អឺរ៉ុបស្នើផ្តល់កម្ចី ជិត ៥០ពាន់លានដុល្លារឲ្យអ៊ុយក្រែន ហើយទុកឲ្យរុស្ស៊ីជាអ្នកសង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុបស្នើផ្តល់កម្ចី ជិត ៥០ពាន់លានដុល្លារឲ្យអ៊ុយក្រែន ហើយទុកឲ្យរុស្ស៊ីជាអ្នកសង

អឺរ៉ុបស្នើផ្តល់កម្ចី ជិត ៥០ពាន់លានដុល្លារឲ្យអ៊ុយក្រែន ហើយទុកឲ្យរុស្ស៊ីជាអ្នកសង

ព្រុចសែល ៖ សហភាពអឺរ៉ុប កាលពីថ្ងៃពុធ បានស្នើផ្តល់ប្រាក់កម្ចី ជិត៥០ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដោយតម្រូវឱ្យសងវិញ លុះត្រាតែរុស្ស៊ីបានបង់សំណងការខូចខាតសង្គ្រាមរួចរាល់។

គណៈកម្មការអឺរ៉ុបបានស្នើផ្តល់ប្រាក់កម្ចីថ្មីចំនួន ៤៥ ពាន់លានអឺរ៉ូ (ស្មើនឹង ៤៩,៥ ពាន់លានដុល្លារអាមេរិក) ដល់អ៊ុយក្រែន ដើម្បីជួយបំពេញចន្លោះខ្វះខាតថវិកាចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់ឆ្នាំក្រោយ ខណៈដែលទីក្រុងកៀវ នៅតែបន្តការតស៊ូប្រឆាំងនឹងរុស្ស៊ី ដែលបានចាប់ផ្តើមសង្គ្រាម តាំងពីឆ្នាំ ២០២២មក។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានមានប្រសាសន៍ថា អ៊ុយក្រែននឹងត្រូវសងប្រាក់កម្ចីនេះវិញ លុះត្រាតែរុស្ស៊ីបានបង់សំណងសម្រាប់ការខូចខាតដែលបង្កឡើងដោយសង្គ្រាមនេះរួចរាល់ប៉ុណ្ណោះ។

បើតាម france24, វិធានការ ដែលទាមទារឱ្យមានការអនុម័តពីបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប នឹងបន្ថែមទៅលើប្រាក់កម្ចីស្រដៀងគ្នាមួយចំនួន ៩០ ពាន់លានអឺរ៉ូ ដែលមេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលពីចុងឆ្នាំមុន ដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៦ និង ២០២៧។

លោកស្រី von der Leyen បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងព្រុចសែលថា «រយៈពេល ៥ ឆ្នាំហើយចាប់តាំងពីសង្គ្រាមឈ្លានពាននេះបានចាប់ផ្តើម ប៉ុន្តែអឺរ៉ុបនៅតែបន្តរួបរួមគ្នា។ យើងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំដូចរាល់ដង ក្នុងការគាំទ្រអ៊ុយក្រែន ទាំងក្នុងគ្រាសង្គ្រាម និងក្នុងគ្រាសន្តិភាព»។

លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានស្វាគមន៍ចំពោះសំណើនេះ ដោយលើកឡើងថា ប្រាក់កម្ចីនេះនឹង «គ្របដណ្តប់លើផ្នែកដ៏សំខាន់មួយ» នៃតម្រូវការថវិកា និងតម្រូវការការពារជាតិរបស់ប្រទេសសម្រាប់ឆ្នាំក្រោយ។

តាមរយៈបណ្តាញសង្គម X, លោក Zelenskiy បានសរសេរថា «យើងសង្ឃឹមយ៉ាងមុតមាំថា សភាអឺរ៉ុប និងក្រុមប្រឹក្សា នៃរដ្ឋាភិបាលសហភាពអឺរ៉ុប នឹងអនុម័តសេចក្តីសម្រេចនេះយ៉ាងឆាប់រហ័ស ហើយយើងក៏រំពឹងទុកនូវការគាំទ្រពីបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ផងដែរ»៕

ប្រភព ៖ france24 ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា