ទិវាវប្បធម៌ជាតិឆ្នាំនេះផ្តោតលើកាតព្វកិច្ចយុវជនក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទិវាវប្បធម៌ជាតិឆ្នាំនេះផ្តោតលើកាតព្វកិច្ចយុវជនក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌

ទិវាវប្បធម៌ជាតិឆ្នាំនេះផ្តោតលើកាតព្វកិច្ចយុវជនក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌

នៅឆ្នាំនេះ រាជរដ្ឋាភិបាលរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ដោយនៅតែបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់ របស់យុវជនបន្តវេន ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌។

Advertisement

ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយសម្រាប់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការការពារ ថែរក្សា និងលើកតម្លៃចំពោះវប្បធម៌ អារ្យធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសស្ថិតក្នុងគ្រាដ៏លំបាក ដែលប្រទេសជាតិបានទទួលរងសង្គ្រាមឈ្លានពានមក ហើយសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួននៅតាមបណ្តោយព្រំដែន កម្ពុជា ថៃ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦នេះ ដោយនៅតែបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។

ការរក្សាប្រធានបទដដែលនេះ គឺដើម្បីរំលេចអំពីកាតព្វកិច្ចរបស់យុវជនបន្តវេន ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ ប្រកបដោយចីរភាព និងបរិយាបន្ន ក៏ដូចជាដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពង់ខ្ពស់។

ដោយឡែក នៅក្នុងព្រះរាជសារជូនជនរួមជាតិ ចុះថ្ងៃទី០២ មីនា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយ ដែលប្រជាជាតិកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ សំដៅបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ។

កេរដំណែលវប្បធម៌ដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យរហូតមកដល់សព្វថ្ងៃនេះ គឺជាគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណជាតិកម្ពុជា និងជាមធ្យោបាយឈ្នះ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។

ព្រះរាជសារបន្តថា យើងប្រារព្ធទិវាវប្បធម៌ជាតិទាំងអស់គ្នា ដើម្បីលើកកម្ពស់ មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ។

ជាចុងក្រោយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឧទ្ទិសឱ្យទិវាវប្បធម៌ជាតិ ស្ថិតក្នុងស្មារតីចងចាំរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប ស្របតាម ទិសស្លោក «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា