លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ភ្នំពេញ៖យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាឱ្យដឹងថា ប្រាក់បញ្ញើរបស់ពលករខ្មែរដែលកំពុងបម្រើ​ការងារ​នៅក្រៅប្រទេស​បានធ្លាក់ចុះ ២៣,៦ភាគរយ កាលពីឆ្នាំ ២០២៥។ ការធ្លាក់ចុះបន្ទាប់​ពីពលករជាង ៩០ម៉ឺននាក់ដែល​ធ្វើ​ការងារនៅក្នុងប្រទេសថៃ បាននាំ​គ្នាវិលត្រឡប់មកកម្ពុជាវិញ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ។

Advertisement

របាយការណ៍ដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា ក្នុងឆ្នាំ២០២៥ ពលករដែលធ្វើការនៅក្រៅប្រទេសបានផ្ញើ​ប្រាក់ជាង ២ពាន់លានដុល្លារ មកឲ្យគ្រួសារក្នុងប្រទេសកម្ពុជា ខណៈដែល​ក្នុងឆ្នាំ២០២៤ ពួកគេបានផ្ញើប្រាក់មកក្រុមគ្រួសារ​រហូតដល់ជិត ៣ពាន់លានដុល្លារ។

ធនាគារជាតិ សង្កត់ធ្ងន់ថា បញ្ហានេះ កំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ច​គ្រួសារនៅកម្ពុជា និងបង្កើតសម្ពាធថ្មីៗ លើទីផ្សារការងារ​ក្នុងស្រុក។

បណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងសង្គម យល់ឃើញថា​ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឱ្យ​លំហូរប្រាក់​ពីបរទេសថយចុះ ដែលអាចប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែ លោកក៏បានបង្ហាញពីផលវិជ្ជមាន ផងដែរនោះ គឺអាចបំពេញកម្លាំង​ពលកម្មនៅក្នុងស្រុក។
លោកបញ្ជាក់ថា«វាជួយបំពេញនូវកម្លាំងពលកម្មក្នុងទីផ្សារកម្ពុជា ក៏ចូលរួមចំណែកផងដែរក្នុងការរកចំណូល ចាយវាយ ក្នុងចរន្ត​សេដ្ឋកិច្ចកម្ពុជា»។

ចំណែក បណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកការ​វិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ គឺជាការបង្កើន​ឱកាស​កម្ពុជា ក្នុងការទាញយកកម្លាំងពលកម្ម និងការបង្កើតអាជីវកម្ម​លក្ខណៈ​គ្រួសារក្នុងស្រុកបន្ថែមទៀត។
លោកបញ្ជាក់ថា «ការវិលត្រឡប់នេះអាចបង្កើនឱកាសក្នុងការ​បង្កើត​អាជីវកម្មតូចៗ និងការផ្ទេរជំនាញពីក្រៅប្រទេសមក​អភិវឌ្ឍន៍​វិស័យ​ផលិតកម្មនៅកម្ពុជា»។

បើតាមធនាគារជាតិកម្ពុជា មុនពេលមានជម្លោះព្រំដែន ការផ្ញើប្រាក់​ពីប្រទេសថៃ មានជាង ៧០ភាគរយ នៃលំហូរប្រាក់​ពីបរទេសសរុប។ ប៉ុន្តែ ឆ្នាំ២០២៥ ការផ្ញើប្រាក់ពីថៃ ធ្លាក់មកត្រឹម ២៨ភាគរយ ប៉ុណ្ណោះ។

ទោះជា​យ៉ាងនេះក្តី ក្រសួងការងារកម្ពុជា បានរាយការណ៍ថា ពលករ​ខ្មែរត្រឡប់ពីថៃមកកម្ពុជា ប្រមាណ ៦៥ម៉ឺននាក់​ហើយទទួលបាន​ការងារធ្វើ ហើយកម្ពុជា កំពុងត្រូវការកម្លាំងពលកម្មច្រើនទៀតទាំងក្នុង​វិស័យកសិកម្ម និងឧស្សាហកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងការងារកាលពីចុងខែមីនា ប្រាក់ខែអប្បបរមារបស់កម្មករនៅក្នុងប្រទេសកម្ពុជា មានកម្រិតខ្ពស់​ជាងនៅប្រទេសវៀតណាម ឡាវ ឥណ្ឌា និងប៉ាគីស្ថាន ប៉ុន្តែនៅ​មានកម្រិតទាប់ជាងប្រទេសហ្វ៊ីលីពីន និងប្រទេសថៃ។
ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ កាលពីឆ្នាំ ២០២៥ បានជះឥទ្ធិពលជាអវិជ្ជមានដល់ពាណិជ្ជកម្មទ្វេភាគី ជាពិសេស​ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃ៕
ដោយ៖ខន​ ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា