រោងភាពយន្ត Sabay ដែលជាសមិទ្ធផលថ្មីក្នុងវិស័យភាពយន្ត និងការកម្សាន្តមានមោទកភាពប្រកាសពីការទិញសិទ្ធិផ្ដាច់មុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រោងភាពយន្ត Sabay ដែលជាសមិទ្ធផលថ្មីក្នុងវិស័យភាពយន្ត និងការកម្សាន្តមានមោទកភាពប្រកាសពីការទិញសិទ្ធិផ្ដាច់មុខ

រោងភាពយន្ត Sabay ដែលជាសមិទ្ធផលថ្មីក្នុងវិស័យភាពយន្ត និងការកម្សាន្តមានមោទកភាពប្រកាសពីការទិញសិទ្ធិផ្ដាច់មុខ

ភ្នំពេញ ៖ វិស័យកម្សាន្តរបស់ប្រទេសកម្ពុជាបានបើកទំព័រថ្មីមួយក្នុងថ្ងៃនេះ ជាមួយនឹងការប្រកាសបើកដំណើរការជាផ្លូវការនៃរោងភាពយន្ត Sabay ដែលធ្លាប់ស្ថិតនៅក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន Major Cineplex Cambodia ។ ការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសដកការវិនិយោគក្នុងតំបន់របស់ក្រុមហ៊ុន Major Cineplex Group នៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការកែសម្រួលយុទ្ធសាស្រ្តវែងឆ្ងាយរបស់ក្រុមហ៊ុន ។

Advertisement

ឆ្លើយតបទៅនឹងដំណឹងនេះ ក្រុមហ៊ុន Sabay Digital Group បានសម្រេចចិត្តទិញយកភាគហ៊ុនទាំងមូលដែលធ្លាប់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Major Cineplex Group ដែលនាំឲ្យប្រតិបត្តិការអាជីវកម្មរោងភាពយន្ត និងប៊ូលីង ត្រូវបានកាន់កាប់ និងគ្រប់គ្រងដោយជនជាតិកម្ពុជាទាំងស្រុង ។ ការផ្លាស់ប្តូរនេះ មិនមែនត្រឹមតែជាការសម្រេចចិត្តអាជីវកម្មជាលក្ខណៈយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែវាជាការបោះជំហានដ៏មានអត្ថន័យដែលឈានឆ្ពោះទៅរកការពង្រឹងឧស្សាហកម្មវប្បធម៌ជាតិ និងកំណត់អនាគតនៃវិស័យភាពយន្តនិងការកម្សាន្តដែលឋិតក្នុងដៃរបស់ប្រជាជនកម្ពុជាយ៉ាងរឹងមាំ។

ជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ ម៉ាកយីហោប៊ូលីង Blue-O ដែលមានស្រាប់នឹងត្រូវបានប្តូរទៅជា Sabay Rhythm & Bowl ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ក្រុមហ៊ុន Sabay ក្នុងការបង្កើតការកម្សាន្តបែបទំនើបដែលពេញលេញដោយពង្រីកវិសាលភាពលើសពីខ្សែភាពយន្ត និងលើកកម្ពស់បែបផែននៃការរស់នៅ និងបទពិសោធន៍សង្គមសម្រាប់ទស្សនិកជនគ្រប់ជំនាន់។

ពិធីបើកសម្ពោធជាផ្លូវការដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ មីនា ២០២៦នេះ ត្រូវបានធ្វើឡើងនៅសាលរោងភាពយន្ត Sabay ដែលស្ងិតនៅជាន់ទីពីរនៃផ្សារទំនើប AEON Mall ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នសារព័ត៌មានឈានមុខក្នុងស្រុក ថ្នាក់ដឹកនាំឧស្សាហកម្ម អ្នកជំនាញវិស័យកម្សាន្ត និងភ្ញៀវកិត្តិយសនានា។ វត្តមានរបស់ពួកគេបានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងសម្រាប់សាធារណជន តម្លាភាព និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Sabay ចំពោះឧស្សាហកម្មមួយនេះ។

ប្រតិបត្តិការនៅតាមបណ្តាទីតាំងរោងភាពយន្តទាំងប្រាំមួយនឹងនៅតែបន្តដោយគ្មានផលរំខាន។ ទស្សនិកជននឹងទទួលបានបទពិសោធន៍នៃអត្តសញ្ញាណម៉ាក់យីហោថ្មី ស្តង់ដាសេវាកម្មដែលល្អប្រសើរជាងមុន និងយុទ្ធសាស្រ្តឈានឆ្ពោះទៅមុខដែលសំដៅពង្រឹងវិស័យភាពយន្ត និងកម្សាន្តរបស់ប្រទេសកម្ពុជា។ Sabay នឹងទទួលខុសត្រូវរ៉ាប់រងទាំងស្រុងចំពោះបុគ្គលិក កន្លែងរោងភាពយន្តនិងប៊ូលីង សម្ភារៈ និងបច្ចេកវិទ្យា។
ក្រុមហ៊ុននឹងគ្រប់គ្រង និងវិនិយោគដោយឯករាជ្យទៅលើប្រព័ន្ធរបស់ខ្លួន រួមមានបច្ចេកវិទ្យា IMAX Laser និង ScreenX ដែលទើបដំឡើងថ្មី ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធបញ្ចាំងដែលមានស្រាប់។

ប្រព័ន្ធលក់សំបុត្រភាពយន្តថ្មី ការកក់សំបុត្រតាមប្រព័ន្ធអ៊ីនធឺណិត និងការផ្លាស់ប្តូរម៉ាក់យីហោថ្មីដែលកាន់តែប្រសើរជាងមុននឹងត្រូវបានណែនាំផងដែរ។ លើសពីនេះទៅទៀត ទីតាំងនៅក្នុងសាលនៃរោងភាពយន្ត Sabay នឹងត្រូវបានអភិវឌ្ឍជាថ្មីអោយមានបរិយាកាសងាយស្រួលសម្រាប់អតិថិជន រួមមានទីតាំងធ្វើការរួមគ្នា ហាងកាហ្វេ និងទីតាំងកម្សាន្តដែលរចនាឡើងដើម្បីគាំទ្រទៅដល់ផលិតករភាពយន្តវ័យក្មេងនានាតាមរយៈបណ្តាញទំនាក់ទំនង ការសហការគ្នា និងឪកាសទទួលបានការបណ្តុះបណ្តាលនានា។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនេះ លោក ជី សិលា ដែលជាម្ចាស់រោងភាពយន្ត Sabay បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ គឺជាថ្ងៃដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះតម្លាភាព និងជាការចាប់ផ្តើមនៃដំណើររបស់រោងកុន Sabay ក្នុងការកសាងគ្រឹះដ៏រឹងមាំមួយនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលយើងកំពុងលើកកម្ពស់ស្តង់ដានៃឧស្សាហកម្មភាពយន្ត និងកម្សាន្តរបស់ប្រទេស។”

ក្រោមការដឹកនាំរួមគ្នាតែមួយ រោងភាពយន្ត Sabay នឹងបន្តរីកចម្រើនជាមួយមហិច្ឆតាច្បាស់លាស់ពីររួមមាន៖

  • ពង្រឹង និងវិនិយោគទៅលើវិស័យភាពយន្ត និងកម្សាន្តរបស់ប្រទេសកម្ពុជា
  • លើកកម្ពស់វិស័យកម្សាន្តជាតិតាមរយៈភាពរីកចម្រើនដោយចីរភាព
    ខណៈជំពូកថ្មីនេះត្រូវបានចាប់ផ្តើម រោងភាពយន្ត Sabay តាំងជំហរជាសហគ្រាសដែលដឹកនាំដោយជនជាតិកម្ពុជាហើយប្តេជ្ញាក្នុងការផ្តល់អានុភាពទៅកាន់ទេពកោសល្យក្នុងស្រុក ការរីកចម្រើនដោយឯករាជ្យ និងជម្រុញអនាគតនៃឧស្សាហកម្មភាពយន្តនិងកម្សាន្តរបស់ប្រទេស ៕

សម្រួលអត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា