ប៉េកាំង ៖ ប្រទេសចិនបានអំពាវនាវកាលពីថ្ងៃ ព្រហស្បតិ៍ ឱ្យប្រទេសមួយចំនួននៅក្រៅតំបន់ បញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង ព្រមទាំងគោរពអធិបតេយ្យភាព សិទ្ធិ និងផលប្រយោជន៍របស់ទីក្រុងប៉េកាំង។
ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីប្រទេសហ្វីលីពីន និងអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិថ្មីមួយ។ ភាគីហ្វីលីពីនអះអាងថា កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹងសមត្ថភាពទប់ស្កាត់ការគំរាមកំហែងនៅសមុទ្រចិនខាងត្បូង ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ចិន។
ឆ្លើយតបកិច្ចព្រមព្រៀងរវាងហ្វីលីពីន និងអូស្រ្តាលី អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Chen Xi បានលើកឡើងថា អ្នកនយោបាយហ្វីលីពីនមួយចំនួន ដែលជំរុញដោយផលប្រយោជន៍ផ្ទាល់ខ្លួន កំពុងផ្សព្វផ្សាយការនិទានរឿងមិនពិតអំពីប្រទេសចិន បង្កបញ្ហា និងព្យាយាមទាក់ទាញកម្លាំងខាងក្រៅឱ្យចូលមកគាំទ្រខ្លួន ដើម្បីបង្កភាពចលាចលក្នុងតំបន់។
លោកបន្តថា សកម្មភាពបែបនេះ នឹងធ្វើឱ្យមានភាពតានតឹងកាន់តែកើនឡើង ក៏ដូចជាប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ ដោយលោកបន្ថែមថា សមុទ្រចិនខាងត្បូងគួរតែជាសមុទ្រនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ យើងមិនស្វាគមន៍ការបង្កបញ្ហា និងការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នានៅទីនេះឡើយ។
ទន្ទឹមគ្នា អ្នកនាំពាក្យរូបនេះ បានជំរុញឱ្យប្រទេសក្រៅតំបន់គោរពយ៉ាងពិតប្រាកដចំពោះអធិបតេយ្យភាព សិទ្ធិ និងផលប្រយោជន៍របស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង ព្រមទាំងបញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហានេះ។
លោក Chen Xi អះអាងថា សកម្មភាពរបស់ចិនក្នុងការការពារអធិបតេយ្យភាពដែនដី និងសិទ្ធិផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន គឺស្របច្បាប់ និងមានភាពត្រឹមត្រូវ។
ដូច្នេះ ចិននឹងបន្តចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កហេតុ និងសកម្មភាពរំលោភបំពាននានា ជាពិសេសរារាំងយ៉ាងដាច់ខាតរាល់ការប៉ុនប៉ងណាមួយ ដែលមានគោលបំណងធ្វើឱ្យស្ថានការណ៍នៅសមុទ្រចិនខាងត្បូងបាត់បង់ស្ថិរភាព៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
























