អាជ្ញាធរជាតិអប្សរាអំពាវនាវឱ្យពលរដ្ឋគោរពបទប្បញ្ញត្តិ ក្នុងការថតរូប និងវីដេអូនៅតំបន់អង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរាអំពាវនាវឱ្យពលរដ្ឋគោរពបទប្បញ្ញត្តិ ក្នុងការថតរូប និងវីដេអូនៅតំបន់អង្គរ

អាជ្ញាធរជាតិអប្សរាអំពាវនាវឱ្យពលរដ្ឋគោរពបទប្បញ្ញត្តិ ក្នុងការថតរូប និងវីដេអូនៅតំបន់អង្គរ

បន្ទាប់ពីតារាម្នាក់បានបញ្ចេញប្រតិកម្មលើបណ្តាញសង្គម រិះគន់អាជ្ញាធរចំពោះការហាមឃាត់ការថតរូបផ្សព្វផ្សាយនៅតំបន់ប្រាសាទអង្គរ អាជ្ញាធរជាតិអប្សរា ក្នុងនាមជាស្ថាប័នទទួលបន្ទុកគ្រប់គ្រង និងអភិរក្សតំបន់បេតិកភណ្ឌពិភពលោកអង្គរ បានចេញថ្លែងការណ៍មួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋ សិល្បករ សិល្បការិនី និងអ្នកបង្កើតមាតិកានានា ឱ្យគោរពបទប្បញ្ញត្តិ និងគោរពតម្លៃវប្បធម៌ ក្នុងការថតរូបភាព និងវីដេអូផ្សព្វផ្សាយ នៅក្នុងរមណីយដ្ឋានអង្គរ។

Advertisement

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ខ្លួនគាំទ្រសកម្មភាពទស្សនា ការថតរូបអនុស្សាវរីយ៍ និងការថតវីដេអូសម្តែងទាំងឡាយ ដែលមានគោលបំណងលើកកម្ពស់វប្បធម៌ និងប្រពៃណីជាតិ។ កន្លងមក អាជ្ញាធរអប្សរាសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមអនុវត្តបានល្អប្រសើរ ប៉ុន្តែជាមួយគ្នានេះ អាជ្ញាធរក៏បានសម្គាល់ឃើញនៅមានចំណុចខ្វះចន្លោះមួយចំនួន ដែលអាចបង្កផលប៉ះពាល់ទៅដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិ ដ៏ល្អផូរផង់ផងដែរ។

ក្នុងន័យនេះ ក្រុមការងារភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់របស់អាជ្ញាធរអប្សរា អាចនឹងស្នើសុំត្រួតពិនិត្យ និងសួរនាំទៅលើទម្រង់នៃការថតមួយចំនួន ដែលអាចបង្ករផលប៉ះពាល់។ សកម្មភាពថតទាំងនោះមានដូចជា ទង្វើខុសពីក្រមប្រតិបត្តិអង្គរ ការថតសម្តែង ការស្លៀកសម្លៀកបំពាក់ខុសឆ្គងខ្លាំងនឹងទីតាំងបេតិកភណ្ឌ ការដើរបង្ហាញម៉ូត និងការបញ្ចេញសកម្មភាពឆ្គាំឆ្គងមិនសមស្រប ការថតផ្សាយផលិតផលមិនមានការអនុញ្ញាត ក៏ដូចជាកាយវិការប្រមូលផ្តុំណាមួយ និងការថតដែលអាចរំខានដល់ការទស្សនារបស់ភ្ញៀវជាតិ/អន្តរជាតិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈជាដើម។

សេចក្តីដូចបានជម្រាបជូនខាងលើ អាជ្ញាធរអប្សរាបានស្នើដល់សាធារណជនគ្រប់មជ្ឈដ្ឋាន មេត្តាយោគយល់ និងចូលរួមសហការ ក្នុងគោលដៅរួមគ្នា ដើម្បីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌជាតិ។ អាជ្ញាធរអប្សរាក៏បាន អំពាវដល់ម្ចាស់គណនី ដែលបានផ្សព្វផ្សាយព័ត៌មានបង្កឱ្យមានការយល់ច្រឡំក្នុងមតិសាធារណជន មេត្តាលុបព័ត៌មានទាំងនេះចេញវិញ ដើម្បីរក្សាបរិយាកាសសង្គមប្រកបដោយសាមគ្គីភាពជាតិតែមួយ។

រមណីយដ្ឋានអង្គរ គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាអត្តសញ្ញាណដ៏សំខាន់របស់ជាតិ ដែលត្រូវការការចូលរួមថែរក្សាពីប្រជាពលរដ្ឋគ្រប់រូប ដើម្បីធានាការអភិរក្សឱ្យបានគង់វង្សយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា