ពលករ សហគមន៍ និស្សិតខ្មែរ នៅក្រៅប្រទេសមួយចំនួនប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំថ្មី​ ឆ្នាំមមី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលករ សហគមន៍ និស្សិតខ្មែរ នៅក្រៅប្រទេសមួយចំនួនប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំថ្មី​ ឆ្នាំមមី

ពលករ សហគមន៍ និស្សិតខ្មែរ នៅក្រៅប្រទេសមួយចំនួនប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំថ្មី​ ឆ្នាំមមី

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ឆ្នាំ២០២៦ប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក៏ដូចជានៅក្នុងប្រទេសដែរ ​ពលករ សហគមន៍ និស្សិតខ្មែរនៅក្រៅប្រទេសមួយចំនួន បាន​ជួបជុំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី​នៅតាមទីតាំងជាច្រើន ដោយមានពិធីសូត្រមន្តចម្រើនព្រះបរិត្ត ពិធីរាប់បាត្រ បង្សុកូល តាមកិច្ចប្រពៃណីសាសនា ការលេង​ល្បែងប្រជាប្រិយនានា ដែលបង្ហាញពីសាមគ្គីភាព​ជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរដើម្បីបន្តរក្សា​វប្បធម៌​ជាតិដ៏ផូរផង់ ។

Advertisement

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញថាមានការរៀបចំបុណ្យចូលឆ្នាំថ្មីនៅ
បីប្រទេស។

នៅប្រទេសជប៉ុន ពលករ សហគមន៍ខ្មែរនិងនិស្សិតខ្មែរបានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ចំនួន​១៣​ទីតាំង​ដោយមានអ្នកចូលរួមប្រមាណជាង៨ពាន់នាក់យ៉ាងសប្បាយរីករាយ និងអធិកអធម។

ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលធ្វើឡើងបានដោយមានការចូលរួមសហការរវាងបងប្អូនពលករ និងសហគមន៍​ខ្មែរ និងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារ​យុវជន​នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA)លើ១៣ទីតាំងក្នុងនោះរួមមានខេត្តអ៊ិបារ៉ាគិ ខេត្តហ្វូគូអូកា និងសួនUenoទីក្រុងតូក្យូជាដើម។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលបងប្អូនពលករ សហគមន៍ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន និងក្រុមការងាររួមគ្នា​ប្រារព្ធនាពេលនេះ ជាវេទិកាសំខាន់ដែលបង្ហាញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរដើម្បីបន្តរក្សា​វប្បធម៌ប្រពៃណី​ទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរដ៏សម្បូរបែប និងផូរផង់នៅលើឆាកអន្តរជាតិបើទោះបីជាស្ថិតនៅឯនាយ​សមុទ្រក៏ដោយ។

នៅប្រទេសកូរ៉េខាងត្បូងពលករ និងសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េប្រមាណ ២ម៉ឺននាក់បាន​រៀបចំអបអរសាទរពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំនួន១២ទីតាំងយ៉ាងអធិកអធមដែរ ដោយមានការសហការរវាងបងប្អូនពលករ និងសហគមន៍​ខ្មែរ និងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងក្រុម​ការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA) ដែលមានទាំងពិធីសាសនា ការលេងល្បែងប្រជាប្រិយ ការរាំកម្សាន្ត និងការជួបជុំពិសាអាហារដែលជាពេលវេលាដ៏សំខាន់សម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេសក្នុងការរួបរួមសាមគ្គីភាព បន្តរក្សា​ប្រពៃណី​ទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិដែលជាការពូនជ្រំ​សាមគ្គី​ភាព​របស់​បងប្អូន​ជនរួមជាតិខ្មែរតែមួយដែលកំពុងរស់នៅឯបរទេស។

លើសពីនេះពលករ សហគមន៍ខ្មែរ និងនិស្សិតដែលកំពុងធ្វើការងារនិងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានរៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរដែរ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA) នៅទីតាំងចំនួន២កន្លែង ។នេះជាការជួបជុំរួបរួមសាមគ្គីភាព បន្តរក្សាប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្ត​សញ្ញាណ​ជាតិខ្មែរឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិដែលមានទាំងពិធីសាសនា មានការលេងល្បែងប្រពៃណី ការរាំកម្សាន្ត និងការជួបជុំ​ពិសាអាហារដែលជាការពូនជ្រំសាមគ្គីភាពរបស់បងប្អូនជនរួមជាតិខ្មែរតែមួយ​បើទោះ​បីជានៅទីណាក៏ដោយ៕

ដោយ៖មុនី
រូបថតៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា