លោក JD Vance ៖ លោក ត្រាំ មិនឱ្យសង្គ្រាមអ៊ីរ៉ង់អូសបន្លាយមិនចេះចប់នោះទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក JD Vance ៖ លោក ត្រាំ មិនឱ្យសង្គ្រាមអ៊ីរ៉ង់អូសបន្លាយមិនចេះចប់នោះទេ

លោក JD Vance ៖ លោក ត្រាំ មិនឱ្យសង្គ្រាមអ៊ីរ៉ង់អូសបន្លាយមិនចេះចប់នោះទេ

វ៉ាស៊ីតោន ៖ លោក JD Vance អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងប្តេជ្ញាកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងមិនអនុញ្ញាតឱ្យជម្លោះជាមួយអ៊ីរ៉ង់ ក្លាយជា «សង្គ្រាមដែលអូសបន្លាយមិនចេះចប់» នោះទេ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fox News, លោក Vance បាននិយាយថា មិនមានការខ្វែងគំនិតគ្នារវាងរូបលោក និងលោក ត្រាំ ជុំវិញទិសដៅនៃជម្លោះនេះទេ ដោយសង្កត់ធ្ងន់ថា ប្រធានាធិបតីមានបំណងបញ្ចប់សង្គ្រាមនេះ ជាជាងទុកឱ្យវាបន្តអូសបន្លាយរយៈពេលវែង។

លោកបាននិយាយថា «អ្វីដែលខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក គឺថា ទោះបីជាលោកសម្រេចចិត្តធ្វើអ្វីក៏ដោយ ឬសម្រេចបញ្ចប់ជម្លោះតាមរបៀបណាក៏ដោយ លោកនឹងមិនអនុញ្ញាតឱ្យរឿងនេះក្លាយជាសង្គ្រាមដែលអូសបន្លាយមិនចេះចប់នោះទេ»។

លោក Vance បាននិយាយទៀតថា «យើងនឹងមិនអនុញ្ញាតឱ្យរឿងនេះក្លាយជាការជាប់ពាក់ព័ន្ធរយៈពេល ១០ ឬ ១៥ ឆ្នាំ ឬនិយាយឱ្យត្រង់ទៅ សូម្បីតែរយៈពេល ២ ឆ្នាំក៏ដោយ»។

បើតាម anadolu, ការលើកឡើងរបស់លោក Vance ធ្វើឡើងក្នុងពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងភាពតានតឹងផ្នែកយោធា ខណៈដែលការជជែកដេញដោលគ្នាអំពីការចំណាយ និងរយៈពេលនៃជម្លោះនេះ កាន់តែមានភាពក្តៅគគុក។

លោក Vance ក៏បានចោទប្រកាន់អ្នករិះគន់មួយចំនួន និងអ្នកតស៊ូមតិផ្នែកគោលនយោបាយការបរទេសមួយចំនួនដែលថា រដ្ឋបាលលោកត្រាំចង់ឱ្យសហរដ្ឋអាមេរិកបន្តជាប់ពាក់ព័ន្ធនៅទីនោះដោយគ្មានកំណត់។

លោកបានបន្ថែមថា រដ្ឋបាលរបស់លោកបានសន្យាយ៉ាងច្បាស់លាស់ជាមួយអ្នកបោះឆ្នោតថា នឹងជៀសវាងសង្គ្រាមនៅក្រៅប្រទេសដែលអូសបន្លាយរយៈពេលយូរ។

លោក Vance ក៏បានបង្ហាញទំនុកចិត្តផងដែរថា លោក ត្រាំ នឹងអាចបញ្ចប់សង្គ្រាមនេះបាន ដោយនាំមកនូវ «លទ្ធផលដ៏ល្អប្រសើរ» សម្រាប់ប្រជាជនអាមេរិក៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា