ប្រមុខការទូតកម្ពុជា-ថៃពិភាក្សាទ្វេភាគីលើកដំបូងពីបញ្ហាព្រំដែន ក្រោយខកខានជួបគ្នាជាង៤ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការទូតកម្ពុជា-ថៃពិភាក្សាទ្វេភាគីលើកដំបូងពីបញ្ហាព្រំដែន ក្រោយខកខានជួបគ្នាជាង៤ខែ

ប្រមុខការទូតកម្ពុជា-ថៃពិភាក្សាទ្វេភាគីលើកដំបូងពីបញ្ហាព្រំដែន ក្រោយខកខានជួបគ្នាជាង៤ខែ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

Advertisement

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបានពិភាក្សាគ្នាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងមានស្រាប់ទាំងអស់ ដែលចងភ្ជាប់ប្រទេសកម្ពុជា និងថៃ។

សូមបញ្ជាក់ថា ជំនួបនៅប្រទេសប្រ៊ុយណេនាពេលនេះ គឺជាការជួបគ្នាជាលើកដំបូងរបស់ប្រមុខការទូតកម្ពុជា-ថៃ បន្ទាប់ពីជំនួបចុងក្រោយ ធ្វើឡើងកាលពីចុងឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ដោយមានការសម្របសម្រួលពីភាគីមិត្តចិន។

ការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ជារបៀបវារៈសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន លោក វ៉ាង យី កាលពីសប្តាហ៍មុននៅប្រទេសកម្ពុជា និងបន្ទាប់មកនៅប្រទេសថៃ។ ចិនអំពាវនាវឲ្យប្រទេសទាំងពីរប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីពង្រឹងការសន្ទនា ស្តារទំនុកចិត្ត និងធ្វើឲ្យទំនាក់ទំនងទ្វេភាគីប្រសើរឡើងវិញ។

ទោះបីជាកន្លងមក ប្រទេសទាំងពីរបង្ហាញការប្តេជ្ញាចិត្តក្នុងការស្តារសន្តិភាពតាមព្រំដែន ប៉ុន្តែជាក់ស្ដែង ភាគីថៃតែងតែបន្តរំលោភបំពានលើការឯកភាពគ្នា។ យោធាថៃមិនបញ្ឈប់មហិច្ចតាពង្រឹងការគ្រប់គ្រងលើដែនដីខ្មែរ ដែលខ្លួនបានរំលោភកាន់កាប់នោះទេ ថ្វីបើមានការតវ៉ាយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ពីប្រទេសកម្ពុជាក៏ដោយ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា