កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត

កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ។

Advertisement

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម ត្រិន កឹមទូ បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ និងឯកឧត្តម ឡេ មីញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីថ្មីវៀតណាម​ជូន​ចំពោះសម្តេចធីបតី ព្រមទាំងបានអបអរសាទរចំពោះសមិទ្ធផលនានាជាច្រើន ដែលកម្ពុជា សម្រេចបាននាពេលកន្លងមក។

ឯកឧត្តមមានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្តែងនូវ​ការពេញចិត្ត​ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលកំពុងឈានចូលដល់ដំណាក់កាលថ្មី ។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម និងគណៈប្រតិភូ និងបានអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនីស្ដវៀតណាម ព្រមទាំងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ​ វៀតណាម​ នាពេលថ្មីៗនេះ។

សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ច និងសមិទ្ធផលធំៗដែលបក្ស និងរដ្ឋវៀតណាមសម្រេចបាន។ ក្នុងឱកាសនោះ, សម្ដេចធិបតី ក៏បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ ជូនចំពោះឯកឧត្តមអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ និងឯកឧត្តម នាយករដ្ឋមន្ត្រីថ្មី នៃប្រទេសវៀតណាមផងដែរ។

សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះភាព​រីកចម្រើន​នៃទំនាក់​ទំនង​ និងកិច្ច​សហប្រតិបត្តិការ​ដ៍ល្អ​រវាង​ប្រទេសទាំងពីរ​ និងបាន​បញ្ជាក់ជាថ្មីនូវការបន្តពង្រឹង និងពង្រីកទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី និងឯកឧត្តម ត្រិន កឹមទូ ក៏បានពិភាក្សា​ និងផ្លាស់ប្ដូរយោបល់ អំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, សន្ដិសុខ និងការពារជាតិ, អប់រំ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា