កៀវ ៖ អភិបាលក្រុងកៀវ លោក Vitali Klitschko បានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានវាយប្រហាររដ្ឋធានីកៀវរបស់អ៊ុយក្រែនមួយនេះ ដោយប្រើប្រាស់មីស៊ីលផ្លោង កាលពីយប់ថ្ងៃពុធ ក្នុងនោះ គ្រាប់មីស៊ីលក៏បានវាយប៉ះចំទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង ព្រមទាំង អគារចំនួន២ផ្សេងទៀត។
លោក Vitali Klitschko បានបញ្ជាក់ថា មីស៊ីលទាំងនោះបានវាយប្រហារចំលើមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអគារផ្សេងៗ នៅត្រើយខាងកើតនៃទន្លេ Dnipro ដែលហូរកាត់កណ្តាលរដ្ឋធានីកៀវ។
អភិបាលក្រុងកៀវរូបនេះ បានបន្ថែមថា អគារមួយក្នុងចំណោមនោះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
បើតាម Straitstimes, ចាប់តាំងពីខែកញ្ញាមក កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារជាញឹកញាប់ទៅលើទីក្រុងកៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកឡើងថា យោងតាមព័ត៌មានចារកម្ម កងកម្លាំងរុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មីមួយទៀតលើប្រទេសអ៊ុយក្រែន។
យ៉ាងណាមិញ ទាំងអ៊ុយក្រែន និងរុស្ស៊ី សុទ្ធតែបានបដិសេធថា ពួកគេមិនបានកំណត់គោលដៅវាយប្រហារលើទីតាំងដែលមានជនស៊ីវិលនោះទេ៕
ប្រភព ៖ Straitstimes, ប្រែសម្រួល ៖ សារ៉ាត
























