង, កងទ័ពនីមួយៗ និងអគ្គសេនាធិការចម្រុះហៅកាត់ (JCS) នឹងបង្កើតមូលដ្ឋានបច្ចេកវិទ្យា AI សរុបចំនួន ៥ កន្លែងទូទាំងប្រទេស ក្នុងនោះក៏រួមបញ្ចូលមូលដ្ឋានមួយនៅទីស្នាក់ការ JCS ក្នុងសង្កាត់ Yongsan នៃរដ្ឋធានីសេអ៊ូល ។

គំនិតផ្តួចផ្តើមបង្កើតមូលដ្ឋានយោធា AI នេះកើតឡើង ចំពេលដែលកូរ៉េខាងត្បូងកំពុងងាកទៅរកការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មកាន់តែខ្លាំងឡើង ដើម្បីដោះស្រាយបញ្ហាកង្វះខាតកម្លាំងយោធា ដែលបណ្តាលមកពីអត្រាកំណើតធ្លាក់ចុះ និងចំនួនប្រជាជនវ័យក្មេង ៕

ប្រភព ៖ Yonhap និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា