បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ថា កូរ៉េខាងជើង ផ្អាកដឹកមីស៊ីលឱ្យ រុស្ស៊ី ក្រោយដឹងថា ក្រុងមូស្គូ ចង់ងាកទៅល្អូកល្អឺនជាមួយ កូរ៉េខាងត្បូង

អ៊ុយក្រែន ថា កូរ៉េខាងជើង ផ្អាកដឹកមីស៊ីលឱ្យ រុស្ស៊ី ក្រោយដឹងថា ក្រុងមូស្គូ ចង់ងាកទៅល្អូកល្អឺនជាមួយ កូរ៉េខាងត្បូង

សេអ៊ូល ៖ ចារកម្មយោធាអ៊ុយក្រែនអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងបានសម្រេចផ្អាកដឹកមីស៊ីលផ្លោង KN-23 និងសព្វាវុធផ្សេងៗទៀតទៅឲ្យរុស្ស៊ីដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងមូស្គូមានបំណងងាកទៅល្អូកល្អឺនឡើងវិញជាមួយកូរ៉េខាងត្បូង ។

បើតាម straitstimes, ភាពតានតឹងផ្នែកការទូតរវាងសម្ព័ន្ធមិត្តទាំងពីរចាប់ផ្តើមមាន កាលពីខែមុន ដោយក្នុងនោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានប្រកាសពីការផ្អាកកិច្ចសហប្រតិបត្តិការជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីម្នាក់ ដែលថា រដ្ឋាភិបាលក្រុងមូស្គូនឹងជួយបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ។

លោកស្រី Choe បានទាមទារឱ្យរុស្ស៊ីបញ្ជាក់ឱ្យច្បាស់ពីគោលនយោបាយរបស់ខ្លួនចំពោះកូរ៉េខាងត្បូង ហើយបានប្រកាសផ្អាកទាំងការហោះហើរយោធារបស់រុស្ស៊ី ឆ្លងកាត់ដែនអាកាសកូរ៉េខាងជើង និងការដឹកជញ្ជូនគ្រាប់កាំភ្លើងធំ ព្រមទាំងមីស៊ីលផ្លោង KN-23 ទៅកាន់ប្រទេសរុស្ស៊ីផងដែរ ។

ក្រៅពីនេះ, ទីក្រុងព្យុងយ៉ាងកំពុងពន្យារពេលចំពោះសំណើរបស់រុស្ស៊ី ដែលសុំពង្រីកវត្តមានយោធាកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី ពីកងទ័ពប្រមាណ ៨,៥០០ នាក់ទៅដល់ ៥ ម៉ឺននាក់ទៀតផង ។

បើទោះជាបែបនេះក្ដី ទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកូរ៉េខាងជើង នៅតែបន្តមានជាធម្មតា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

ជាក់ស្តែង កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលជួបលោក Jo Yong Won ដែលជាជំនួយការជិតស្និទ្ធបំផុតម្នាក់របស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅវិមានក្រឹមឡាំង ដោយបុរសទាំងពីរត្រូវបានគេរាយការណ៍ថាបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ខ្លួន ៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា