កូរ៉េខាងត្បូង ចោទ កូរ៉េខាងជើង បង្កប់មីនជិត ១ លានគ្រាប់តាមព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ចោទ កូរ៉េខាងជើង បង្កប់មីនជិត ១ លានគ្រាប់តាមព្រំដែន

កូរ៉េខាងត្បូង ចោទ កូរ៉េខាងជើង បង្កប់មីនជិត ១ លានគ្រាប់តាមព្រំដែន

កូរ៉េខាងជើងបានដាក់មីនប្រហែល ៩៦ ម៉ឺនគ្រាប់ នៅតាមបណ្តោយតំបន់គ្មានយោធា ចាប់តាំងពីឆ្នាំ ២០២៤ មក ។ នេះបើយោងតាមទិន្នន័យយោធាកូរ៉េខាងត្បូងដែលត្រូវបានបង្ហាញនៅថ្ងៃសុក្រ ទី២៣ ខែតុលានេះ ។

បើតាម straitstimes, របាយការណ៍ស្តីពីការបង្កប់មីនជិត ១ លានគ្រាប់តាមព្រំដែននេះត្រូវបានបញ្ចេញ បន្ទាប់ពីកូរ៉េខាងត្បូងអះអាងកាលពីខែមុនថា មានទាហានរបស់ខ្លួនម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារផ្ទុះគ្រាប់មីនរបស់កូរ៉េខាងជើង នៅភាគខាងត្បូងនៃខ្សែបន្ទាត់កំណត់ព្រំដែនយោធា ។

ក្រោយមក កូរ៉េខាងត្បូងបានបាញ់គ្រាប់ព្រមានតបទៅកូរ៉េខាងជើងវិញដោយបង្កឲ្យភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងៗ ។

យ៉ាងណា ទីក្រុងព្យុងយ៉ាងបានតវ៉ា ចំពោះចំណាត់ការរបស់ទីក្រុងសេអ៊ូល ដោយអះអាងថា ការបាញ់គ្រាប់ព្រមានទាំងនោះ បានគំរាមកំហែងដល់សុវត្ថិភាពរបស់កងទ័ពខ្លួន ។

លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថ្លែងថា វិធានការតបតថ្មីៗត្រូវបានត្រៀមរួចរាល់ នៅតាមបណ្តោយព្រំដែនទាំងមូល ហើយឧបករណ៍បំពងសំឡេងដែលតម្រង់ទៅរកកូរ៉េខាងត្បូង ក៏នឹងត្រូវដាក់ឱ្យត្រៀមដំណើរការ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខផងដែរ ។

នេះជាសញ្ញាមួយបង្ហាញពីលទ្ធភាពនៃការចាប់ផ្តើមភាពល្អក់កកររវាងបងប្អូនកូរ៉េទាំងពីរ ជាពិសេសបន្ទាប់ពីលេចចេញរបាយការណ៍នៃការបង្កប់គ្រាប់មីនរបស់កូរ៉េខាងជើងនៅតាមតំបន់ព្រំដែនតែម្ដង ។

របាយការណ៍នោះបញ្ជាក់ទៀតថា ក្រៅពីការដាក់មីន, កងទ័ពកូរ៉េខាងជើងក៏បានកាប់ឆ្ការព្រៃ, សាងសង់របាំងការពារ, សាងសង់ផ្លូវសម្រាប់គោលបំណងយុទ្ធសាស្ត្រ និងដំឡើងរបងលួសបន្លា នៅតាមបណ្តោយព្រំដែនផងដែរ ។

ជាមួយគ្នានេះ ទីក្រុងព្យុងយ៉ាងក៏បានកាត់ផ្តាច់ផ្លូវថ្នល់ និងផ្លូវដែកដែលតភ្ជាប់កូរ៉េទាំងពីរនៅតាមច្រករបៀង Gyeongui និង Donghae ផងដែរ ៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា