រដ្ឋាភិបាល ស្នើឱ្យមន្រ្តីផ្អាកចូលរួមកិច្ចប្រជុំក្រៅប្រទេសចំពេលវិបត្តិថាមពលកំពុងបន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាល ស្នើឱ្យមន្រ្តីផ្អាកចូលរួមកិច្ចប្រជុំក្រៅប្រទេសចំពេលវិបត្តិថាមពលកំពុងបន្ត

រដ្ឋាភិបាល ស្នើឱ្យមន្រ្តីផ្អាកចូលរួមកិច្ចប្រជុំក្រៅប្រទេសចំពេលវិបត្តិថាមពលកំពុងបន្ត

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់មន្ត្រីនៅគ្រប់ក្រសួង និងស្ថាប័នឱ្យផ្អាកចូលរួមកិច្ចប្រជុំ​ក្រៅប្រទេស​ដែលពុំសូវចាំបាច់ ខណៈដែលវិបត្តិថាមពលកំពុងបន្តដោយសារសង្គ្រាមប្រឆាំងប្រទេសអ៊ីស្រាអែល។

Advertisement

ក្នុងសេចក្តីណែនាំចុះថ្ងៃទី ២០ មីនា ដែលបណ្តាញផ្សព្វផ្សាយទទួលបាននៅថ្ងៃអង្គារនេះ ឯកឧត្តមបណ្ឌិតអគ្គសភាចារ្យ​ឧបនាយក​រដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គូសបញ្ជាក់ថា ក្នុងករណីចាំបាច់តំណាងស្ថានទូត​កម្ពុជានៅបរទេស អាចនឹងត្រូវចូលរួមកិច្ចប្រជុំជំនួសគណៈប្រតិភូពីកម្ពុជា។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ក៏បាន​ស្នើដល់ក្រសួង-ស្ថាប័ន ឲ្យចូលរួមប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងស្មារតីសន្សំសំចៃខ្ពស់ ដោយចៀសវាងការប្រើប្រាស់ខ្លះខ្ជាយ និងប្រើប្រាស់មិនចំគោលដៅអាទិភាព។

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា យល់ឃើញថាការដាក់ចេញវិធានការបន្តបន្ទាប់របស់រាជរដ្ឋាភិបាល គឹជាវិធានការមួយចាំបាច់ និងទាន់ពេលវេលា ដើម្បីសន្សំសំចៃថាមពល និងប្រេងឥន្ធនៈ ដែលអាចសម្រួលដល់ចរន្ត​សេដ្ឋកិច្ចកម្ពុជា។
លោកបណ្ឌិតបញ្ជាក់ថា «ជាវិធានការមួយដែលទាន់ពេលវេលា ដោយសារយើងកំពុងប្រឈមនឹងកង្វះការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក៏ដូចជាការប្រឈមង្វះថាមពលអគ្គិសនីដែរ»។

ចំណែកលោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ចង់ឱ្យមានការអនុញ្ញាតឱ្យ​បុគ្គលិកផ្នែកខ្លះធ្វើការពីផ្ទះដើម្បីកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនី និងជួយសម្រាលបន្ទុកលើប្រេងឥន្ធនៈរបស់បុគ្គលិក។

គិតត្រឹមថ្ងៃទី២៤ ខែមីនានេះ មានក្រសួងចំនួន៥ បានដាក់ចេញវិធានការសន្សំសំចៃថាមពលផ្ទៃក្នុង រួមមាន៖ ក្រសួងទេសចរណ៍ ក្រសួងពត៌មាន ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅថ្ងៃនេះដែរ ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការមួយចំនួន ធ្វើការងារតាមអនឡាញពីផ្ទះ ដើម្បីសន្សំសំចៃប្រេង និងអគ្គិសនី។

កាលពីថ្ងៃចន្ទ អគ្គិសនីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនី ដោយសន្សំសំចៃថាមពល ក្នុងស្ថានភាពប្រេងឥន្ធនៈឡើងថ្លៃ និងអាកាសធាតុក្តៅ។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចព្យួរឥណទានចំណាយបេសកកម្មក្នុងប្រទេស និងក្រៅប្រទេស ព្យួរឥណទានចំណាយប្រេងឥន្ធនៈ និងប្រេងរំអិលចំនួន ៣០ភាគរយ នៃឥណទានសរុប។

ជម្លោះនៅមជ្ឈិមបូព៌ាបានរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈពាសពេញពិភពលោក។ ប្រេងឆៅពិភពលោក នៅថ្ងៃទី២៤ ខែមីនានេះ មានតម្លៃជិត ១០៤ដុល្លារ ក្នុង១ធុងបារ៉ែល។ក្នុងតំបន់អាស៊ាន មានប្រទេសចំនួន ៥ហើយ រួមមាន៖ ថៃ វៀតណាម ហ្វីលីពីន ឡាវ និងឥណ្ឌូនេស៊ី សុទ្ធតែបានដាក់ចេញនូវវិធានការរៀងៗខ្លួន ដើម្បីសន្សំសំចៃថាមពល៕
ដោយ៖ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា