កម្ពុជាលើកកម្ពស់សំណេរ និងអំណានក្នុងបរិបទថ្មីនៃការវិវត្តបច្ចេកវិទ្យាឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាលើកកម្ពស់សំណេរ និងអំណានក្នុងបរិបទថ្មីនៃការវិវត្តបច្ចេកវិទ្យាឌីជីថល

កម្ពុជាលើកកម្ពស់សំណេរ និងអំណានក្នុងបរិបទថ្មីនៃការវិវត្តបច្ចេកវិទ្យាឌីជីថល

ការអានគឺជាគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍបញ្ញា ការពង្រឹងសមត្ថភាពគិតវិភាគ ការបង្កើនជំនាញស្រាវជ្រាវ និងការពង្រីកទស្សនវិស័យឱ្យកាន់តែទូលំទូលាយ។ នៅឆ្នាំនេះ កម្មវិធីទិវាជាតិអំណានលើកទី១១ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១១មីនា នៅវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» ដោយមានការចូលរួមជាអធិបតីពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

Advertisement

ប្រធានបទនេះមានភាពសមស្របជាមួយស្ថានភាពបច្ចុប្បន្ន។ ពាក្យថា «បរិបទថ្មី» មិនត្រឹមតែសំដៅទៅលើការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅទៅលើសមត្ថភាពក្នុងការអាន និងវិភាគព័ត៌មានឱ្យបានត្រឹមត្រូវ ក្នុងពិភពលោកដែលពោរពេញដោយការប្រែប្រួលយ៉ាងឆាប់រហ័ស។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ការអានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងជាច្រើន។ វាជួយឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពតានតឹង ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ មានចំណេះដឹងទូលំទូលាយ បង្កើនភាពច្នៃប្រឌិត និងទទួលបាននូវគំនិតល្អៗ ទាន់សម័យកាល សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ជីវិតរស់នៅ ឆ្ពោះទៅការកសាងសង្គមពុទ្ធិមួយដ៏រឹងមាំ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់បន្ថែមថា ការអានជួយពង្រីកគំនិតរបស់យើង ខណៈការសរសេរធ្វើឱ្យការគិតរបស់យើងកាន់តែមុតស្រួច។ តាមរយៈការអាន យើងអាចទទួលបានចំណេះដឹង និងការយល់ដឹងអំពីពិភពលោក ខណៈតាមរយៈការសរសេរ យើងអាចចែករំលែកគំនិត ជំរុញការផ្លាស់ប្តូរ និងរួមចំណែកដល់វឌ្ឍនភាពសង្គម។ ដូច្នេះ យើងត្រូវលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យឱបក្រសោបការអាន និងការសរសេរ ជាឧបករណ៍សម្រាប់ការរៀនសូត្រពេញមួយជីវិត ក៏ដូចជាបង្កើតភាពច្នៃប្រឌិត និងការទទួលខុសត្រូវក្នុងសង្គម។

ជាងនេះទៅទៀត ការអាន និងការសរសេរ មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភាពជាពលរដ្ឋល្អ ដោយជួយឱ្យសិស្ស និងយុវជន យល់ដឹងអំពីបញ្ហាសង្គម គោរពទស្សនៈចម្រុះ និងចូលរួមក្នុងការអភិវឌ្ឍជាតិ។ ខណៈព្រះរាជាណាចក្រកម្ពុជាកំពុងបន្តធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងសហគមន៍អន្តរជាតិ សិស្ស និងយុវជនត្រូវតែត្រៀមខ្លួន ដើម្បីចូលរួមជាមួយពិភពលោកប្រកបដោយទំនុកចិត្ត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកថ្ងៃទី១១ ខែមីនា ដែលជាថ្ងៃខែកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីប្រារព្ធទិវាជាតិអំណានជារៀងរាល់ឆ្នាំ។ ការប្រារព្ធនេះមានគោលបំណងរំឭកដល់គុណូបការៈដ៏ថ្លៃថ្លារបស់សម្តេចព្រះសង្ឃរាជ ដែលបានខិតខំតស៊ូពុះពារការពារ អភិរក្ស និងលើកស្ទួយអក្សរសាស្រ្តជាតិ ហើយគោលបំណងសំខាន់មួយទៀត គឺបណ្តុះទម្លាប់អាន និងតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា