ដ្រូនដីគោករបស់ អ៊ុយក្រែន បំពេញបេសកកម្មជាង ៣ ម៉ឺនលើក ក្នុងមួយខែ ដែលនេះជាកំណត់ត្រាថ្មីនៃសង្គ្រាមប្រើប្រាស់មនុស្សយន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដ្រូនដីគោករបស់ អ៊ុយក្រែន បំពេញបេសកកម្មជាង ៣ ម៉ឺនលើក ក្នុងមួយខែ ដែលនេះជាកំណត់ត្រាថ្មីនៃសង្គ្រាមប្រើប្រាស់មនុស្សយន្ត

ដ្រូនដីគោករបស់ អ៊ុយក្រែន បំពេញបេសកកម្មជាង ៣ ម៉ឺនលើក ក្នុងមួយខែ ដែលនេះជាកំណត់ត្រាថ្មីនៃសង្គ្រាមប្រើប្រាស់មនុស្សយន្ត

កៀវ ៖ យោធាអ៊ុយក្រែនបានប្រើប្រាស់យានគ្មានមនុស្សបើករត់លើដី ឬដ្រូនដីគោក ហៅកាត់ UGV ឱ្យបំពេញបេសកកម្មចំនួន ៣១.៣៩៨ លើក នៅក្នុងខែតុលា ដែលនេះជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន និងជាលើកដំបូងក្នុងកំណត់ត្រាថ្មីនៃសង្គ្រាមប្រើប្រាស់មនុស្សយន្ត ។

បើតាម Kyiv Independent, មូលហេតុសំខាន់មួយដែលជំរុញឱ្យអ៊ុយក្រែនបង្កើនការប្រើប្រាស់ដ្រូនដីគោក គឺដោយសារតែគូជម្លោះរុស្ស៊ីបានបង្កើនការប្រើប្រាស់ដ្រូនប្រយុទ្ធវាយប្រហារតាមផ្លូវអាកាស ។

យុទ្ធសាស្រ្តនេះ បានបង្កើតតំបន់គ្រោះថ្នាក់ខ្ពស់នៅជិតសមរភូមិជួរមុខ ដែលធ្វើឱ្យការប្រើប្រាស់រថយន្តមានមនុស្សបើកធម្មតា សម្រាប់ដឹកជញ្ជូនសម្ភារៈ ការប្តូរវេនកងទ័ព និងជម្លៀសអ្នករងរបួស កាន់តែប្រឈមនូវហានិភ័យខ្ពស់ ។

ទន្ទឹមគ្នា ក្រសួងការពារជាតិអ៊ុយក្រែន ក៏បានទទួលស្គាល់ផងដែរថា ដ្រូនដីគោកទាំងនេះ គឺជាបច្ចេកវិទ្យាដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតទាហាននៅសមរភូមិជួរមុខបានយ៉ាងច្រើន ។

ប្រភពដដែលឱ្យដឹងថា ចំនួនបេសកកម្មដែលដ្រូនដីគោកបានបំពេញក្នុងខែតុលា បានបង្ហាញពីការកើនឡើងជាង ៤ ដង បើធៀបនឹងខែមករា ដែលមានត្រឹមតែ ៧.៥១១ លើកប៉ុណ្ណោះ ។

ការកើនឡើងនេះដែរ ក៏បង្ហាញនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់អ៊ុយក្រែន ពីការដាក់ពង្រាយកងទ័ពបែបប្រពៃណី មកជាកងទ័ពគ្រឿងយន្តឈានមុខគេមួយលើពិភពលោក ក្នុងអំឡុងសង្គ្រាមសម័យទំនើប ។

ក្នុងចំណោមបេសកកម្មទាំងនេះ ភាគច្រើនជាការដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ ប៉ុន្តែដ្រូនដីគោកក៏អាចបំពេញភារកិច្ចជាច្រើនផ្សេងទៀត រួមមាន ការវាយប្រហារគោលដៅសត្រូវ ការឈ្លបយកការណ៍ ការដាក់មីន ការដោះមីន ការជម្លៀសទាហានរងរបួស និងការដឹកជញ្ជូនដ្រូនទៅកាន់តំបន់សមរភូមិជាដើម ។

បេសកកម្មនីមួយៗដែលអនុវត្តដោយដ្រូនដីគោក ត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធកម្មវិធីគ្រប់គ្រងស្ថានការណ៍យោធា Delta របស់អ៊ុយក្រែន ។ បន្ទាប់ពីបេសកកម្មបានជោគជ័យ អង្គភាពយោធានឹងទទួលបានពិន្ទុ ePoints ដែលអាចយកទៅប្តូរទិញសម្ភារៈយោធា តាមរយៈទីផ្សារផ្គត់ផ្គង់បច្ចេកវិទ្យាការពារជាតិ Brave1 Marketplace ។

សូមរម្លឹកថា កាលពីឆ្នាំ២០២៥ ដ្រូនដីគោកនៅតែជាបច្ចេកវិទ្យាដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ វាបានក្លាយជាឧបករណ៍ដ៏សំខាន់មួយ បន្ទាប់ពីយន្តហោះដ្រូន សម្រាប់កងពលតូចជាច្រើនរបស់អ៊ុយក្រែន ក្នុងការទប់ទល់នឹងកងកម្លាំងរុស្ស៊ី ៕

ប្រភព ៖ Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា