បរទេស ៖ ប្រភពព័ត៌មានបានឱ្យដឹងថា សហរដ្ឋអាមេរិកបានជំរុញឱ្យប្រទេសវេណេស៊ុយអេឡា និងអ៊ីរ៉ាក់ ពិចារណាដកខ្លួនចេញពីអង្គការ នៃប្រទេសនាំចេញប្រេង OPEC។ នេះបើតាមការចេញផ្សាយរបស់ straitstimes នៅថ្ងៃសុក្រនេះ។
យោងតាមប្រភពចំនួន ១០ នាក់ ដែលដឹងពីបញ្ហានេះ បានឱ្យដឹងថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រទេសវេណេស៊ុយអេឡា និងអ៊ីរ៉ាក់ ពិចារណាដកខ្លួនចេញពីអង្គការ OPEC កាលពីដើមឆ្នាំនេះ ហើយថែមទាំងបានរារាំងប្រទេសវេណេស៊ុយអេឡាមិនឱ្យបង់ថ្លៃសមាជិកភាពប្រចាំឆ្នាំដល់អង្គការនេះទៀតផង។
សកម្មភាពដែលមិនធ្លាប់ត្រូវបានរាយការណ៍ពីមុនមកនេះ គឺសំដៅទៅលើសមាជិកស្ថាបនិកចំនួន ២ ក្នុងចំណោមសមាជិកស្ថាបនិកទាំង ៥ របស់អង្គការ OPEC ដែលនេះ គឺជាការប្រឈមមុខដោយផ្ទាល់យ៉ាងខ្លាំងចំពោះអង្គការមួយ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតែចោទប្រកាន់ជាយូរមកហើយថា បានរក្សាតម្លៃប្រេងឱ្យនៅខ្ពស់ ដោយសិប្បនិម្មិត។
យោងតាមប្រភពដែលដឹងពីកិច្ចពិភាក្សាទាំងនេះបានឱ្យដឹងថា នៅពេលនោះ មន្ត្រីអាមេរិកបានជំរុញឱ្យប្រទេសទាំងពីរបង្កើនការផលិតប្រេង និងការវិនិយោគ ខណៈដែលភាគីខ្លះមានការព្រួយបារម្ភថា ការកំណត់កម្រិតផលិតកម្មរបស់អង្គការ OPEC អាចនឹងក្លាយជាឧបសគ្គដល់មហិច្ឆតាទាំងនោះ។
ប្រភពចំនួន ២ នាក់ដែលដឹងពីបញ្ហានេះបាននិយាយថា សម្ពាធរបស់សហរដ្ឋអាមេរិកទៅលើប្រទេសវេណេស៊ុយអេឡាមានកម្រិតខ្លាំង រហូតដល់ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានចូលអន្តរាគមន៍ កាលពីរដូវក្តៅ ដោយបានបញ្ចុះបញ្ចូលរដ្ឋបាលលោក ដូណាល់ ត្រាំ ឱ្យបញ្ឈប់ការដាក់សម្ពាធលើបញ្ហានេះបន្តទៀត។
ចំណែកឯនៅប្រទេសអ៊ីរ៉ាក់វិញ, ប្រភពចំនួន ២ នាក់ដែលដឹងពីបញ្ហានេះបានឱ្យដឹងថា នាយករដ្ឋមន្ត្រី Ali Faleh al-Zaidi បានលើកឡើងពីលទ្ធភាពនៃការដកខ្លួនចេញពីអង្គការ OPEC នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយ បន្ទាប់ពីមានការពិភាក្សាជាមួយមន្ត្រីអាមេរិក ដែលបានលើកទឹកចិត្តឱ្យមានគំនិតនេះ៕
ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត























