ពលរដ្ឋភៀសសឹកជាចាស់ជរា និងជនពិការ ទទួលបានអាទិភាពទៅរស់នៅជម្រកបណ្ដោះអាសន្នមុនគេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋភៀសសឹកជាចាស់ជរា និងជនពិការ ទទួលបានអាទិភាពទៅរស់នៅជម្រកបណ្ដោះអាសន្នមុនគេ

ពលរដ្ឋភៀសសឹកជាចាស់ជរា និងជនពិការ ទទួលបានអាទិភាពទៅរស់នៅជម្រកបណ្ដោះអាសន្នមុនគេ

ប្រជាពលរដ្ឋភៀសសឹកជាង ៨០០គ្រួសារ មកពីតំបន់បឹងត្រកួន ជាប់ព្រំដែនថៃ បានចាប់ផ្តើមចូលទៅរស់នៅជម្រកបណ្ដោះអាសន្ន ដែលរាជរដ្ឋាភិបាលបានរៀបចំជូនក្នុងជំហានទី១ នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ មកដល់ពេលនេះ ជម្រក៣០០ខ្នងត្រូវបានសាងសង់រួចរាល់ហើយ ហើយតាមការគ្រោងទុក ជម្រក ៣ ០០០ខ្នងនឹងត្រូវរៀបចំឲ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីខ្មែរខាងមុខនេះ។

Advertisement

កាលពីថ្ងៃទី២១មីនា ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងជម្រកបណ្តោះអាសន្ននេះ ព្រមទាំងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ដែលទើបចូលមកតាំងទីលំនៅថ្មី បន្ទាប់ពីបានតស៊ូរស់នៅក្រោមតង់ក្នុងមណ្ឌលសុវត្ថិភាពវត្តកណ្ដោលជាង២ខែ។

ក្នុងមួយគ្រួសារទទួលបានជម្រកសមរម្យមួយ ទំហំ៥ម៉ែត្រ x ៧ម៉ែត្រ សង់លើក្បាលដីទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ។
បន្ថែមពីលើនោះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថមប្រចាំខែតារយៈបណ្ណសមធម៌ ព្រមទាំងផ្តល់ទឹក និងភ្លើង សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃទៀតផង។

យោងតាមការបញ្ជាក់របស់ឯកឧត្តម គន់ គីម ក្រុមជនភៀសសឹកជាចាស់ជរា និងជនពិការ ត្រូវបានរាជរដ្ឋាភិបាលផ្តល់អាទិភាព ឲ្យមករស់នៅជម្រកបណ្ដោះអាសន្នមុនគេ ដើម្បីទទួលបានបរិយាកាសរស់នៅប្រកបដោយផាសុកភាព។ ក្នុងពេលអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់អ្នកដែលមានមនុស្សចាស់ជរា និងជនពិការនៅក្នុងគ្រួសារ ត្រូវយកចិត្តទុកដាក់ថែទាំពួកគាត់ជាប់ជាប្រចាំ។ ឯកឧត្តម គន់ គីម ក៏បានជំរុញក្រុមជាងឲ្យពន្លឿនការងារសាងសង់ផងដែរ។

ពលរដ្ឋភៀសសឹកបានសម្តែងភាពរីករាយក្នុងការមករស់នៅក្នុងជម្រកបណ្ដោះអាសន្ន ដែលមានទីធ្លាស្រលះល្អ។
ប៉ុន្តែទោះបីជាយ៉ាងណា ក៏ពួកគាត់នៅតែនឹកដល់ផ្ទះសម្បែង ស្រុក ភូមិ ដែលធ្លាប់រស់នៅសុខសាន្តជាច្រើនឆ្នាំ ហើយចង់ត្រឡប់ទៅរស់នៅផ្ទះសម្បែងដូចដើមវិញ។ ពួកគាត់ជឿជាក់ទាំងស្រុងទៅលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ដើម្បីទាមទារយកដី និងផ្ទះរបស់ពួកគាត់ត្រឡប់មកវិញ។

បើតាមលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ជម្រកទាំងនេះ គឺផ្តល់ជូនបងប្អូនជនភៀសសឹកស្នាក់នៅជាលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ។ នៅពេលដែលរាជរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនរួចហើយ ពួកគាត់ត្រូវត្រឡប់ទៅលំនៅដ្ឋានដើមវិញ ប៉ុន្តែសម្រាប់ពលរដ្ឋដែលមិនចង់ត្រឡប់ទៅវិញទេ ពួកគាត់អាចដាក់ពាក្សស្នើសុំរស់នៅទីនេះបន្តទៀតបាន៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

DCIM\100MEDIA\DJI_0342.JPG
ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា