លោក ស៊ី ជីនពីង អំពាវនាវមុខលោក ត្រាំ ថា ពិភពលោកត្រូវតែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ស៊ី ជីនពីង អំពាវនាវមុខលោក ត្រាំ ថា ពិភពលោកត្រូវតែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ

លោក ស៊ី ជីនពីង អំពាវនាវមុខលោក ត្រាំ ថា ពិភពលោកត្រូវតែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ

ប៉េកាំង ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវនៅចំពោះមុខលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា ពិភពលោកត្រូវតែរួមគ្នាថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ក្រោយសម័យសង្គ្រាម ។

ការអំពាវនាវនេះធ្វើឡើង ក្នុងអំឡុងដែលលោក ស៊ី ជីនពីង ថ្លែងបើកកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ នៃវេទិកាកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុងសិនជិន ប្រទេសចិនកាលពីថ្ងៃពុធ ។

លោក ស៊ី ជីនពីង អះអាងថា សន្តិសុខគឺជាមូលដ្ឋានគ្រឹះនៃវិបុលភាព ហើយស្ថិរភាពគឺជាលក្ខខណ្ឌចាំបាច់សម្រាប់សន្តិសុខ ។ ក្នុងន័យនេះ លោក ស៊ី ជីនពីង បានទទូចឱ្យភាគីនានាដោះស្រាយភាពខ្វែងគំនិតគ្នា តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ ជាជាងការប្រឈមមុខដាក់គ្នា ។

ក្រៅពីអំពាវនាវឲ្យរក្សាសណ្តាប់ធ្នាប់អន្តរជាតិ, ប្រធានាធិបតីចិនរូបនេះថែមទាំងទទូចឱ្យពិភពលោកការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល ព្រមទាំងជំរុញពាណិជ្ជកម្ម និងការវិនិយោគដែលសេរី និងបើកចំហ ព្រមទាំងរក្សាស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់សកល ។

ជាមួយគ្នានេះ លោក ស៊ី ជីនពីង ក៏បានស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន និងប្រព័ន្ធគយឆ្លាតវៃ ព្រមទាំងជំរុញឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិកផងដែរ ។

លោក ស៊ី ជីនពីង បញ្ជាក់ថា ចាប់តាំងពីចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ ២០០១ មក ប្រទេសចិនបានបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន និងការពារពហុភាគីនិយម ក៏ដូចជាប្រឆាំងឯកតោភាគីនិយម និងគាំពារនិយម ។

ជាចុងក្រោយ មេដឹកនាំចិនវ័យ ៧៣ ឆ្នាំរូបនេះ សង្កត់ធ្ងន់លើការប្តេចិត្តរបស់ប្រទេសចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ ហើយសន្យាពង្រីកលទ្ធភាពចូលទីផ្សារ កាត់បន្ថយពន្ធគយ និងបើកចំហបន្ថែមទៀតនៃវិស័យផលិតកម្ម និងសេវាកម្មសម្រាប់វិនិយោគិនបរទេស ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា