កាសែតអាមេរិកផ្សាយចោទ រុស្ស៊ី ជួយ កូរ៉េខាងជើង ពង្រឹងកម្លាំងមីស៊ីលផ្លោង និងផលិតដ្រូនប្រយុទ្ធទ្រង់ទ្រាយធំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាសែតអាមេរិកផ្សាយចោទ រុស្ស៊ី ជួយ កូរ៉េខាងជើង ពង្រឹងកម្លាំងមីស៊ីលផ្លោង និងផលិតដ្រូនប្រយុទ្ធទ្រង់ទ្រាយធំ

កាសែតអាមេរិកផ្សាយចោទ រុស្ស៊ី ជួយ កូរ៉េខាងជើង ពង្រឹងកម្លាំងមីស៊ីលផ្លោង និងផលិតដ្រូនប្រយុទ្ធទ្រង់ទ្រាយធំ

វ៉ាស៊ីនតោន ៖ កាសែតអាមេរិក The New York Times ថ្មីៗនេះបានចេញផ្សាយចោទប្រកាន់ថា រុស្ស៊ីកំពុងផ្តល់បច្ចេកវិទ្យាយោធា ទិន្នន័យពីការសាកល្បងអាវុធ និងបទពិសោធន៍ប្រយុទ្ធដល់កូរ៉េខាងជើង ដើម្បីជួយពង្រឹងកម្លាំងមីស៊ីលផ្លោង ក៏ដូចជាពង្រីកសមត្ថភាពផលិតដ្រូនប្រយុទ្ធទ្រង់ទ្រាយធំក្នុងស្រុក ។

ជាក់ស្តែង កាលពីដើមខែតុលា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្រ្តមួយ ដែលទីក្រុងព្យុងយ៉ាងអះអាងថា អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ។

បើតាមប្រព័ន្ធតាមដានការពារជាតិរបស់កូរ៉េខាងត្បូង និងជប៉ុន, មីស៊ីលនេះអាចហោះបានចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងអះអាងថា មានចម្ងាយរហូតដល់ ១.០០០ គីឡូម៉ែត្រ ។

ទន្ទឹមគ្នា អ្នកវិភាគផ្នែកការពារជាតិនិយាយថា ទិន្នន័យតេឡេមេទ្រី និងព័ត៌មានអំពីដំណើរការអាវុធដែលរុស្ស៊ីទទួលបានពីសមរភូមិអ៊ុយក្រែន អាចជួយឱ្យវិស្វករកូរ៉េខាងជើងកែលម្អប្រព័ន្ធនាំផ្លូវទិសដៅ និងសមត្ថភាពបត់បែននៅដំណាក់កាលចុងក្រោយ នៃការហោះហើររបស់មីស៊ីល ។

អ្នកវិភាគបន្ថែមថា ការកែលម្អទាំងនេះ អាចជួយបង្កើនភាពត្រឹមត្រូវនៃការវាយប្រហារ និងបង្កើនបញ្ហាប្រឈមចំពោះប្រព័ន្ធខែលការពារដែនអាកាសរបស់កូរ៉េខាងត្បូង ក៏ដូចជាគូសត្រូវរបស់កូរ៉េខាងជើង ។

ក្រៅពីមីស៊ីល, រុស្ស៊ីក៏ត្រូវបានរាយការណ៍ដែរថា កំពុងជួយកូរ៉េខាងជើងពង្រីកសមត្ថភាពផលិតយន្តហោះដ្រូនប្រយុទ្ធ និងគ្រាប់រំសេវផ្ទុះជាលក្ខណៈទ្រង់ទ្រាយធំក្នុងស្រុក ។

យោងតាម Kyiv Post, កូរ៉េខាងជើងក៏កំពុងរៀនសូត្រពីបទពិសោធន៍សង្គ្រាមនៅអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ ។ តួយ៉ាង នៅក្នុងជម្លោះទាំងនេះ ដ្រូនដែលមានតម្លៃទាប ត្រូវបានប្រើប្រាស់ក្នុងចំនួនយ៉ាងច្រើន ដើម្បីបង្ខំឱ្យប្រព័ន្ធខែលការពារដែនអាកាសប្រើប្រាស់មីស៊ីលស្ទាក់ចាប់ដែលមានតម្លៃខ្ពស់ ។

ជាក់ស្តែង ក្នុងសមយុទ្ធយោធាមួយកាលពីខែកញ្ញាកន្លងទៅ កូរ៉េខាងជើងបានបង្ហាញការវាយប្រហារដោយហ្វូងដ្រូនជាច្រើនគ្រឿងក្នុងពេលដំណាលគ្នា ស្របពេលមានការបាញ់សាកល្បងមីស៊ីលនាំផ្លូវ និងមីស៊ីលផ្លោងទៅកាន់ទិសដៅផ្សេងៗគ្នា ។

ជុំវិញការបញ្ចេញសាច់ដុំយោធានេះ អ្នកជំនាញផ្នែកការពារជាតិព្រមានថា យុទ្ធសាស្ត្រវាយប្រហារដោយដ្រូនជាហ្វូង រួមជាមួយមីស៊ីលជាច្រើនប្រភេទក្នុងពេលតែមួយ អាចបង្កើនសម្ពាធដល់សំណាញ់មេឃរបស់កូរ៉េខាងត្បូង និងប្រទេសជាសម្ព័ន្ធមិត្តក្នុងតំបន់ ក្នុងករណីជម្លោះផ្ទុះឡើងនាពេលអនាគត ៕

ប្រភព ៖ The New York Times និង Kyiv Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា