សេចក្តីប្រកាសព័ត៌មាន ៖ ក្រុមហ៊ុន Vietjet ប្រកាសបើកផ្លូវហោះហើរថ្មីចំនួនប្រាំជាមួយប្រទេសចិន ការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះ និងប្រព័ន្ធកាប៊ីនជាមួយដៃគូវិនិយោគចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេចក្តីប្រកាសព័ត៌មាន ៖ ក្រុមហ៊ុន Vietjet ប្រកាសបើកផ្លូវហោះហើរថ្មីចំនួនប្រាំជាមួយប្រទេសចិន ការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះ និងប្រព័ន្ធកាប៊ីនជាមួយដៃគូវិនិយោគចិន

សេចក្តីប្រកាសព័ត៌មាន ៖ ក្រុមហ៊ុន Vietjet ប្រកាសបើកផ្លូវហោះហើរថ្មីចំនួនប្រាំជាមួយប្រទេសចិន ការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះ និងប្រព័ន្ធកាប៊ីនជាមួយដៃគូវិនិយោគចិន

ភ្នំពេញ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីផ្លូវហោះហើរថ្មីចំនួនប្រាំរវាងប្រទេសវៀតណាម និងប្រទេសចិន ខណៈពេលដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរជាមួយក្រុមហ៊ុន SPDB Financial Leasing សម្រាប់ការជួលហិរញ្ញវត្ថុយន្តហោះ COMAC C909 ចំនួន ១០ គ្រឿង និងជាមួយក្រុមហ៊ុន AVIC Cabin Systems ដើម្បីអភិវឌ្ឍផ្នែកខាងក្នុងយន្តហោះ និងឧស្សាហកម្មគាំទ្រអាកាសចរណ៍។ គំនិតផ្តួចផ្តើមរួមបញ្ចូលគ្នានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រីកបណ្តាញរបស់ Vietjet ពង្រឹងសមត្ថភាពកងនាវាអាកាសចរ និងហិរញ្ញវត្ថុ និងជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាអាកាសចរណ៍រវាងប្រទេសវៀតណាម និងប្រទេសចិន ខណៈពេលដែលកំពុងបង្កើនការតភ្ជាប់បណ្តាញហោះហើរអាស៊ីប៉ាស៊ីហ្វិកកាន់តែទូលំទូលាយ។

Advertisement

សេចក្តីប្រកាសទាំងនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការ និងប្រធានាធិបតីវៀតណាម លោក To Lam ទៅកាន់ប្រទេសចិន តាមការអញ្ជើញរបស់អគ្គលេខាធិការ និងប្រធានាធិបតីចិន លោក Xi Jinping។

ការពង្រីកការតភ្ជាប់បណ្តាញហោះហើររវាងវៀតណាម និងចិន

នៅក្នុងសន្និសីទសហប្រតិបត្តិការវិនិយោគនៅទីក្រុងប៉េកាំង ក្រុមហ៊ុន Vietjet បានបង្ហាញផ្លូវហោះហើរថ្មីចំនួនប្រាំ៖ ហាណូយ-ហាងចូវ (Hangzhou) ហាណូយ-អ៊ិនស៊ី (Enshi) ហាណូយ-ហ័ងសាន (Huangshan) ទីក្រុងហូជីមិញ-គួយលីន (Guilin) និងទីក្រុងហូជីមិញ-ហ័ងសាន (Huangshan)។ ផ្លូវហោះហើរហាណូយ-អ៊ិនស៊ី (Enshi) និងទីក្រុងហូជីមិញ-គួយលីន (Guilin) បានដំណើរការចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៦។ ការបន្ថែមទាំងនេះពង្រីកបណ្តាញអន្តរជាតិដែលកំពុងរីកចម្រើនរបស់ Vietjet បន្ថែមទៀត ដោយបង្កើនការតភ្ជាប់រវាងមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍សំខាន់ៗ ខណៈពេលដែលគាំទ្រដល់ឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិន។

ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ក្រុមហ៊ុន Vietjet បានដំណើរការផ្លូវហោះហើរចំនួន ១៣១ រវាងវៀតណាម និងចិន ដោយបានបញ្ចប់ជើងហោះហើរជិត ៧០,០០០ និងដឹកអ្នកដំណើរប្រហែល ១៤.៥ លាននាក់ ដោយភ្ជាប់ទីក្រុងចំនួន ៥៥ របស់ប្រទេសចិនជាមួយគោលដៅសំខាន់ៗរបស់វៀតណាម។

ពង្រឹងយុទ្ធសាស្ត្រហិរញ្ញវត្ថុអាកាសចរណ៍ និងកងនាវាអាកាសចរ

ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនរបស់ខ្លួន ក្រុមហ៊ុន Vietjet ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន SPDB Financial Leasing (SPDBFL) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ Shanghai Pudong Development Bank ដើម្បីផ្តល់ហិរញ្ញប្បទានដល់យន្តហោះតាមរយៈការជួលប្រតិបត្តិការ ជាមួយនឹងទំហំធំ និងកម្រិតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដែលគ្របដណ្តប់លើយន្តហោះ COMAC C909 រហូតដល់ ១០ គ្រឿង។

វាគឺជាមូលដ្ឋានគ្រឹះសម្រាប់យន្តហោះ COMAC នៅលើផ្លូវហោះហើររវាងវៀតណាម និងចិន ដោយគាំទ្រដល់ការពង្រីកបណ្តាញបន្តរបស់ក្រុមហ៊ុនអាកាសចរណ៍។ កិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឱ្យក្រុមហ៊ុន Vietjet ពង្រីក និងធ្វើទំនើបកម្មកងនាវាអាកាសចររបស់ខ្លួនតាមរយៈរចនាសម្ព័ន្ធហិរញ្ញវត្ថុចម្រុះ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងពង្រឹងការចូលទៅកាន់ទីផ្សារមូលធនអន្តរជាតិ។ កំណើនកងនាវាអាកាសចរនេះ ត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការពង្រីកសមត្ថភាពហោះហើរនៅទូទាំងបណ្តាញអន្តរជាតិដ៏ទូលំទូលាយរបស់ Vietjet ដែលជួយរក្សាតម្លៃសំបុត្រប្រកួតប្រជែង និងតម្រូវការធ្វើដំណើរកើនឡើងនៅទូទាំងតំបន់។

ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអាកាសចរណ៍ និងការអភិវឌ្ឍឧស្សាហកម្ម

ដើម្បីបំពេញបន្ថែមបណ្តាញ និងការពង្រីកកងនាវាអាកាសចររបស់ខ្លួន ក្រុមហ៊ុន Vietjet ក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយក្រុមហ៊ុន AVIC Cabin Systems ដើម្បីអភិវឌ្ឍផ្នែកខាងក្នុងយន្តហោះ និងពង្រឹងឧស្សាហកម្មគាំទ្រអាកាសចរណ៍។ ភាពជាដៃគូនេះ ក៏លើកកម្ពស់ការធ្វើមូលដ្ឋានីយកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាផងដែរ តាមរយៈការសហការជាមួយ Jiatai ដែលជាសមាជិករបស់ក្រុមហ៊ុន AVIC Cabin Systems។

គំនិតផ្តួចផ្តើមសហប្រតិបត្តិការជាច្រើន ត្រូវបានប្រកាសនៅទូទាំងហិរញ្ញវត្ថុអាកាសចរណ៍ វិស្វកម្ម ភស្តុភារ និងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយបង្ហាញពីនិន្នាការកើនឡើងនៃភាពជាដៃគូកាន់តែស៊ីជម្រៅ និងរួមបញ្ចូលគ្នារវាងក្រុមហ៊ុនអាកាសចរណ៍ ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនឧស្សាហកម្ម។ កិច្ចសហការទាំងនេះ កំពុងបង្កើតឱកាសថ្មីៗសម្រាប់ការវិនិយោគ ពង្រឹងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងគាំទ្រដល់កំណើនរយៈពេលវែង និងប្រកបដោយចីរភាពនៅទូទាំងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក។

ការផ្តល់កិត្តិយសដល់កិច្ចសហប្រតិបត្តិការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស

ក្នុងឱកាសនេះ សាកលវិទ្យាល័យ COMAC បានប្រគល់ងារជាសាស្ត្រាចារ្យកិត្តិយសដល់លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet ទទួលស្គាល់ពីការចូលរួមចំណែករបស់លោកស្រីចំពោះការស្រាវជ្រាវ និងអភិវឌ្ឍន៍អាកាសចរណ៍ ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកស្រីបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ “កិច្ចសហការរវាងក្រុមហ៊ុន Vietjet និងដៃគូឈានមុខគេរបស់ចិនកំពុងបើកឱកាសអភិវឌ្ឍន៍ថ្មីៗ មិនត្រឹមតែសម្រាប់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចដ៏ទូលំទូលាយ។ នៅក្នុងពិភពលោកដែលកំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងឆាប់រហ័ស ទំនាក់ទំនងដែលបង្កើតឡើងដោយផ្អែកលើទំនុកចិត្ត ចក្ខុវិស័យរយៈពេលវែង និងតម្លៃរួម នឹងបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យប្រកបដោយចីរភាព”។

ជាមួយនឹងការពង្រីកបណ្តាញហោះហើរជាបន្តបន្ទាប់ និងការពង្រឹងភាពជាដៃគូនៅទូទាំងហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការអភិវឌ្ឍឧស្សាហកម្ម ក្រុមហ៊ុន Vietjet កំពុងជំរុញខ្លួនឱ្យក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងការតភ្ជាប់បញ្តាញហោះហើរក្នុងតំបន់ និងនវានុវត្តន៍អាកាសចរណ៍។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃពីសៀមរាប-ហាណូយ ដោយផ្តល់ជូនអ្នកដំណើរពីកម្ពុជានូវភាពបត់បែនកាន់តែច្រើន និងការតភ្ជាប់ការធ្វើដំណើរទៅកាន់រដ្ឋធានីនៃប្រទេសវៀតណាមបានយ៉ាងងាយស្រួល ដែលជាច្រកទ្វារសំខាន់មួយនៅក្នុងបណ្តាញអន្តរជាតិដែលកំពុងរីកចម្រើនរបស់ Vietjet។ ពីទីក្រុងហាណូយ អ្នកដំណើរមកពីប្រទេសកម្ពុជាអាចតភ្ជាប់ទៅកាន់គោលដៅនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកបានយ៉ាងរលូន រួមទាំងទីក្រុងធំៗរបស់ប្រទេសចិន ដូចជា៖ ទីក្រុងប៉េកាំង សៀងហៃ និងក្វាងចូវជាដើម។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមានតួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +84 932 775 066

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា