កូរ៉េខាងត្បូង ដំណើរការទីបញ្ជាការយន្តហោះដ្រូនថ្មី ទប់ទល់ដ្រូនអត្តឃាត កូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ដំណើរការទីបញ្ជាការយន្តហោះដ្រូនថ្មី ទប់ទល់ដ្រូនអត្តឃាត កូរ៉េខាងជើង

កូរ៉េខាងត្បូង ដំណើរការទីបញ្ជាការយន្តហោះដ្រូនថ្មី ទប់ទល់ដ្រូនអត្តឃាត កូរ៉េខាងជើង

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ ប្រកាសបើកដំណើរការទីបញ្ជាការយន្តហោះដ្រូនការពារជាតិថ្មីមួយ ដើម្បីពង្រឹងសមត្ថភាពប្រើប្រាស់ដ្រូន និងប្រព័ន្ធប្រឆាំងដ្រូននៅទូទាំងកងកម្លាំងប្រដាប់អាវុធ សំដៅត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងពីដ្រូនអត្តឃាតរបស់កូរ៉េខាងជើង ។

បើតាម Yonhap, ទីបញ្ជាការយន្តហោះដ្រូនការពារជាតិថ្មីនេះ មានទីតាំងស្ថិតនៅទីក្រុង Pocheon ដែលស្ថិតនៅចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានីសេអ៊ូល ។

ទីបញ្ជាការថ្មីនេះ នឹងជំនួសទីបញ្ជាការប្រតិបត្តិការយន្តហោះដ្រូនដែលមានស្រាប់ ដោយដើរតួនាទីជាមជ្ឈមណ្ឌលរៀបចំយុទ្ធសាស្ត្រទាក់ទងនឹងការប្រើប្រាស់ ការទប់ទល់ ព្រមទាំងការគ្រប់គ្រងការអភិវឌ្ឍប្រព័ន្ធដ្រូន និងប្រព័ន្ធប្រឆាំងដ្រូនសម្រាប់គ្រប់កងទ័ពទាំងអស់នៅទូទៅប្រទេស ។

ការបើកដំណើរការទីបញ្ជាការយន្តហោះដ្រូនការពារជាតិថ្មីនេះទៀត កើតឡើងចំពេលដែលកូរ៉េខាងជើងក៏កំពុងពន្លឿនការអភិវឌ្ឍយន្តដ្រូនអត្តឃាតរបស់ខ្លួន ដោយរៀនសូត្រពីបទពិសោធន៍ជាក់ស្តែង ជុំវិញការដាក់ពង្រាយកងទ័ពក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ។

តួយ៉ាង កូរ៉េខាងជើងទើបបានសាកល្បងអាវុធទំនើបៗចុងក្រោយ ដែលបានធ្វើត្រាប់តាមការវាយប្រហារដោយយន្តហោះដ្រូនទ្រង់ទ្រាយធំ តាមរយៈការកំណត់គោលដៅលើប៉ុស្តិ៍យាមយោធាកូរ៉េខាងត្បូងក្លែងក្លាយ និងរថក្រោះអាមេរិកជាដើម ។

ក្រៅពីបើកទីបញ្ជាការដ្រូនថ្មី យោធាកូរ៉េខាងត្បូងថែមទាំងបញ្ចេញផែនការទិញយន្តហោះដ្រូនប្រយុទ្ធ ដែលមានតម្លៃទាបច្រើនជាង ២ ម៉ឺនគ្រឿងផងដែរ ។

ទោះបីជាបញ្ជាទិញដ្រូនពីបរទេសក៏ដោយ តែកូរ៉េខាងត្បូងបាននឹងកំពុងផ្តោតលើការផលិតយន្តហោះដ្រូន និងគ្រឿងបន្លាស់សំខាន់ៗក្នុងស្រុក រួមមាន អាគុយ និងម៉ូទ័រ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ។

ទន្ទឹមគ្នា យោធាកូរ៉េខាងត្បូងក៏កំពុងពន្លឿនការដាក់ដំណើរការកម្មវិធី «ប្រព័ន្ធប្រយុទ្ធដោយយន្តហោះដ្រូនតម្លៃទាបរបស់កូរ៉េខាងត្បូង» ហៅកាត់ K-LUCAS ដើម្បីអភិវឌ្ឍអាវុធប្រភេទហោះហើរកំណត់គោលដៅ ដែលមានរយៈចម្ងាយឆ្ងាយ រួមទាំងដ្រូនអត្តឃាតផងដែរ ៕

ប្រភព ៖ Yonhap ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា