ក្រោយអស់ស្តុកចាស់ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះវិញតាមទីផ្សារអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយអស់ស្តុកចាស់ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះវិញតាមទីផ្សារអន្តរជាតិ

ក្រោយអស់ស្តុកចាស់ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះវិញតាមទីផ្សារអន្តរជាតិ

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន AMS ថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជាអាចនឹងមានការធ្លាក់ចុះមកវិញនៅពេលក្រសួងប្រកាសតម្លៃលក់រាយថ្មី ស្របតាមនិន្នាការនៃការធ្លាក់ចុះនៃតម្លៃក្នុងទីផ្សារអន្តរជាតិ។

Advertisement

ឯកឧត្តមបានពន្យល់បន្ថែមថា មូលហេតុដែលតម្លៃប្រេងឡើងថ្លៃនៅថ្ងៃនេះ គឺដោយសារការលក់ចេញនូវស្តុកចាស់ដែលបាននាំចូលក្នុងតម្លៃខ្ពស់កាលពីពេលមុន។

កាលពីយប់ថ្ងៃចន្ទ ក្រសួងពាណិជ្ជកម្មបានប្រកាសសេចក្តីជូនដំណឹងពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែមីនានេះតទៅ សម្រាប់រយៈពេល៣ថ្ងៃ។ ក្នុងនោះ ប្រេងសាំងធម្មតា១លីត្រមានតម្លៃ ៥ ២០០ រៀល កើនឡើង ៨០០ រៀល និងប្រេងម៉ាស៊ូតមានតម្លៃ ៦ ០៥០ រៀល កើនឡើង ៩០០ រៀល។ ការហក់ឡើងនៃតម្លៃនេះ គឺមានគម្លាតឆ្ងាយធៀបនឹងសប្តាហ៍ទី១ នៃខែមីនា ដែលកាលនោះប្រេងឥន្ធនៈមានតម្លៃត្រឹមតែ ៣ ៨៥០ រៀល ប៉ុណ្ណោះក្នុងមួយលីត្រ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីសប្តាហ៍មុនថា ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈក្នុងស្រុក គឺផ្អែកទៅលើថ្លៃដើមនៃការនាំចូលជាក់ស្ដែង ពោលគឺបើទិញចូលក្នុងតម្លៃទាប នឹងត្រូវលក់ចេញក្នុងតម្លៃទាប ប៉ុន្តែប្រសិនបើថ្លៃដើមនាំចូលខ្ពស់ តម្លៃលក់រាយក៏ត្រូវកែសម្រួលឡើងខ្ពស់ទៅតាមនោះដែរ។

តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះយ៉ាងគំហុកពីតម្លៃជិត ១២០ ដុល្លារ មកក្រោម ៩០ ដុល្លារក្នុងមួយបារ៉ែលកាលពីម្សិលមិញ ក្រោយការថ្លែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា សង្រ្គាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ជិតដល់ទីបញ្ចប់ហើយ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបាននាំចូលប្រេងឥន្ធនៈពីបណ្ដាប្រទេសធំៗមួយចំនួន រួមមានសហរដ្ឋអាមេរិក បារាំង វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសចិន ជាដើម៕

អត្ថបទ៖​ ទួន សុផល

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា