អ៊ីរ៉ង់ ថា ទោះមានសង្គ្រាមជុំថ្មី ក៏ក្រុងតេហេរ៉ង់មិនផ្លាស់ប្តូរជំហរដាច់ខាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា ទោះមានសង្គ្រាមជុំថ្មី ក៏ក្រុងតេហេរ៉ង់មិនផ្លាស់ប្តូរជំហរដាច់ខាត

អ៊ីរ៉ង់ ថា ទោះមានសង្គ្រាមជុំថ្មី ក៏ក្រុងតេហេរ៉ង់មិនផ្លាស់ប្តូរជំហរដាច់ខាត

តេហេរ៉ង់ ៖ ទោះបីជាអាមេរិក និងអ៊ីស្រាអែលចង់បំផ្ទុះសង្គ្រាមជុំថ្មីក៏ដោយ ក៏វាមិនអាចផ្លាស់ប្តូរគោលជំហររបស់ប្រទេសអ៊ីរ៉ង់បានឡើយ នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអាទិត្យ ។

ការអះអាងនេះធ្វើឡើង ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់អាមេរិក និងអ៊ីស្រាអែល អំពីលទ្ធភាពបើកការវាយប្រហារជុំថ្មីប្រឆាំងសាធារណរដ្ឋឥស្លាមមួយនេះ ។

ជាពិសេសការប្រើប្រាស់គ្រាប់បែកខ្នាតយក្ស ឬមាតានៃគ្រាប់បែកទាំងអស់របស់សហរដ្ឋអាមេរិក ដើម្បីគំទេចហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ។

ជាក់ស្តែង កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកប្រធានាធិបតី Donald Trump និយាយថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងធ្វើប្រតិបត្តិការវាយប្រហារដ៏ខ្លាំងក្លាមួយទៀត បើសិនអ៊ីរ៉ង់នៅតែរឹងរូសមិនព្រមចូលតុចរចា ដើម្បីធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនេះទេ ។

ឆ្លើយតបការគំរាមរបស់លោក Trump, ប្រមុខការទូតកំពូលអ៊ីរ៉ង់ លោក Araghchi បានអះអាងថា ថ្មីៗនេះមានការនិយាយអំពីចេតនាបំផ្ទុះសង្គ្រាមជុំថ្មីមួយទៀត ប៉ុន្តែខ្ញុំកំពុងគិតទៅដល់ដំណាក់កាលក្រោយសង្គ្រាមរួចទៅហើយ ។ មិនថា មានសង្គ្រាមឬអត់នោះទេ គោលនយោបាយរបស់អ៊ីរ៉ង់នៅតែដដែល ។

លោក Araghchi បានសង្កត់ធ្ងន់ថា អាមេរិក និងអ៊ីស្រាអែលធ្លាប់បានធ្វើបែបនេះពីរដងរួចមកហើយ ហើយក៏បានឃើញលទ្ធផលរួចហើយដែរ ។

ដូច្នេះ ប្រសិនបើពួកគេចង់សាកល្បងម្តងទៀត ពួកគេនឹងដឹងច្បាស់ថា លទ្ធផលដែលទទួលបាននឹងមិនខុសប្លែកពីអ្វីដែលធ្លាប់កើតឡើងកាលពីអតីតកាលនោះទេ ។

លោក Araghchi បន្ថែមថា សង្គ្រាមបច្ចុប្បន្នបានផ្លាស់ប្តូរអ្វីៗទាំងអស់ ហើយយើងក៏ត្រូវតែទទួលស្គាល់ថា ស្ថានភាពជាក់ស្តែងថ្មីៗក៏កំពុងលេចឡើងផងដែរ ។ ជាក់ស្តែង ផ្លូវដឹកជញ្ជូនឆ្លងកាត់តាមច្រកសមុទ្រ ហ័រមូស នឹងមិនដូចមុនទៀតទេ ហើយការគ្រប់គ្រងច្រកសមុទ្រនេះ ក៏នឹងមិនដូចមុនទៀតដែរ ។

យ៉ាងណា លោក Araghchi បានបញ្ជាក់ជាថ្មីថា ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាព ទាល់តែតំបន់មជ្ឈិមបូព៌ាត្រូវតែឆ្ពោះទៅរកការដកកងកម្លាំងបរទេសចេញឱ្យអស់ទាំងស្រុង ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា