បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសមានអាវុធនុយក្លេអ៊ែរនៅ អាស៊ី ថា អាវុធនុយក្លេអ៊ែរត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស

ប្រទេសមានអាវុធនុយក្លេអ៊ែរនៅ អាស៊ី ថា អាវុធនុយក្លេអ៊ែរត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស

អ៊ីស្លាម៉ាបាត ៖ ប៉ាគីស្ថាន ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរនៅអាស៊ី បានបញ្ជាក់ថា អាវុធនុយក្លេអ៊ែរត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស និងព្រមានថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ (AI) មិនត្រូវប្រើប្រាស់ដើម្បីកំណត់គោលដៅវាយប្រហារលើប្រព័ន្ធបញ្ជាការ គ្រប់គ្រង និងទំនាក់ទំនងនុយក្លេអ៊ែរឡើយ ។

ការព្រមាននេះត្រូវបានធ្វើឡើងដោយលោកឯកអគ្គរដ្ឋទូត Syed Haider Shah តំណាងអចិន្ត្រៃយ៍របស់ប៉ាគីស្ថានប្រចាំអង្គការសហប្រជាជាតិ ក្នុងអំឡុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ស្តីពីការដោះស្រាយជម្លោះក្នុងយុគសម័យនៃការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតប៉ាគីស្ថានរូបនេះ មានសារៈសំខាន់ជាពិសេសចំពោះតំបន់អាស៊ីខាងត្បូង ដែលប៉ាគីស្ថាន និងឥណ្ឌាសុទ្ធតែមានអាវុធនុយក្លេអ៊ែរ ។ ដូច្នេះ សន្តិសុខនៃប្រព័ន្ធបញ្ជាការ គ្រប់គ្រង និងទំនាក់ទំនងនុយក្លេអ៊ែរ គឺជាក្តីបារម្ភដ៏សំខាន់មួយនៅក្នុងតំបន់ ។

បើតាមសារព័ត៌មាន Dawn, លោក Shah បានអះអាងថា ការអភិវឌ្ឍ និងការរួមបញ្ចូលគ្នាយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗ កំពុងបង្កើនល្បឿន ទំហំ និងភាពស្មុគស្មាញនៃបញ្ហាប្រឈមផ្នែកសន្តិសុខអន្តរជាតិ ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ហើយអាចធ្វើឱ្យការប្រកួតប្រជែងសព្វាវុធដែលកំពុងបន្តកាន់តែមានភាពតានតឹងថែមទៀត ។

ជាមួយគ្នានេះ លោក Shah បានអំពាវនាវឱ្យមានវិធានការការពារ បទប្បញ្ញត្តិ និងក្របខ័ណ្ឌអភិបាលកិច្ចសមស្រប ដើម្បីធានាថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា គឺបម្រើដល់សន្តិភាព ជាជាងក្លាយជាឧបករណ៍សម្រាប់ការត្រួតត្រាភូមិសាស្ត្រនយោបាយ និងសង្គ្រាម ។

បើតាមគេហទំព័រ icanw, ប្រទេសចំនួន ៩ នៅលើពិភពលោក ដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរ ក្នុងនោះរួមមានរុស្ស៊ី សហរដ្ឋអាមេរិក ចិន បារាំង ចក្រភពអង់គ្លេស ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង ។

ប៉ាគីស្ថានបានក្លាយជាមហាអំណាចនុយក្លេអ៊ែរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៨ នៅពេលដែលប្រទេសអាស៊ីមួយនេះ បានធ្វើតេស្តនុយក្លេអ៊ែរដំបូងនៅខេត្ត Balochistan ។ ហើយបច្ចុប្បន្ន ប៉ាគីស្ថានមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ១៧០ គ្រាប់ ៕

ប្រភព ៖ Dawn និង icanw ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា