តេហេរ៉ង់ ៖ អ៊ីរ៉ង់អះអាងកាលពីថ្ងៃពុធថា ខ្លួនបានត្រៀមរួចរាល់ក្នុងការទប់ទល់នឹងសកម្មភាពបិទផ្លូវសមុទ្រដោយសហរដ្ឋអាមេរិក ហើយកំពុងព្យាយាមទប់ស្កាត់ការឡើងថ្លៃទំនិញយ៉ាងគំហុក នៅក្នុងប្រទេសឥស្លាមមួយនេះ។
អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់បានថ្លែងថា ទីក្រុងតេហេរ៉ង់មិនមានការព្រួយបារម្ភអំពីការបិទផ្លូវសមុទ្រដោយសហរដ្ឋអាមេរិកនោះទេ ដោយសារតែមានការកើនឡើងយ៉ាងខ្លាំងនៃទំនិញដែលដឹកជញ្ជូនឆ្លងកាត់តាមព្រំដែនផ្សេងទៀត ហើយរដ្ឋាភិបាលក៏កំពុងព្យាយាមគ្រប់គ្រងការឡើងថ្លៃទំនិញផងដែរ។
បើតាម Straits times, ទីក្រុងតេហេរ៉ង់កំពុងប្រឈមមុខនឹងការកើនឡើងអតិផរណាដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដែលបណ្តាលមកពីជម្លោះដែលអូសបន្លាយជិត ៩ ខែមកហើយ ដោយតម្លៃអាហារមានការកើនឡើងយ៉ាងគំហុក។
សហរដ្ឋអាមេរិកបានដាក់ចេញឡើងវិញនូវការបិទផ្លូវសមុទ្រនៅតាមកំពង់ផែរបស់អ៊ីរ៉ង់កាលពីខែកក្កដា ហើយកាលពីដើមខែនេះ បានប្រកាសបង្កើតក្រុមការងារពិសេសមួយឈ្មោះថា “Task Force Iron Gate” ដើម្បីរឹតត្បិតការដឹកជញ្ជូនអាវុធ និងសម្ភារៈដែលស្ថិតក្រោមការដាក់ទណ្ឌកម្ម ឆ្លងកាត់តាមព្រំដែនគោករបស់អ៊ីរ៉ង់និងសមុទ្រកាសព្យែន (Caspian Sea)។
លោក Mohammad Reza Aref អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ បាននិយាយថា «ការកើនឡើងនៃការលើកដាក់ និងការអនុញ្ញាតឱ្យទំនិញឆ្លងកាត់តាមព្រំដែនដែលមិនមែននៅភាគខាងត្បូង បង្ហាញឱ្យឃើញថា យើងមិនមានការព្រួយបារម្ភអំពីការបិទផ្លូវសមុទ្ររបស់សត្រូវនោះទេ»។
លោកបានបន្ថែមថា ស្តុកទំនិញយុទ្ធសាស្ត្រមានភាពរឹងមាំ ហើយការផ្គត់ផ្គង់មានភាពសម្បូរបែប ប៉ុន្តែលោកមិនបានផ្តល់តួលេខជាក់លាក់ណាមួយឡើយ។
លោក Aref បានឱ្យដឹងថា រដ្ឋាភិបាលកំពុងព្យាយាមទប់ស្កាត់ការឡើងថ្លៃទំនិញចាំបាច់នានា យ៉ាងហោចណាស់ក្នុងរយៈពេល ៣ ខែខាងមុខ។
នៅក្នុងកិច្ចប្រជុំមួយផ្សេងទៀត, លោកប្រធានាធិបតី Masoud Pezeshkian បានថ្លែងថា រដ្ឋាភិបាលកំពុងព្យាយាមបង្វែរធនធានថវិកា និងថាមពលសន្សំសំចៃបន្ថែមទៀត ទៅលើការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សហគមន៍ក្រីក្រ។
យោងតាមមជ្ឈមណ្ឌលស្ថិតិអ៊ីរ៉ង់, តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីខែតុលា បានកើនឡើង ៨៨,៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំបានកើនឡើងដល់ ៧៦,៨%។ ដោយឡែក តម្លៃអាហារ និងភេសជ្ជៈបានកើនឡើង ១១២,៦% បើធៀបនឹងឆ្នាំមុន៕
ប្រភព ៖ Straits times, ប្រែសម្រួល ៖ សារ៉ាត
























