អាជ្ញាធរព្រមានពីអាកាសធាតុក្ដៅអំឡុងពេលចូលឆ្នាំខ្មែរ អាចប៉ះពាល់សុខភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរព្រមានពីអាកាសធាតុក្ដៅអំឡុងពេលចូលឆ្នាំខ្មែរ អាចប៉ះពាល់សុខភាព

អាជ្ញាធរព្រមានពីអាកាសធាតុក្ដៅអំឡុងពេលចូលឆ្នាំខ្មែរ អាចប៉ះពាល់សុខភាព

អាជ្ញាធរកម្ពុជាបានព្រមានពីអាកាសធាតុក្ដៅនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ហើយបានក្រើនរំលឹកប្រជាពលរដ្ឋឱ្យថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

Advertisement

អាន៖ កាលថ្ងៃទី២មេសា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយស្ដីពីការព្យាករណ៍អាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំនេះ ជាពិសេសនានៅក្នុងអំឡុងពេលនៃការអបអរសារទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

បន្ទាប់ពីធ្វើការតាមដាន និងវិភាគបាតុភូតធម្មជាតិផ្សេងៗ ក្រសួងធនធានទឹកបានព្យាករថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ធាតុអាកាសនៅតំបន់វាលទំនាប ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ ព្រៃវែង កណ្ដាល និងរាជធានីភ្នំពេញ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងអតិបរមា ៤០អង្សាសេ ហើយពុំមានភ្លៀងធ្លាក់ទេ។

ដោយឡែក នៅតំបន់ខ្ពង់រាប ដូចជាខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ប៉ៃលិន រតនគិរី ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សាសេ និងមធ្យមអតិបរមា ៤០អង្សាសេ ហើយក៏ពុំមានភ្លៀងធ្លាក់ដែរ ។

ចំពោះតំបន់មាត់សមុទ្រវិញ ដូចជាខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ សីតុណ្ហភាពហាក់មានភាពគាប់ប្រសើរ ពោលគឺជាមធ្យម ចន្លោះពី ២៥អង្សាសេ ដល់ ៣៦អង្សាសេប៉ុណ្ណោះ និងពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ ។

ក្រសួងធនធានទឹក ណែនាំឱ្យសា្ថប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពពីការកើនឡើងនៃសីតុណ្ហភាពនេះ និងប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យ នៃភ្លើងឆេះព្រៃ ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុនៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ដោយឡែក ក្រសួងសុខាភិបាលវិញ នាថ្ងៃទី២មេសា ក៏បានចេញសេចក្ដីណែនាំក្រើនរំលឹកពីការថែរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងនេះផងដែរ ដែលអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក និងអ្នកមានជំងឺរ៉ាំរ៉ៃ ងាយធ្លាក់ខ្លួនឈឺជាយថាហេតុ។

ក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ចូលរួមអនុវត្តតាមការណែនាំក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ដូចជា៖ ត្រូវពិសាទឹកឱ្យបានញឹកញាប់ លើសពី ២លីត្រ ក្នុង ១ថ្ងៃ ចំពោះមនុស្សពេញវ័យ, ចៀសវាងស្ថិតក្រោមកម្ដៅថ្ងៃដោយផ្ទាល់យូរពេក, និងស្លៀកសម្លៀកបំពាក់ដែលអាចជួយការពារកម្ដៅ។

ក្រៅពីនេះ ក្រសួងណែនាំកុំឲ្យងូតទឹកត្រជាក់ភ្លាមៗបន្ទាប់ពីត្រឡប់ពីកន្លែងដែលមានកម្ដៅខ្លាំង, រក្សាអនាម័យខ្លួនប្រាណ និងលាងដៃឱ្យបានញឹកញាប់ ជាពិសេសគឺត្រូវចៀសវាងការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ និងអំបិលច្រើន ។

ប្រសិនបើមានរោគសញ្ញា ដូចជា៖ វិលមុខ ចង្អោរ ក្អួត ឈឺក្បាល រមូលសាច់ដុំ ត្រូវគិតថា ជាសញ្ញាដំបូងនៃផលប៉ះពាល់ដោយសារកម្ដៅ។ ក្នុងករណីនេះ ត្រូវផ្លាស់ប្ដូរទៅរកទីកន្លែងត្រជាក់ និងត្រូវសម្រាក ២ ទៅ ៣នាទី រួចពិសាទឹកត្រជាក់យឺតៗ ហើយកុំបន្តសកម្មភាព ព្រោះអាចមានហានិភ័យដល់សុខភាព។ ប្រសិនបើមិនធូរស្រាលក្នុងរយៈពេល១៥នាទី ឬអ្នកជំងឺសន្លប់មិនដឹងខ្លួន ត្រូវហៅរថយន្តគិលានសង្គ្រោះជាបន្ទាន់៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា