វិភាគ៖ ថៃកំពុងបង្កើនកម្ដៅតាមព្រំដែនជាថ្មី ដើម្បីគេចវេះតុចរចា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិភាគ៖ ថៃកំពុងបង្កើនកម្ដៅតាមព្រំដែនជាថ្មី ដើម្បីគេចវេះតុចរចា

វិភាគ៖ ថៃកំពុងបង្កើនកម្ដៅតាមព្រំដែនជាថ្មី ដើម្បីគេចវេះតុចរចា

ប្រទេសថៃកំពុងរៀបចំសេណារីយ៉ូទាញពន្យឺតដំណើរការខណ្ឌសីមាព្រំដែន តាមរយៈកិច្ចកលផ្សេងៗដើម្បីបង្វែរដានចេញពីតុចរចាគណៈកម្មាធិការព្រំដែនចម្រុះ JBC។

Advertisement

ពេញមួយសប្តាហ៍នេះ យោធាថៃបានបើកយុទ្ធនាការសង្គ្រាមព័ត៌មានយ៉ាងគំហុក ដោយប្រើសារបំភ័យពីផែនការត្រៀមផ្ទុះអាវុធជុំទី៣ ការចល័តដ្រូនអត្តឃាត ការចោទប្រកាន់កម្ពុជាថាបានបង្កើនទ័ពតាមតំបន់មួយចំនួននៅព្រំដែន និងគម្រោងការលុប MOU ឆ្នាំ ២០០០ ជាដើម។ អ្នកវិភាគជាច្រើនមើលឃើញថា ទង្វើនេះគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រ ដើម្បីស្ទាបស្ទង់ប្រតិកម្មរបស់កម្ពុជា និងជាលេសដ៏កខ្វក់ ដើម្បីគេចវេសពីតុចរចាដោះស្រាយការវាស់វែងព្រំដែន ជាពិសេសនៅតំបន់ដែលថៃកំពុងឈ្លានពានកាន់កាប់ប៉ុណ្ណោះ។

កម្ពុជា បានបង្ហាញជំហរអត់ធ្មត់ខ្ពស់ និងប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វភាគី ដោយចៀសវាងការប្រើប្រាស់កម្លាំងយោធា។

ម្តងហើយម្តងទៀត រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរសន្តិភាព និងគោរពយ៉ាងម៉ឺងម៉ាត់រាល់សេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងសន្តិភាពនានា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ ២០២៥ ដោយប្រកាន់ខ្ជាប់គោលការណ៍ច្បាប់ និងស្មារតីយោគយល់គ្នាជាធំ។

ទន្ទឹមនឹងនេះ កម្ពុជាបានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតលើឆាកអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តុលាការយុត្តិធម៌អន្តរជាតិ និងស្ថានប័នអាស៊ាន ដើម្បីស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ចំពោះការរំលោភបូរណភាពទឹកដីកម្ពុជាពីសំណាក់យោធាថៃ។

ដោយឡែក ភាគីថៃវិញ ក្រោយពីបានទន្រ្ទានកាន់កាប់ទឹកដីកម្ពុជានៅតាមតំបន់មួយចំនួនក្រោយការប្រយុទ្ធគ្នាចុងក្រោយនេះ បានរិះរកវិធីសាស្រ្តផ្សេងៗដើម្បីគេចវេសចេញពីការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា តាមយន្តការច្បាប់អន្តរជាតិ ទោះបីជាត្រូវរងការរិះគន់យ៉ាងចាស់ដៃថា ប្រទេសស៊ីវិល័យមួយនេះកំពុងព្យាយាមប្រើប្រាស់កម្លាំងដោះស្រាយបញ្ហា ដោយមិនកោតញញើតច្បាប់អន្តរជាតិអ្វីសោះឡើយ។

អ្នកជំនាញភូមិសាស្ត្រនយោបាយយល់ឃើញថា ភាគីថៃគួរតែវិលត្រឡប់មកតុចរចាដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាវិញជាបន្ទាន់ ដោយមិនគួរប្រើល្បិចពន្យារពេលតទៅទៀតឡើយ ខណៈដែលកម្ពុជាបានបង្ហាញឆន្ទៈយ៉ាងច្បាស់លាស់ តាមរយៈការផ្ញើលិខិតអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ JBC រហូតដល់ទៅ ៥ លើករួចមកហើយនោះ។

លោកបណ្ឌិត កែវ មាលា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា ភាគីថៃកំពុងរៀបចំសេណារីយ៉ូបង្កើនកម្ដៅនយោបាយ ដើម្បីដុតកំហឹងជាតិនិយម និងដាក់សម្ពាធលើកម្ពុជា ក្នុងបំណងដណ្ដើមប្រៀបឈ្នះលើតុចរចាព្រំដែន និងប្រើប្រាស់ភាពតានតឹងនេះជាលេសដើម្បីពន្យារពេលរកដំណោះស្រាយជាបន្តទៀត។

ចំណែក លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា វាជាសំណាងល្អមួយសម្រាប់ប្រទេសថៃ តំបន់ និងពិភពលោក ដែលកម្ពុជាមានចិត្តអំណត់ មានវិន័យ និងភាពចាស់ទុំខាងនយោបាយខ្ពស់ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងប្រកបដោយហេតុផល។ កម្ពុជារំពឹងលើសន្តិភាព ជាជាងការជ្រើសរើសវិធានការតបតតាមបែបយោធា ដែលនាំឱ្យជម្លោះកាន់តែរីកធំ។

សូមរម្លឹកថា ក្រោយការប្រយុទ្ធគ្នាលើកចុងក្រោយអស់រយៈពេល ២១ ថ្ងៃ កម្ពុជានិងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាលើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជម្លោះព្រំដែនដ៏តានតឹងនេះ បានបន្សល់ទុកនូវសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ដោយបានធ្វើឱ្យពលរដ្ឋស៊ីវិលកម្ពុជាជាង ៣០ នាក់បាត់បង់ជីវិត និងជិត ១០០ នាក់ផ្សេងទៀតរងរបួស ខណៈប្រជាពលរដ្ឋជាង ៦៤ ម៉ឺននាក់ ត្រូវបានបង្ខំចិត្តជម្លៀសចេញពីលំនៅឋានដើម្បីស្វែងរកសុវត្ថិភាព។ ក្រៅពីនេះ សង្រ្គាមព្រំដែនក៏បានបង្កខូចខាតដ៏ធ្ងន់ធ្ងរលើទ្រព្យសម្បត្តិសាធារណៈ និងឯកជន៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា