លោក Netanyahu រងការចោទថា ប៉ងធ្វើរដ្ឋប្រហារ ខណៈប្រឈមលែងបានធ្វើនាយករដ្ឋមន្ត្រី អ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu រងការចោទថា ប៉ងធ្វើរដ្ឋប្រហារ ខណៈប្រឈមលែងបានធ្វើនាយករដ្ឋមន្ត្រី អ៊ីស្រាអែល

លោក Netanyahu រងការចោទថា ប៉ងធ្វើរដ្ឋប្រហារ ខណៈប្រឈមលែងបានធ្វើនាយករដ្ឋមន្ត្រី អ៊ីស្រាអែល

ហ្ស៊េរុយសាឡិម ៖ បណ្តាមេដឹកនាំគណបក្សជាច្រើននៅប្រទេសអ៊ីស្រាអែលបានរួមគ្នាចោទប្រកាន់លោក Benjamin Netanyahu ប៉ុនប៉ងធ្វើរដ្ឋប្រហារ បន្ទាប់ពីការិយាល័យរបស់នាយករដ្ឋមន្ត្រីដែលប្រឈមអស់តំណែងក្រោយការបោះឆ្នោតរូបនេះ បានព្យាយាមទម្លាក់កំហុសលើបណ្តាគណបក្សអារ៉ាប់-អ៊ីស្រាអែល នៅមុនការបោះឆ្នោត ។

បើតាម AFP, នៅមុនការបោះឆ្នោតថ្ងៃទី២៧ ខែតុលា, លោក Ido Norden ប្រធានខុទ្ទកាល័យរបស់លោក Netanyahu បានទូរស័ព្ទទៅកាន់ប៉ូលិសដើម្បីដាក់ពាក្យបណ្តឹងប្រឆាំងនឹងសមាជិកនៃគណបក្សអារ៉ាប់-អ៊ីស្រាអែលឈ្មោះ Raam ដែលនាំឱ្យមានការចាប់ខ្លួនសមាជិកគណបក្ស ចំនួន ៣ នាក់ ប៉ុន្តែ ត្រូវបានដោះលែងវិញ បន្ទាប់ពីប៉ូលិសបានរកឃើញថា ព័ត៌មាននោះមិនមានមូលដ្ឋានច្បាស់លាស់ ។

ក្រោយមក លោក Netanyahu បានចោទប្រកាន់គណបក្សអារ៉ាប់នានាថា បានប្រព្រឹត្តអំពើក្លែងបន្លំការបោះឆ្នោត បន្ទាប់ពីគណបក្សទាំងនោះទទួលបានអាសនៈក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាន ។

លោក Yair Lapid អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងជាមន្ត្រីមួយរូបក្នុងគណបក្ស Beyachad និយាយថា នេះមិនមែនគ្រាន់តែជាការប៉ុនប៉ងរំខានដល់ការបោះឆ្នោតនោះទេ ប៉ុន្តែ គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ។

ជាមួយគ្នានេះ លោក Yousef Jabareen មេដឹកនាំនៃសម្ព័ន្ធគណបក្ស Joint List បានថ្កោលទោស និងចាត់ទុកសកម្មភាពរបស់លោក Netanyahu ថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដូចគ្នា ។

លោក Yousef រៀបរាប់ថា «ប្រសិនបើជាការពិត នោះវាគឺជាយន្តការឧក្រិដ្ឋកម្មមួយ ដើម្បីរៀបចំលទ្ធផលបោះឆ្នោត ឱ្យមានភាពលំអៀង ហើយលោក Netanyahu ត្រូវតែទទួលខុសត្រូវរឿងនេះចំពោះមុខច្បាប់»។

ចំណែកលោក Gadi Eisenkot អតីតប្រធានអគ្គសេនាធិការកងទ័ព និងជាគូប្រជែងដ៏សំខាន់របស់លោក Netanyahu ផងនោះបានឲ្យដឹងដែរថា «នាយករដ្ឋមន្ត្រីស្តីទីរូបនេះ មិនអាចបន្តដឹកនាំរដ្ឋាភិបាលបានទៀតឡើយ សូម្បីតែមួយនាទី ក៏មិនបានដែរ» ។

បើតាម AFP, ទាំងបក្សសម្ព័ន្ធរបស់លោក Netanyahu និងក្រុមប្រឆាំងរបស់លោក Eisenkot សុទ្ធតែមិនទទួលបានអាសនៈចំនួន ៦១ នោះឡើយ ដែលតម្រូវឱ្យមានការប្រមែប្រមូលអាសនៈឲ្យគ្រប់ចំនួន ដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតកាលពីខែមុន ។

យ៉ាងណា គណបក្សអារ៉ាប់ចំនួនពីរ គឺបក្ស «Joint List» និងបក្ស «Raam» បានបង្ហាញការគាំទ្រចំពោះលោក Eisenkot ជាហេតុនាំឲ្យលោក Netanyahu លែងបានធ្វើជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលបន្តទៀត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា