មេដឹកនាំបេឡារុសអរគុណលោក ពូទីន ដែលរក្សាទ័ពរុស្ស៊ីការពារប្រទេសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំបេឡារុសអរគុណលោក ពូទីន ដែលរក្សាទ័ពរុស្ស៊ីការពារប្រទេសខ្លួន

មេដឹកនាំបេឡារុសអរគុណលោក ពូទីន ដែលរក្សាទ័ពរុស្ស៊ីការពារប្រទេសខ្លួន

មូស្គូ ៖ ប្រធានាធិបតីនៃប្រទេសបេឡារុស កាលពីថ្ងៃអង្គារ បានប្រកាសថ្លែងអំណរគុណដល់លោក Vladimir Putin ដែលរក្សាកងទ័ពរុស្ស៊ី ឱ្យស្ថិតក្នុងស្ថានភាព ត្រៀមខ្លួនការពារប្រទេសរបស់ខ្លួន។

នៅក្នុងជំនួបពិភាក្សាទ្វេភាគីមួយ នៅឯលំនៅឋានរបស់លោក Putin ក្បែរទីក្រុងមូស្គូ, ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានថ្លែងអំណរគុណដល់សមភាគីរុស្ស៊ី លោក Vladimir Putin ដែលបន្តរក្សាការគាំទ្រផ្នែកយោធាពីទីក្រុងមូស្គូ ដោយលោកបានបញ្ជាក់ថា កងកម្លាំងចម្រុះដែលដាក់ពង្រាយនៅភាគខាងលិចនៃប្រទេសបេឡារុស គឺ «មានសមត្ថភាពប្រយុទ្ធខ្ពស់ និងត្រៀមខ្លួនរួចរាល់ដើម្បីការពារប្រទេសបេឡារុស»។

មេដឹកនាំបេឡារុសរូបនេះក៏បានលើកឡើងដែរថា ទីក្រុង មីនស្ក៍ (Minsk) កំពុងសិក្សាយ៉ាងយកចិត្តទុកដាក់លើមេរៀនយុទ្ធសាស្ត្រពីជម្លោះនៅអ៊ុយក្រែន ដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង សមភាគីបេឡារុស ត្រូវបានរៀបចំឡើង នៅមុនពេលកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ CSTO។

លោក ពូទីន បានមានប្រសាសន៍ថា ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំទាំងឡាយនឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច មនុស្សធម៌ និងសន្តិសុខ។

ក្នុងជំនួបនោះដែរ, លោក ពូទីន ក៏បានថ្លែងអំណរគុណដល់លោក Lukashenko ចំពោះការគាំទ្រដល់ការផ្លាស់ប្តូរផ្នែកមនុស្សធម៌ដែលពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន ដោយបញ្ជាក់ថា ទីក្រុងមូស្គូផ្តល់តម្លៃខ្ពស់ចំពោះជំនួយរបស់ទីក្រុងមីនស្ក៍ ក្នុងការរៀបចំសកម្មភាពទាំងនោះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា