អ្នកសារព័ត៌មានអន្តរជាតិ២០រូប បានចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកសារព័ត៌មានអន្តរជាតិ២០រូប បានចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អ្នកសារព័ត៌មានអន្តរជាតិ២០រូប បានចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ អ្នកសារព័ត៌មានមកពីស្ថាប័នអន្តរជាតិធំៗ មានទីភ្នាក់ងារសារព័ត៌មាន អេភី ( AP) , ទីភ្នាក់ងារសារព័ត៌មានបារាំង អាហ្វេប៉េ(AFP), ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ(Reuters), សារព័ត៌មាន ហ្វូនិក សេតឺឡាយ ធីវី( Phoenix Satellite TV), សារព័ត៌មានជប៉ុន នីបប៉ុន(Nippon Media), ទីភ្នាក់ងារសារព័ត៌មាន EPA(European Pressphoto Agency)ជាដើម កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៦ បានចុះផ្ទាល់ដល់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មាន​ស្តីពីការបង្រ្កាបជាក់ស្តែងដល់ទីតាំង ស្ថិតនៅក្នុងខុនដូរឈ្មោះ ហ្គោលឌិន វ័ន អគារលេខ៤១ ជាន់ទី៣០ នៅលើផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

Advertisement

ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា
ករណីសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបានចាប់ផ្តើមប្រព្រឹត្តក្នុងអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦ នៅទីតាំងខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញដាក់ពេលវេលាដើម្បីស្រាវជ្រាវ រហូតដល់អាចឈាន​ដល់ការបង្រ្កាបបានជាក់ស្តែង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦តែម្តង។

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងតំណាងអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ​បានបង្ហាញប្រាប់​អ្នកសារព័ត៌មាន​នៅពេលនោះភ្លាមៗថា ការបង្ក្រាបទីតាំងខាងលើនេះ សមត្ថកិច្ចបានឃាត់​ខ្លួនជនសង្ស័យសរុបចំនួន ៦៥នាក់​(ស្រី្ត ២៧ នាក់) មានជនជាតិចិន និងជនជាតិខ្មែរក្នុងចំណោមនោះដែរ រួមទាំងវត្ថុតាង រួមមាន កុំព្យូទ័រ ALL in One ៨៩ គ្រឿង, Monitor ១ គ្រឿង CPU ០១ គ្រឿង និងទូរសព្ទបម្រើឱ្យបទល្មើស ចំនួន ៣៨៤ គ្រឿង ខណៈសម្ភារៈទាំង​នោះគឺរក្សាសភាពដើម ដូចកាលមុនពេលសមត្ថកិច្ចចុះបង្ក្រាប ដោយពុំទាន់មានការប៉ះពាល់ ហើយរង់ចាំការអនុវត្តនីតិវិធី​ជាបន្តបន្ទាប់។

ការចុះបង្ក្រាបនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយសមត្ថកិច្ចជំនាញ រួមទាំងអាជ្ញាធរខណ្ឌបឹងកេងកង ដោយមានការ​សម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍ និងពិនិត្យនៅទីតាំងផ្ទាល់របស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបាន​ប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជាដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទៅប្រទេសផ្សេងៗ ក្រោមរូបភាពអូសទាញជនរងគ្រោះឱ្យដាក់ប្រាក់ក្នុងគម្រោងវិនិយោគក្លែងក្លាយ និងការលួងលោមបែបស្នេហា។ បច្ចុប្បន្នជន​សង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាម​នីតិវិធីច្បាប់ និងបន្តស្រាវជ្រាវដើម្បីឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។

គប្បីជម្រាបជូនថា សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បាន និងកំពុងធ្វើប្រតិបត្តិការបង្រ្កាប និងបោសសម្អាតអំពើឆបោកអនឡាញ យ៉ាងសកម្ម និងជាប់ជាប្រចាំ ដោយបានបង្រ្កាបទីតាំងសរុបចំនួន៦៥ករណី/ទីតាំង គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ។ ក្នុងការបង្រ្កាបទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ៨៨៧ នាក់ (ស្ត្រី ២៣៣ នាក់)។ ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំងនេះ មានជនជាតិបរទេសពាក់​ព័ន្ធនឹងអំពើឆបោកអនឡាញ ចំនួន ៥៥៦នាក់ ក្នុងនោះស្ត្រី ចំនួន ៥៥នាក់ មាន ១៦សញ្ជាតិផ្សេងគ្នា។ បច្ចុប្បន្ន សមត្ថកិច្ច​បានកសាងសំណុំរឿងពាក់ព័ន្ធនឹងមេខ្លោង និងបក្ខពួក ដើម្បីគាំទ្រដល់ដំណើរការក្នុងនីតិវិធីតុលាការ ខណៈចំពោះករណីផ្សេង​ទៀត សមត្ថកិច្ចរាជធានីបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជំនាញពាក់ព័ន្ធដើម្បីអនុវត្តនីតិវិធីបន្ត រួមទាំងការបណ្តេញចេញឱ្យត្រលប់ទៅប្រទេសដើមរបស់ខ្លួនវិញ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវ​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕
ដោយ៖មុនី
រូបថត៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា