កម្ពុជា ច្រានចោលការចោទប្រកាន់បែបសន្សំរឿងរបស់មេចារកម្មថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ច្រានចោលការចោទប្រកាន់បែបសន្សំរឿងរបស់មេចារកម្មថៃ

កម្ពុជា ច្រានចោលការចោទប្រកាន់បែបសន្សំរឿងរបស់មេចារកម្មថៃ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលបានដកស្រង់សម្តីមេចារកម្មយោធាថៃ ចោទប្រកាន់ថា កម្ពុជាកំពុងទិញអាវុធដ៏ច្រើនត្រៀមទុកប្រយុទ្ធគ្នាជុំទី៣ជាមួយថៃ។ កាលពីយប់ថ្ងៃទី២៤មីនា លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រកាសរបស់ប្រធានចារកម្មថៃ គឺជាការអះអាងគ្មានមូលដ្ឋាន និងមិនត្រឹមត្រូវ។

Advertisement

លោកជំទាវបានសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទនៅតែបន្តប្រកាន់ខ្ជាប់នូវស្មារតីសន្តិភាព និងគោរពយ៉ាងម៉ឺងម៉ាត់រាល់សេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងសន្តិភាពនានា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកន្លងមក ជាពិសេសកិច្ចព្រមព្រៀងកាលពីចុងឆ្នាំ ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិរំលឹកថា កងទ័ពកម្ពុជាបានបង្ហាញជំហរគាំទ្រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានជាធរមាន ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាដោយអាវុធ ដែលនាំឱ្យប៉ះពាល់ដល់ប្រជាជាតិទាំងពីរ។

កាលពីថ្ងៃអង្គារ ទី ២៤ មីនា ប្រធានផ្នែកស៊ើបការណ៍សម្ងាត់កងទ័ពថៃបានព្រមានថា សង្គ្រាមព្រំដែនរវាងកម្ពុជា និងថៃ លើកទី៣ អាចកើតឡើងនៅរដូវប្រាំងឆ្នាំនេះ។ មេចារកម្មរូបនេះបានចោទប្រកាន់ដោយគ្មានភស្តុតាងថា កម្ពុជាបង្កើនការទិញអាវុធទ្រង់ទ្រាយធំពីអឺរ៉ុបខាងកើត ហើយការបោះឆ្នោតឃុំសង្កាត់ដែលគ្រោងធ្វើនៅឆ្នាំ ២០២៧ ក៏អាចជាមូលដ្ឋាននៃការរុញឲ្យមានការផ្ទុះអាវុធផងដែរ។

អ្នកសង្កេតការណ៍មួយចំនួនបានរិះគន់ភាពក្រឡិចក្រឡុច និងពុតត្បុតរបស់ថៃ។ តាមបទពិសោធន៍កន្លងមក ថៃតែងបង្កហេតុដើម្បីបង្កើតភាពតានតឹងនៅតាមព្រំដែន ហើយទម្លាក់កំហុសមកលើកម្ពុជា។ ទោះបីយ៉ាងណា សម្រាប់ពេលនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី បានវាយតម្លៃថា គ្មានសញ្ញាណាមួយដែលបង្ហាញថា ថៃមានគម្រោងធ្វើសង្គ្រាមលើកទី៣ ជាមួយកម្ពុជានោះឡើយ។ ផ្ទុយទៅវិញ ឯកឧត្តមយល់ឃើញថា ការលើកឡើងរបស់មេទ័ពថៃតាមរយៈសារព័ត៌មាននាពេលនេះ គឺជាយុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្ត្រសុទ្ធសាធ ដើម្បីស្ទាបស្ទង់មើលប្រតិកម្មរបស់កម្ពុជាតែប៉ុណ្ណោះ។

ចំណែកលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញទស្សនៈរិះគន់ធ្ងន់ៗចំពោះការថ្លែងរបស់នាយកចារកម្មយោធាថៃ។ លោកបានចាត់ទុកសម្តីនេះថាជារឿងចម្លែក និងគួរឱ្យហួសចិត្តបំផុត។ អ្នកជំនាដដែលយល់ថា វាជារឿងគួរឱ្យអស់សំណើចណាស់ ដែលរដ្ឋមួយបានឈ្លានពាននិងកាន់កាប់ទឹកដីប្រទេសជិតខាងហើយបែរជាប្រកាសប្រាប់ពិភពលោកថា ខ្លួនជាកម្លាំងការពារដែលត្រូវប្រុងប្រយ័ត្នពីការវាយប្រហារបន្ថែមទៀតនោះ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា