លោក Zelensky សន្យាឈប់វាយប្រហាររោងចក្រប្រេងរុស្ស៊ី បើអាមេរិកផ្តល់មីស៊ីល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky សន្យាឈប់វាយប្រហាររោងចក្រប្រេងរុស្ស៊ី បើអាមេរិកផ្តល់មីស៊ីល

លោក Zelensky សន្យាឈប់វាយប្រហាររោងចក្រប្រេងរុស្ស៊ី បើអាមេរិកផ្តល់មីស៊ីល

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកនឹងបញ្ឈប់ការវាយប្រហារលើរោងចក្រប្រេងកែច្នៃរបស់រុស្ស៊ី ប្រសិនបើរដ្ឋាភិបាលវ៉ាស៊ីនតោនផ្តល់ប្រព័ន្ធមីស៊ីលការពារអាកាស Patriot ដ៏មានឥទ្ធិពលដល់ទីក្រុងកៀវ។ បំណងឈប់ឲ្យវាយប្រហារបែបនេះ ត្រូវបានគេដឹងថា គឺជាតម្រូវការចម្បងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

ថ្លែងទៅកាន់បណ្តាញព័ត៌មានអាមេរិក Fox News, លោក Zelensky បាននិយាយថា «ប្រសិនបើចង់ឱ្យយើងមិនវាយប្រហារលើរោងចក្រប្រេងកែច្នៃរបស់រុស្ស៊ី ពួកគេក៏ត្រូវតែមិនវាយប្រហារលើប្រព័ន្ធថាមពលរបស់យើងដែរ។ ជម្រើសមួយទៀតគឺ ផ្តល់មីស៊ីល Patriot មកឱ្យយើង យើងនឹងស្វែងរកថវិកាទិញ ដោយមិនមែនគ្រាន់តែសុំជាជំនួយនោះទេ»។

លោក Zelensky បានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលវ៉ាស៊ីនតោនផ្តល់ប្រព័ន្ធមីស៊ីលទាំងនោះសម្រាប់រយៈពេលមួយខែ ទីក្រុងកៀវនឹងផ្អាកការវាយប្រហារលើរោងចក្រប្រេងកែច្នៃរបស់រុស្ស៊ី ក្នុងរយៈពេលដូចគ្នានេះដែរ។

មីស៊ីល Patriot ស្ថិតក្នុងចំណោមអាវុធសំខាន់បំផុតដែលអ៊ុយក្រែនមាន ដើម្បីស្ទាក់ចាប់ដ្រូន និងមីស៊ីលរបស់រុស្ស៊ី។ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា រដ្ឋបាលរបស់លោក Trump កាលពីថ្ងៃសុក្របានអនុម័តការលក់មីស៊ីល Patriot ចំនួន ៥០០ គ្រាប់ទៅឱ្យអ៊ុយក្រែន ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនរូបនេះបានព្រមានថា ការប្រគល់អាវុធទាំងនោះអាចត្រូវចំណាយពេលរាប់ឆ្នាំ។

អាជ្ញាធរអ៊ុយក្រែនបានព្រមានជាច្រើនសប្តាហ៍មកហើយថា ស្ដុកមីស៊ីលស្ទាក់ចាប់របស់ពួកគេកំពុងតែថយចុះយ៉ាងខ្លាំង។

កិច្ចចរចាដែលមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញ នៅក្នុងខែនេះ បន្ទាប់ពីត្រូវប៉ះពាល់ និងកកស្ទះជាហូរហែ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាលើប្រទេសអ៊ីរ៉ង់ក្នុងខែកុម្ភៈ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា