កម្ពុជានាំគ្រាប់ស្វាយចន្ទីសំបកទៅចិនក្នុងតម្លៃ ៣៥លានដុល្លារសម្រាប់ដំណាក់កាលដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានាំគ្រាប់ស្វាយចន្ទីសំបកទៅចិនក្នុងតម្លៃ ៣៥លានដុល្លារសម្រាប់ដំណាក់កាលដំបូង

កម្ពុជានាំគ្រាប់ស្វាយចន្ទីសំបកទៅចិនក្នុងតម្លៃ ៣៥លានដុល្លារសម្រាប់ដំណាក់កាលដំបូង

ប្រទេសកម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ទៅប្រទេសចិន ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិកក្នុងដំណាក់កាលដំបូង ហើយមានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារ នៅពេលអនាគត។

Advertisement

នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានអនុញ្ញាតជូន លោក Jiang Xiaofei នាយកនៃគណៈកម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្រ្តនវានុវត្តន៍ និងអភិវឌ្ឍន៍ ដឹកនាំគណៈប្រតិភូក្រុមហ៊ុន China Bonded Port Group និងតំណាងក្រុមហ៊ុន Men Sarun MDR ចូលជួបពិភាក្សាការងារ។

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-ចិន ព្រមទាំងស្វែងយល់ពីសក្តានុពលក្នុងការជំរុញការនាំចេញកសិផលកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវវិស័យកសិ-ឧស្សាហកម្ម និងខ្សែច្រវាក់តម្លៃ ដែលជាចលករជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋលេខាធិការ សំហេង បូរ៉ា ក៏បានអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group និងក្រុមហ៊ុន Men Sarun MDR។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23)ទៅប្រទេសចិន ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារសហរដ្ឋអាម៉េរិក នាពេលអនាគត។

គួរបញ្ជាក់ផងដែរថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងផ្គូរផ្គងយ៉ាងសកម្មរបស់ ក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម ដែលតែងតែដើរតួនាទីជាតួអង្គស្នូលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនាំចេញកម្ពុជា ជាមួយអ្នកបញ្ជាទិញសក្តានុពលអន្តរជាតិ។

ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរ មិនត្រឹមតែធានាបាននូវកំណើននៃការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសចិនជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានដ៏ធំក្នុងការទាក់ទាញវិនិយោគិនចិន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការនាំចេញកសិផលជាតិចូលទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា