កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ

កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ

នៅក្នុងសេចក្តីប្រកាសមួយផ្សព្វផ្សាយកាលពីថ្ងៃទី១១មីនា ក្រសួងទេសចរណ៍បានបញ្ជាក់ប្រាប់សាធារណជន ប្រតិបត្តិករទេសចរណ៍ ជាពិសេសភ្ញៀវទេសចរ និងវិនិយោគិនជាតិ អន្តរជាតិទាំងអស់ថា ប្រទេសកម្ពុជានៅតែបន្តជាគោលដៅទេសចរណ៍សុវត្ថិភាព ជាមួយនឹងស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ព្រមទាំងផ្តល់បរិយាកាសកក់ក្តៅ ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីនៅលើពិភពលោក។

Advertisement

ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពភូមិសាស្ត្រនយោបាយ និងសន្តិសុខក្នុងតំបន់ និងពិភពលោក ក៏ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ ក៏ព្រះរាជាណាចក្រកម្ពុជានៅតែរក្សាបានយ៉ាងរឹងមាំ នូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។ ក្រសួងទេចរណ៍បញ្ជាក់ថា បរិយាកាសសន្តិសុខនៅកម្ពុជា ធានាឱ្យការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ប្រព្រឹត្តទៅដោយសុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

តាមរយៈការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួង ស្ថាប័ន ដៃគូអន្តរជាតិ និងផ្នែកឯកជន វិធានការនានាត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាព និងបង្កើនទំនុកចិត្តសម្រាប់ភ្ញៀវទេសចរទាំងអស់។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងទេសចរណ៍បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលស្រឡាញ់ប្រទេសកម្ពុជា បន្តធ្វើដំណើរទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយទំនុកចិត្តពេញលេញ អារម្មណ៍សុវត្ថិភាព និងភាពកក់ក្តៅ។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវភ្ញៀវទេសចរទាំងអស់បន្តគាំទ្រ និងផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ អំពីកម្ពុជា ដែលជាទឹកដីអច្ឆរិយៈ ពោរពេញដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ទេសភាពធម្មជាតិដ៏ស្រស់ស្អាត សង្គមប្រកបដោយសុខដុមនីយកម្ម និងប្រជាជនមានភាពរួសរាយរាក់ទាក់។

ដោយមានក្រសួងទេសចរណ៍ជាសេនាធិការ រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តផែនការទាក់ទាញទេសចរជាតិ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយគោលដៅទេសចរណ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើតផលិតផលទេសចរណ៍ថ្មីៗ និងកែលម្អគុណភាពសេវាកម្ម ដើម្បីរួមចំណែកលើកកម្ពស់កិត្តិនាមកម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានគុណភាព៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា