កម្ពុជានឹងមានរោងចក្រស្តុក និងចម្រាញ់ប្រេងក្នុងស្រុក នៅឆ្នាំ ២០២៩

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានឹងមានរោងចក្រស្តុក និងចម្រាញ់ប្រេងក្នុងស្រុក នៅឆ្នាំ ២០២៩

កម្ពុជានឹងមានរោងចក្រស្តុក និងចម្រាញ់ប្រេងក្នុងស្រុក នៅឆ្នាំ ២០២៩

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានប្រកាសឱ្យដឹងថា កម្ពុជា កំពុងជំរុញផែនការបង្កើតរោងចក្រចម្រាញ់​ប្រេងឱ្យលេចចេញជា​រូបរាងក្នុងរយៈពេល ៣ឆ្នាំខាងមុខ។

Advertisement

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងកាលពីថ្ងៃពុធក្នុងពិធីបើក “កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦” ក្នុងទីក្រុងភ្នំពេញថា រដ្ឋាភិបាលកំពុងចរចាជាមួយដៃគូវិនិយោគ ដើម្បីជម្នះបញ្ហាប្រឈមនៃទំហំទីផ្សារ ហើយ​បញ្ហាទំហំទីផ្សារតូច គឺជាកត្តាចម្បងដែលនាំឱ្យមានការយឺតយ៉ាវក្នុងការទាក់ទាញទុនវិនិយោគពីបរទេស។ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាកំពុងស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យមានការស្តុក និងចម្រាញ់ប្រេងដោយផ្ទាល់នៅក្នុងស្រុក។

បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ននេះ កម្ពុជា នៅពឹងផ្អែកទាំងស្រុង លើការនាំចូលថាមពលពីក្រៅប្រទេស ដើម្បី​បំពេញតម្រូវការទីផ្សារក្នុងស្រុក តាមរយៈក្រុមហ៊ុន Chevron របស់អាម៉េរិក ផ្គត់ផ្គង់ឱ្យស្ថានីយកាល់តិច, ក្រុមហ៊ុនតូតាល់​របស់បារាំង និងក្រុមហ៊ុនដៃគូផ្សេងៗទៀត។

អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ញិល រដ្ឋា លើកឡើងថា ការបង្កើតរោងចក្រចម្រាញ់ប្រេងក្នុងស្រុក អាចជួយឱ្យតម្លៃប្រេង​នៅកម្ពុជាធ្លាក់ចុះចន្លោះពី ៥% ទៅ ១៥%។

អ្នកជំនាញដដែលយល់ឃើញថា ទោះបីតម្លៃប្រេងឆៅត្រូវពឹងផ្អែកលើទីផ្សារសកល ប៉ុន្តែការមានរោងចក្រផ្ទាល់ខ្លួននឹង​ផ្តល់​អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រចំនួន ៣ គឺការកាត់បន្ថយថ្លៃដឹកជញ្ជូន និងសេវាធានារ៉ាប់រង, កាត់បន្ថយពន្ធនាំចូល និងការបង្កើនការប្រកួតប្រជែង។

ចំណែកលោកបណ្ឌិត ជ័យ តិច អ្នកជំនាញស្រាវជ្រាវអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកឡើងថា កម្ពុជា ដល់ពេលដែល​ត្រូវគាស់​កាយធនធានរ៉ែប្រេង ដើម្បីអភិវឌ្ឍប្រទេស ស្តារសេដ្ឋកិច្ច ពង្រឹងវិស័យយោធា វិស័យអប់រំ និងជីវភាពប្រជាជនកម្ពុជា។
លោក បន្ថែមថា ការចម្រាញ់ថាមពលក្នុងស្រុក នឹងជួយឲ្យមានលំនឹងទីផ្សារក្នុងប្រទេស។

លោកបណ្ឌិតបញ្ជាក់ថា កម្ពុជាអាចរក្សាបាន​និរន្តរភាព​នៃការផ្គត់ផ្គង់ទីផ្សារ ក៏ដូចជាមានភាពធន់ទប់ទល់ផលប៉ះពាល់ពី​សង្គ្រាម​ខាងក្រៅដែលធ្វើឱ្យការផ្តត់ផ្គង់ប្រេងមានការខ្វះខាតតម្លៃឡើងថ្លៃខ្លាំងជាដើម។

បើតាម លោកបណ្ឌិត ជ័យ តិច ការនាំចូលថាមពលរបស់កម្ពុជា កាលពីឆ្នាំ ២០២៥ មានទំហំប្រមាណ ២,៤៣ ពាន់លាន​ដុល្លារ ហើយប្រសិនបើកម្ពុជាអាចបង្កើតរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯង។ ដូច្នេះសាច់ប្រាក់ទាំងនេះនឹង​ហូរចូល​សេដ្ឋកិច្ចជាតិដោយផ្ទាល់។

ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាបណ្ណឱ្យដល់ក្រុមហ៊ុន EnerCam Resources Corp ដែលជាបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Angkor Resources របស់ប្រទេសកាណាដា ធ្វើការសិក្សាស្រាវជ្រាវរុករកប្រេង និងឧស្ម័ននៅប្លុក៨ ដែល​ជាប្លុកនៅលើដែនគោក ស្ថិតក្នុងខេត្តចំនួន៥របស់កម្ពុជា រួមមាន ខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងខេត្តកែប ដែលមានផ្ទៃក្រឡាប្រហែល ៥ពាន់គីឡូម៉ែត្រការ៉េ។

ក្រុមហ៊ុន Angkor Resources បានរាយការណ៍តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ ២០២៦ ពីការ​កំណត់​រកឃើញគោលដៅចោះស្វែងរកប្រេង និងឧស្ម័នចំនួន ៤ កន្លែង នៅតំបន់ភ្នំបូកគោ និងគិរីរម្យ។
ក្រុមមហ៊ុនដដែលឱ្យដឹងថា ខ្លួនកំពុងត្រៀមលក្ខណៈសម្រាប់ចោះសាកល្បងបូមប្រេងទីតាំងដែលបានរកឃើញទាំងនេះ៕

ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា