លោក គីម ជុងអ៊ុន អំពាវនាវឱ្យមានមធ្យោបាយបន្ថែមទៀតដើម្បីបាញ់អាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក គីម ជុងអ៊ុន អំពាវនាវឱ្យមានមធ្យោបាយបន្ថែមទៀតដើម្បីបាញ់អាវុធនុយក្លេអ៊ែរ

លោក គីម ជុងអ៊ុន អំពាវនាវឱ្យមានមធ្យោបាយបន្ថែមទៀតដើម្បីបាញ់អាវុធនុយក្លេអ៊ែរ

ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ថា ប្រទេសរបស់លោកគួរតែពង្រីកសមត្ថភាពក្នុងការបាញ់អាវុធនុយក្លេអ៊ែរចេញពីទម្រង់បាញ់ផ្សេងៗគ្នា ដោយសង្កត់ធ្ងន់ថា សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ឥឡូវនេះ គឺជា «ការពិត»។

លោក គីម បានធ្វើការកត់សម្គាល់ដូច្នេះ ក្នុងអំឡុងពេលចុះត្រួតពិនិត្យទីតាំងស្រាវជ្រាវអាវុធនុយក្លេអ៊ែរមួយកន្លែង កាលពីថ្ងៃពុធ នៅទីតាំងដែលមិនត្រូវបានបញ្ជាក់ ពោលគឺបន្ទាប់ពីមានការប្រកាសម្តងហើយម្តងទៀតថា ទីក្រុងព្យុងយ៉ាងនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានដកស្រង់សម្តីរបស់លោកដោយមិនបានបញ្ជាក់លម្អិតថា៖ «វិស័យផលិតអាវុធនុយក្លេអ៊ែរ គួរតែយកចិត្តទុកដាក់លើការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រសម្រាប់បេសកកម្មផ្សេងៗគ្នា នៅក្នុងដែនប្រតិបត្តិការជាច្រើន»។

លោកបានបន្ថែមថា វាគឺជា «ភារកិច្ចដ៏សំខាន់ និងបន្ទាន់មួយ ដែលកើតចេញពីតម្លៃយោធារបស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងសង្គ្រាមសម័យទំនើប និងចេញពីការពិតដែលមិនអាចជៀសរួច នៅពេលប្រឈមមុខនឹងព្រំដែនជាមួយរដ្ឋសត្រូវដ៏គ្រោះថ្នាក់បំផុត»។

ដោយបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសចំពោះអាវុធនុយក្លេអ៊ែរ, លោក គីម បានពណ៌នាគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនថា ជា «ធាតុស្នូលសម្រាប់ធានាអធិបតេយ្យភាពនៃសាធារណរដ្ឋ ដែលមានចែងនៅក្នុងច្បាប់កំពូលរបស់រដ្ឋ»។

លោកបានបន្ថែមថា «គ្មាននរណាម្នាក់មានសិទ្ធិបង្ខំយើងឱ្យប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់យើង ឬ មានសិទ្ធិប៉ុនប៉ងធ្វើវិសោធនកម្មវាឡើយ…សមត្ថភាពនុយក្លេអ៊ែររបស់យើង ឥឡូវនេះ បានក្លាយជាការពិតហើយ»។

លោក គីម ក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរថា កំពុងស្វែងរកការចម្លងកិច្ចព្រមព្រៀងសន្តិសុខ AUKUS របស់ខ្លួននៅអាស៊ីឦសាន តាមរយៈការលើកទឹកចិត្តសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលនេះជាការស្តីបន្ទោសយ៉ាងច្បាស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការទទួលបាននាវាប្រភេទនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា