គណៈកម្មាធិការព្រឹទ្ធសភាថៃ សម្រេចលុបចោលអនុស្សរណៈជាមួយកម្ពុជាឆ្នាំ ២០០០, អ្នកឃ្លាំមើលកម្ពុជា ថាថៃមានចេតនា​បង្ករឿង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈកម្មាធិការព្រឹទ្ធសភាថៃ សម្រេចលុបចោលអនុស្សរណៈជាមួយកម្ពុជាឆ្នាំ ២០០០, អ្នកឃ្លាំមើលកម្ពុជា ថាថៃមានចេតនា​បង្ករឿង

គណៈកម្មាធិការព្រឹទ្ធសភាថៃ សម្រេចលុបចោលអនុស្សរណៈជាមួយកម្ពុជាឆ្នាំ ២០០០, អ្នកឃ្លាំមើលកម្ពុជា ថាថៃមានចេតនា​បង្ករឿង

ភ្នំពេញ៖ នៅថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០២៦នេះ គណៈកម្មាធិការព្រឹទ្ធសភាថៃ បានបោះឆ្នោតគាំទ្រលុបចោលអនុស្សរណៈ​នៃការយោគយល់គ្នា លេខ៤៣(MoU៤៣) ដែលបានធ្វើជាមួយកម្ពុជានៅឆ្នាំ២០០០។

Advertisement

លោក ណុបប៉ាដុន អ៊ីនណា សមាជិកព្រឹទ្ធសភាថៃ និងជាប្រធានគណៈកម្មាធិការព្រឹទ្ធសភា បាននិយាយនៅថ្ងៃទី២៤ ខែមីនានេះថា គណៈកម្មាធិការវិសាមញ្ញសម្រេចជាឯកច្ឆ័ន្ទថាត្រូវតែលុបចោល MoU ឆ្នាំ២០០០ ទោះបីគ្មានការចរចារ MoU 2000 ក៏ដោយ ក៏ថៃ នៅតែមានចេតនាចង់រៀបចំព្រំដែនឱ្យបានរឹងមាំ។

MoU ៤៣ ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយការកំណត់ខណ្ឌសីមាតាមព្រំដែនគោករវាងកម្ពុជា និងថៃ។

លោកបណ្ឌិត គិន ភា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ ហៅការប៉ុនប៉ងលុបចោលអនុស្សរណៈ ជាមួយកម្ពុជា នេះ ថាជាចេតនាបង្ករឿង។
លោកបញ្ជាក់«ការប៉ុនប៉ងម្ដងហើយម្ដងទៀតក្នុងការលុបចោលMoUឆ្នាំ២០០០ និង២០០១នេះវាច្បាស់ណាស់បង្ហាញពីចរិត​និងឥរិយា​បថដោយមានចេតនាក្នុងការប្រើប្រាស់ច្បាប់ព្រៃក្នុងការកំណត់ខណ្ឌសីមាព្រំដែន»។

បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថាការប៉ុនប៉ងលុបចោល​អនុស្សរណៈ​ឆ្នាំ២០០០ ជាមួយកម្ពុជា គ្រាន់តែជាកេងចំណេញផ្នែកនយោបាយរបស់ថៃ ប៉ុណ្ណោះ។ លោកថាការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនអាចពឹងផ្អែកលើកម្លាំងយោធា ហើយបោះចោលកិច្ចព្រមព្រៀងដែល​មានស្រាប់នោះឡើយ។
លោកថា«ការដោះស្រាយព្រំដែនគោកកម្ពុជា និងថៃនេះមិនអាចគេចផុតពីការប្រើប្រាស់ឯកសារសន្ធិសញ្ញាដែលបន្សល់ទុកតាំងសម័យបារាំង-សៀមនោះទេ។ ហើយមិនអាចប្រើកម្លាំងវាយយកតំបន់នេះតំបន់នោះស្រេចតែចិត្តអ៊ីចឹងទេ»។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា MoU ២០០០ រវាងកម្ពុជា និងថៃ មិនអនុញ្ញាតឱ្យ​ភាគីណាមួយលុប ឬកែប្រែ ដោយគ្មានការព្រមព្រៀងពីភាគីម្ខាងទៀតនោះទេ។ ឯកឧត្តមបន្ថែមថាការលុប MoU ជាឯកតោភាគី គឺជាការរំលោភច្បាប់អន្តរជាតិ។

ឯកឧត្តមបញ្ជាក់ថា«ការលុប ឬការកែប្រែនេះទាល់តែមានការឯកភាពគ្នា។ អ៊ីចឹងការធ្វើជាឯកតោភាគី គឺជាការរំលោភច្បាប់អន្តរជាតិ»។

ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានលើកឡើងថា ប្រទេសថៃមិនអាចលុបចោល MOU ឆ្នាំ២០០០ ជាឯកតោភាគីបានឡើយ ដោយសារកិច្ចព្រមព្រៀងនេះ ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ និងមិនមានបទប្បញ្ញត្តិចែងអំពីការលុបចោលជាឯកតោភាគីឡើយ៕
ដោយ៖ខន ណារី

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា