អាល្លឺម៉ង់ គ្រោងបញ្ជាទិញមីស៊ីល អ៊ុយក្រែន ដែលអាចវាយកម្ទេចគោលដៅចម្ងាយជាង ១ ពាន់គីឡូម៉ែត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ គ្រោងបញ្ជាទិញមីស៊ីល អ៊ុយក្រែន ដែលអាចវាយកម្ទេចគោលដៅចម្ងាយជាង ១ ពាន់គីឡូម៉ែត្រ

អាល្លឺម៉ង់ គ្រោងបញ្ជាទិញមីស៊ីល អ៊ុយក្រែន ដែលអាចវាយកម្ទេចគោលដៅចម្ងាយជាង ១ ពាន់គីឡូម៉ែត្រ

ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់គ្រោងនឹងបញ្ជាទិញមីស៊ីលជំនាន់ដំបូងបង្អស់មួយរបស់ប្រទេសអ៊ុយក្រែនដើម្បីយកទៅឱ្យយោធារបស់ខ្លួនធ្វើការសាកល្បង ។

បើតាម Financial Times, មីស៊ីលអ៊ុយក្រែនដែលអាល្លឺម៉ង់គ្រោងនឹងទិញនោះមានឈ្មោះ Bars ឬហៅថា «ខ្លារខិនព្រិល» ជាមួយនឹងសមត្ថភាពអាចវាយប្រហារកម្ទេចរោងចក្រយោធាឃ្លាំងគ្រាប់រំសេវ និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី នៅចម្ងាយប្រមាណ ១,០០០ គីឡូម៉ែត្រ ។

មីស៊ីលដែលមានរូបរាងដូចយន្តហោះដ្រូនមួយនេះ ដំណើរការដោយម៉ាស៊ីនប្រតិកម្ម ដោយធ្វើឱ្យវាអាចហោះជ្រែកមេឃក្នុងល្បឿនប្រហែល ៨០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចពាំគ្រឿងផ្ទុះទម្ងន់រហូតដល់ ១០៥ គីឡូក្រាម ។

ដោយសារល្បឿនដ៏លឿន និងមានភាពបត់បែនខ្ពស់ វាត្រូវបានអ៊ុយក្រែនកែច្នៃធ្វើជាដ្រូនស្ទាប់ចាប់ ដើម្បីដេញបាញ់កម្ទេចដ្រូនអត្តឃាតល្បឿនលឿន ដូចជាប្រភេទដ្រូន Shahed របស់រុស្ស៊ី និងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រទេសអាល្លឺម៉ង ។

ជាក់ស្ដែង អាល្លឺម៉ង់មានផែនការចុះកិច្ចព្រមព្រៀងបញ្ជាទិញមីស៊ីលនេះដល់ទៅរាប់រយគ្រាប់ សម្រាប់ការធ្វើតេស្តបច្ចេកទេសនៅដើមឆ្នាំ ២០២៧ ។

យោងតាម Ukrainska Prava, ក្រៅពីមីស៊ីល “Bars” អាល្លឺម៉ង់ក៏មានគម្រោងបញ្ជាទិញមីស៊ីលនាំផ្លូវ Anthem មួយចំនួនពីក្រុមហ៊ុនអាមេរិក Covenant ដើម្បីធ្វើតេស្តផងដែរ ។

ប្រភពបញ្ជាក់ថា តម្លៃមីស៊ីល Anthem គឺស្មើនឹងប្រហែល ១ ភាគ ១០ នៃតម្លៃមីស៊ីល Tomahawk ដែលមានតម្លៃចាប់ពី ៤ ទៅ ៦ លានដុល្លារក្នុងមួយគ្រាប់ ។

ចំណែកផែនការបញ្ជាទិញមីស៊ីលនាំផ្លូវ Flamingo របស់អ៊ុយក្រែនវិញ ត្រូវបានពន្យារពេលសិន ខណៈបច្ចុប្បន្ន កងកម្លាំងអាល្លឺម៉ង់ប្រើមីស៊ីលនាំផ្លូវ Taurus ដែលបាញ់ចេញពីយន្តហោះ និងមានចម្ងាយប្រមាណ ៥០០ គីឡូម៉ែត្រ

ប្រភពឱ្យដឹងទៀតថា យុទ្ធនាការទិញសម្ភារបរិក្ខារយោធារបស់ទីក្រុងប៊ែរឡាំង កំពុងកើនឡើងយ៉ាងខ្លាំង ស្ថិតក្រោមរដ្ឋបាលរបស់លោកអធិការបតី Friedrich Merz ដែលបានដាក់មហិច្ឆតាពង្រឹងអំណាចកងទ័ពអាល្លឺម៉ង់ ឱ្យក្លាយជាកងទ័ពដ៏ខ្លាំងក្លាបំផុតនៅអឺរ៉ុប ចំពេលមានភាពតានតឹងជាមួយរុស្ស៊ី ៕

ប្រភព ៖ Financial Times និង Ukrainska Prava ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា