តម្លៃប្រេងនៅកម្ពុជាត្រៀមធ្លាក់ចុះវិញ តាមតម្លៃទីផ្សារអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងនៅកម្ពុជាត្រៀមធ្លាក់ចុះវិញ តាមតម្លៃទីផ្សារអន្តរជាតិ

តម្លៃប្រេងនៅកម្ពុជាត្រៀមធ្លាក់ចុះវិញ តាមតម្លៃទីផ្សារអន្តរជាតិ

ភ្នំពេញ៖តម្លៃប្រេងឥន្ធនៈបានបន្តហក់ឡើងបន្ថែមទៀតនៅថ្ងៃពុធទី១១ ខែមីនា ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា តម្លៃប្រេង​ថ្មីនឹង​ធ្លាក់ចុះមកវិញក្នុងពេលខាងមុខនេះ។

Advertisement

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន AMS ថា តម្លៃថ្មីនឹងស្របតាមនិន្នាការនៃ​ការធ្លាក់​ចុះនៃតម្លៃលើទីផ្សារអន្តរជាតិ។
ឯកឧត្តមបានពន្យល់បន្ថែមថា មូលហេតុដែលតម្លៃប្រេងឡើងថ្លៃនៅថ្ងៃនេះ គឺដោយសារការលក់ចេញនូវស្តុកចាស់ដែលបាននាំ​ចូលក្នុង​តម្លៃខ្ពស់កាលពីពេលមុន។
ឯកឧត្តមបញ្ជាក់ថា បើសិនតម្លៃនេះវាថយចុះ ហើយបន្តថយចុះទៀត ជាពិសេសប្រេងចម្រាញ់រួច នៅក្នុងតំបន់ យើងនឹងគិតគូទម្លាក់តម្លៃតថែមទៀត។

ក្រសួងពាណិជ្ជកម្មបានកំណត់តម្លៃថ្មីសម្រាប់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃពុធ ទី១១ ខែ មីនា។ តម្លៃថ្មីសម្រាប់ប្រេងសាំងធម្មតា គឺ ៥,២០០ រៀល កើនឡើង ៨០០ រៀល បើធៀបនឹងតម្លៃចាស់កាលពីម្សិលមិញ និងប្រេងម៉ាស៊ូតមានតម្លៃ ៦,០៥០ រៀល កើនឡើង ៩០០ រៀល ក្នុងមួយលីត្រ។
បើធៀបនឹងតម្លៃកាលពីដើមខែមីនា សាំងធម្មតាឡើងថ្លៃចំនួន ១៣៥០ រៀលក្នុងមួយលីត្រ។ រីឯប្រេងម៉ាស៊ូតឡើងថ្លៃ ២២០០ រៀលក្នុងមួយលីត្រ។

ទោះជាបែបនេះក្តី ក្រសួងពាណិជ្ជកម្មនឹងកំណត់តម្លៃលក់រាយថ្មីលើប្រេងឥន្ធនៈរៀងរាល់ ៣ថ្ងៃម្តងក្នុងពេលនេះ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីសប្តាហ៍មុនថា ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈក្នុងស្រុក គឺផ្អែកទៅលើថ្លៃដើមនៃការនាំចូលជាក់ស្ដែង។

គិតត្រឹមថ្ងៃពុធ ទី ១១ ខែមីនានេះ តម្លៃប្រេងអន្តរជាតិ នៅមានតម្លៃថេរ គឺក្រោម ៩០ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃនេះបាន​ចុះពីជិត១២០ ដុល្លារក្នុងមួយបារ៉ែលកាល ក្រោយការថ្លែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា សង្រ្គាមប្រឆាំងនឹង​ប្រទេសអ៊ីរ៉ង់​ជិតដល់ទីបញ្ចប់ហើយ កាលពីយប់ថ្ងៃចន្ទទី៩ ខែមីនា។

លោកបណ្ឌិត ជ័យ តិច អ្នកជំនាញសេដ្ឋកិច្ច បានផ្តល់អនុសាសន៍ជំរុញឱ្យរាជរដ្ឋាភិបាល បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុនឯកជននាំចូលប្រេង ដើម្បីធានាឱ្យបាននូវតម្លាភាព និងសង្គតិភាពនៃតម្លៃ។ លោកបានសង្កត់ធ្ងន់ថា ការកំណត់​តម្លៃ​ប្រេងនៅកម្ពុជា គួរតែមានសមាមាត្រត្រឹមត្រូវស្របតាមបម្រែបម្រួលនៃតម្លៃទីផ្សារពិភពលោក ដើម្បីការពារផលប្រយោជន៍​អ្នកប្រើប្រាស់ និងស្ថេរភាពសេដ្ឋកិច្ច។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាបាននាំចូលប្រេងឥន្ធនៈពីបណ្ដាប្រទេសធំៗមួយចំនួន រួមមាន​សហរដ្ឋអាម៉េរិក បារាំង វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសចិន ជាដើម។យ៉ាងណាក៏ដោយ​ក្នុង​​ពេល​នេះ ប្រទេសវៀតណាម ហ្វ៊ីលីពីន និងថៃ បានកាត់បន្ថយថ្ងៃធ្វើការនៅផ្ទះរបស់មន្រ្តីរាជការ និងបុគ្គលិកសាធារណៈ ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល៕

ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា