កូរ៉េខាងត្បូង កំពុងផលិតនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ និងនាវាផ្ទុកដ្រូន ទុកទប់ទល់ កូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង កំពុងផលិតនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ និងនាវាផ្ទុកដ្រូន ទុកទប់ទល់ កូរ៉េខាងជើង

កូរ៉េខាងត្បូង កំពុងផលិតនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ និងនាវាផ្ទុកដ្រូន ទុកទប់ទល់ កូរ៉េខាងជើង

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងកំពុងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាផ្ទុកយន្តហោះដ្រូន ដើម្បីទប់ទល់ការគំរាមកំហែងផ្លូវទឹក ដែលបង្កឡើងពីកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។

បើតាមផែនការរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង, នាវាផ្ទុកយន្តហោះដ្រូននេះ នឹងមានប្រវែងប្រហែល ២៧០ ម៉ែត្រ ទទឹង ៧០ ម៉ែត្រ និងទម្ងន់លើសពី ៣ ម៉ឺនតោន ជាមួយសមត្ថភាពអាចផ្ទុកយន្តហោះដ្រូនប្រយុទ្ធ, ដ្រូនឈ្លបយកការណ៍, ដ្រូនវាយប្រហារបែបអត្តឃាត និងដ្រូនបើកលើទឹក ជាង ២០ គ្រឿង ។

ប្រភពដដែលបញ្ជាក់ថា យន្តហោះដ្រូនទាំងនេះ អាចប្រើសម្រាប់វាយប្រហារជាក្រុម និងធ្វើប្រតិបត្តិការប្រឆាំងគ្រាប់មីនក្នុងសមុទ្រផងដែរ ។

បើមិនមានអ្វីប្រែប្រួលទេនោះ កងទ័ពជើងទឹកកូរ៉េខាងត្បូងនឹងដាក់ដំណើរការនាវាផ្ទុកយន្តហោះដ្រូននេះឲ្យចូលបម្រើការក្នុងជួរកងទ័ពនៅដើមឆ្នាំ ២០៤០ ។

ក្រៅពីនាវាផ្ទុកយន្តហោះដ្រូន, កូរ៉េខាងត្បូងក៏កំពុងជំរុញកម្មវិធីមានឈ្មោះថា “Jang Bogo N” ដែលមានគោលបំណងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។

នាវាមុជទឹកដំបូងនេះរំពឹងនឹងដាក់ពង្រាយទៅក្នុងទឹកនៅពាក់កណ្តាលឆ្នាំ ២០៣០ ហើយចូលបម្រើប្រតិបត្តិការជាផ្លូវការនៅចុងឆ្នាំដដែលនេះ ខណៈមន្ត្រីការពារជាតិក៏កំពុងពិចារណាសាងសង់នាវាមុជទឹកយ៉ាងតិចចំនួន ៣ គ្រឿង ដោយនាវានីមួយៗមានទម្ងន់ប្រហែល ៨ ពាន់តោន ។

បើតាមកាសែត Korea JoongAng Daily, នាវាទាំងនេះនឹងប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតទាប ដែលមានសមាមាត្រអ៊ុយរ៉ាញ៉ូមក្រោម ២០ ភាគរយ សម្រាប់ជាឥន្ធនៈរ៉េអាក់ទ័រនុយក្លេអ៊ែរ ។

ជាមួយគ្នានេះ កងទ័ពជើងទឹកកូរ៉េខាងត្បូងក៏មានគម្រោងបន្តអភិវឌ្ឍនាវាពិឃាតជំនាន់ថ្មី KDDX និងនាវាប្រមូលព័ត៌មានស៊ើបការណ៍នៅដើមដល់ពាក់កណ្តាលឆ្នាំ ២០៣០ ផងដែរ ។

ប្រភពបញ្ជាក់ថា កូរ៉េខាងត្បូងមានបំណងបំពាក់សមត្ថភាពបាញ់មីស៊ីលផ្លោងពីនាវាទៅកាន់គោលដៅលើដីគោក និងគ្រាប់បាញ់បានរយៈចម្ងាយឆ្ងាយ ក៏ដូចជាប្រព័ន្ធមីស៊ីលស្ទាក់ចាប់ SM-3 និង SM-6 ។

ផែនការទាំងនេះ ជាផ្នែកមួយនៃការធ្វើទំនើបកម្មកងទ័ពជើងទឹក ដើម្បីពង្រឹងសមត្ថភាពស្វែងរក តាមដាន និងទប់ស្កាត់ការវាយប្រហារដោយមីស៊ីល ព្រមទាំងបង្កើនសមត្ថភាពប្រតិបត្តិការក្នុងសមុទ្ររបស់កូរ៉េខាងត្បូង ៕

ប្រភព ៖ Korea JoongAng Daily ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា