រដ្ឋមន្ត្រីការបរទេស និងការពារជាតិចិន នឹងមកកម្ពុជាពិភាក្សាលើវិស័យសន្តិសុខ និងនយោបាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការបរទេស និងការពារជាតិចិន នឹងមកកម្ពុជាពិភាក្សាលើវិស័យសន្តិសុខ និងនយោបាយ

រដ្ឋមន្ត្រីការបរទេស និងការពារជាតិចិន នឹងមកកម្ពុជាពិភាក្សាលើវិស័យសន្តិសុខ និងនយោបាយ

ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងចិន-កម្ពុជា រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិចិននឹងមកប្រជុំ ២+២ ជាមួយរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការសន្តិសុខ និងនយោបាយ។

Advertisement

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្ដីទីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ថា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំលើកដំបូងនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា។

អ្នកនាំពាក្យដដែលបានគូសបញ្ជាក់ថា កិច្ចប្រជុំយុទ្ធសាស្ត្រនេះនឹងផ្ដោតលើចំណុចគន្លឹះមួយចំនួន ជាពិសេសការពង្រឹងអំណាចនយោបាយ និងកងទ័ព និងការជំរុញកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែមានឥទ្ធិពល និងរឹងមាំ។ លើសពីនេះ ភាគីទាំងពីរគ្រោងនឹងពិភាក្សាអំពីការបង្កើនសកម្មភាពរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសឆបោកតាមអនឡាញ ដែលជាបញ្ហាក្ដៅក្នុងតំបន់។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេស ការបង្ហាញវត្តមានរបស់មន្ត្រីជាន់ខ្ពស់ចិននៅពេលនេះ គឺជាសញ្ញាដ៏សំខាន់បង្ហាញពីការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។

ឯកឧត្តម ចាន់ រតនា សង្កត់ធ្ងន់ថា កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» នេះ មិនត្រឹមតែជាការរឹតចំណងមិត្តភាពគ្រប់រដូវកាលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃការត្រៀមខ្លួនជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ រវាងមិត្តដែកថែបទាំងពីរ ដើម្បីធានាបាននូវសន្តិសុខ និងស្ថិរភាពយូរអង្វែងសម្រាប់ជាតិ និងប្រជាជន។

តាមគម្រោង ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំយុទ្ធសាស្ត្រនេះ រដ្ឋមន្ត្រីទាំងពីររូបរបស់ចិនក៏មានកម្មវិធីចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ដោយឡែក បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរួមនៅថ្ងៃទី២៣ ខែមេសា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នឹងបន្តធ្វើទស្សនកិច្ចផ្លូវការ ដើម្បីពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងគោលបំណងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមរម្លឹកថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ ភាគីទាំងពីរបានសម្រេចឯកភាពគ្នាជាប្រវត្តិសាស្ត្រ ក្នុងការបង្កើតយន្តការសន្ទនាថ្មីមួយហៅថា “២+២” (ឬ ធូប្លាស់ធូ)។ យន្តការយុទ្ធសាស្ត្រនេះ គឺជាវេទិកាពិភាក្សាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងនយោបាយឱ្យកាន់តែស៊ីជម្រៅ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា