ទស្សនកិច្ច របស់ ប្រមុខការទូតកម្ពុជា ទៅសិង្ហបុរី នូវែលសេឡង់ និងអូស្ត្រាលី ជួយ បង្កើន សម្ព័ន្ធភាព និង ទម្ងន់ ដោះ ស្រាយជម្លោះព្រំដែនជាមួយថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទស្សនកិច្ច របស់ ប្រមុខការទូតកម្ពុជា ទៅសិង្ហបុរី នូវែលសេឡង់ និងអូស្ត្រាលី ជួយ បង្កើន សម្ព័ន្ធភាព និង ទម្ងន់ ដោះ ស្រាយជម្លោះព្រំដែនជាមួយថៃ

ទស្សនកិច្ច របស់ ប្រមុខការទូតកម្ពុជា ទៅសិង្ហបុរី នូវែលសេឡង់ និងអូស្ត្រាលី ជួយ បង្កើន សម្ព័ន្ធភាព និង ទម្ងន់ ដោះ ស្រាយជម្លោះព្រំដែនជាមួយថៃ

ភ្នំពេញ៖រដ្ឋមន្ត្រីការបរទេស កម្ពុជា នឹងត្រូវបញ្ចប់ដំណើរទស្សនកិច្ច រយៈ ពេល មួយសប្តាហ៍ នៅ ប្រទេស សក្តានុពល ចំនួន បី នៅថ្ងៃចន្ទ ទី ១៦ ខែមីនា នេះ ដែល អ្នកជំនាញ នយោបាយខ្មែរ វាយតម្លៃថា គឺជា ដំណើរទស្សនកិច្ច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ផង និង ដើម្បីបង្កើនសម្ព័ន្ធភាពការទូតក្នុងតំបន់ និងបង្កើតសមរភូមិច្បាប់លើឆាកអន្តរជាតិ ផង ដែរ ។
កាលពីថ្ងៃទី ១១ ខែមីនា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី មុន នឹង បន្តទស្សនកិច្ចទៅកាន់ ប្រទេសនូវែលសេឡង់នៅថ្ងៃទី១៣ ខែមីនាហើយ នៅថ្ងៃទី១៦ ខែមីនានេះ ឯកឧត្តម នឹងត្រូវបញ្ចប់ដំណើរទស្សនកិច្ច រយៈ ពេល បីថ្ងៃនៅប្រទេសអូស្ត្រាលី។
ដំណើរទស្សនកិច្ច របស់ ប្រមុខការទូតខ្មែរ ក្នុងប្រទេសទាំងបី ធ្វើឡើង ស្របពេល ដែល ភាពតានតឹង ផ្នែកព្រំដែន រវាង កម្ពុជា និងថៃ មិនទាន់ស្ថិត ក្នុងដំណោះស្រាយពេញបរិបូរណ៍ នៅឡើយ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការលើការទូតផ្នែកនយោបាយ និងការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកសមរមភូមិការទូតក្នុងការបំភ្លឺបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ផងដែរ។
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្តញព័ត៌មាន AMS ថា ដំណើរទស្សនកិច្ចរបស់ ប្រមុខការទូតកម្ពុជាទៅ ប្រទេសទាំង៣នេះ គឺជាការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតលើផ្នែកនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច និងផ្នែកពាណិជ្ជកម្ម ។ជាពិសេសចូលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់ និងសកលលោក។
បើតាមឯកឧត្តម ចាន់ រតនា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រាក់ សុខុន បានបង្ហាញឆន្ទៈឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីត្រូវបានស្រង់សម្តី ដោយ ប្រព័ន្ធផ្សព្វផ្សាយនានាថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមក្នុងការការពារបូរាណភាពទឹកដី កម្ពុជា តាមគ្រប់សមរភូមិទាំងអស់ ទាំងការទូត ផ្លូវច្បាប់ នយោបាយ សាធារណមតិ និងយោធា។
ត្រង់ចំណុចនេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការពង្រឹងផ្នែកការទូតរវាងកម្ពុជា និងសិង្ហបុរី គឺជារឿងសំខាន់ខណៈសិង្ហបុរីជាប្រទេសដែលសកម្មផ្នែកការទូតដែលកម្ពុជាគួរតែយកគំរូតាម។ ដោយឡែក ប្រទេសនូវែលសេឡង់ និងប្រទេសអូស្ត្រាលី គឺជាប្រទេសដែលចងសម្ព័ន្ធមិត្ត និងការទូតល្អជាមួយគ្រប់បណ្តាប្រទេស។
លោកបញ្ជាក់ថា កម្ពុជា ជាប្រទេសតូច ដែលយើងប្រកាន់នយោបាយសន្តិភាព ឱ្យតម្លៃលើការទូត ទាំងនយោបាយរបស់សម្តេចព្រះបរមរតនកោដ្ឋ និងក្នុងពេលរដ្ឋាភិបាលសព្វថ្ងៃនេះ គឺមិនសូវជាខុសគ្នាប៉ុន្មានទេ ពីព្រោះកម្ពុជាផ្តល់តម្លៃដល់សន្តិភាព និងច្បាប់អន្តរជាតិ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា ការពង្រឹងទំនាក់ទំនង និងការទូតជាមួយបណ្តាក្នុងតំបន់ គឺជារឿងដ៏ចាំបាច់គួរតែអនុវត្តជាបន្តទៀត ជាជាងការប្រើប្រាស់កម្លាំងយោធា។
ក្នុងដំណើរទស្សនកិច្ច រយៈ ពេល មួយសប្តាហ៍ ក្នុងប្រទេសប្លុកអាស៊ាន និងអូសេអានីនេះ ឯកឧត្តម ប្រាក់ សុខុន បានជួបជាមួយ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី  និងរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្សណាន់ ជួបជាមួយលោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ និងបានជួបពិភាក្សាជាមួយ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងលោក Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី៕
ដោយ៖សៅ សុខអេង

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា