ជប៉ុន ដាក់មហិច្ឆតានាំយកសំណាកពីផ្ទៃព្រះចន្ទរបស់ភពអង្គារ មកកាន់ផែនដីនៅឆ្នាំ ២០៣២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ដាក់មហិច្ឆតានាំយកសំណាកពីផ្ទៃព្រះចន្ទរបស់ភពអង្គារ មកកាន់ផែនដីនៅឆ្នាំ ២០៣២

ជប៉ុន ដាក់មហិច្ឆតានាំយកសំណាកពីផ្ទៃព្រះចន្ទរបស់ភពអង្គារ មកកាន់ផែនដីនៅឆ្នាំ ២០៣២

តូក្យូ ៖ ប្រទេសជប៉ុនបានបញ្ចេញផែនការប្រកបដោយមហិច្ឆតាមួយ តាមរយៈការបញ្ជូនយានអវកាសទៅប្រមូលយកសំណាកថ្ម ឬធូលីដីឱ្យបានយ៉ាងហោចណាស់ទម្ងន់ ១០ ក្រាម ពីផ្ទៃព្រះចន្ទ Phobos របស់ភពអង្គារ មកកាន់ផែនដីវិញនៅឆ្នាំ២០៣២ ។

ផែនការប្រកបដោយមហិច្ឆតារបស់ជប៉ុននេះ គ្រោងនឹងចំណាយលុយអស់ជិត ៣៥០ លានដុល្លារ និងធ្វើឡើងក្នុងគោលបំណងបើកកាយអាថ៌កំបាំង អំពីប្រភពដើមនៃប្រព័ន្ធព្រះអាទិត្យ និងដើមហេតុនៃជីវិតលើផែនដី ព្រមទាំងសិក្សាពីលទ្ធភាពប្រើប្រាស់ព្រះចន្ទ Phobos ជា «ស្ថានីយអវកាសធម្មជាតិ» សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅភពអង្គារនាពេលអនាគត ។

បើតាម AP, ទីភ្នាក់ងារអវកាសជប៉ុន ហៅកាត់ JAXA កំពុងរៀបចំបាញ់បង្ហោះយានអវកាស Martian Moons eXploration ហៅកាត់ MMX នៅថ្ងៃទី២០ ខែតុលា នេះ ដោយប្រើប្រាស់រ៉ុក្តែតជំនាន់ថ្មី H3 ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ។

ភពអង្គារមានព្រះចន្ទវិលជុំវិញចំនួន ២ គឺព្រះចន្ទ Phobos និង Deimos ហើយយានអវកាស MMX រំពឹងនឹងចំណាយពេល ៣ ឆ្នាំ ដើម្បីសិក្សា និងប្រមូលទិន្នន័យពីផ្ទៃព្រះចន្ទ Phobos ដែលជាព្រះចន្ទធំជាងគេរបស់ភពដីក្រហមមួយនេះ ។

យោងតាមផែនការ, យានអវកាស MMX នឹងធ្វើដំណើរទៅដល់ក្បែរភពអង្គារនៅខែសីហា ឆ្នាំ២០២៧ ហើយនឹងបញ្ជូនយានរុករកតូចមួយមានឈ្មោះថា IDEFIX ដែលបង្កើតឡើងដោយបារាំង និងអាល្លឺម៉ង់ ទៅពិនិត្យផ្ទៃព្រះចន្ទ និងជួយកំណត់ទីតាំងសមស្រប មុនពេលយានមេចុះចតប្រមូលសំណាក ។

បន្ទាប់ពីប្រមូលបាន, សំណាកនឹងត្រូវដាក់ក្នុងកាប៊ីនការពារកម្ដៅ ដើម្បីនាំយកត្រឡប់មកកាន់ផែនដីវិញ ហើយគ្រោងនឹងចុះចតនៅប្រទេសអូស្ត្រាលីក្នុងអំឡុងឆ្នាំ២០៣២ ។

បេសកកម្មនេះដឹកនាំដោយប្រទេសជប៉ុន ប៉ុន្តែមានការចូលរួមបំពាក់ឧបករណ៍វិទ្យាសាស្ត្រពីទីភ្នាក់ងារអវកាសធំៗ រួមមានអង្គការ NASA របស់អាមេរិក, ទីភ្នាក់ងារអវកាស ESA របស់អឺរ៉ុប, CNES របស់បារាំង និង DLR របស់អាល្លឺម៉ង់ ។

គម្រោងខ្នាតធំនេះទៀតសោត នឹងក្លាយជាបេសកកម្មអវកាស ដែលធ្វើដំណើរទៅមកលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុន ឆ្ពោះទៅកាន់ព្រចន្ទរបស់ភពអង្គារ ៕

ប្រភព ៖ Associated Press ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា